ផ្សោតក្បាលត្រឡោក ជារតនសម្បត្តិជាតិ និងជាសត្វដ៏កម្រកំពុងមានវត្តមាននៅកម្ពុជា

(ភ្នំពេញ)៖ សត្វផ្សោតគឺជាថនិកសត្វ ដែលចិញ្ចឹមកូនដោយទឹកដោះ។ វាបង្កកំណើតចន្លោះពី ២ ទៅ ៣ឆ្នាំ ហើយផ្សោតញីត្រូវពពោះរយៈពេល ១៤ខែ ដោយកើតម្តង បានកូនតែ ១ក្បាលប៉ុណ្ណោះ។

ក្រសួងកសិកម្មបានឱ្យដឹងថា ផ្សោតក្បាលត្រឡោកត្រូវបានអ្នកជំនាញ រកឃើញថាមានទីជម្រកពីរខុសគ្នារវាងដែនទឹកសមុទ្រ និងទឹកសាបហើយមានរូបរាងដូចគ្នា។ ប្រវែងដងខ្លួនរបស់វាទើបកើតមកមានប្រវែង ៩០-១០០ស.ម ពេញវ័យ ២,៣២-២,៧៥ម និងកូនទើបកើតមានទម្ងន់ ១០-១២គ.ក ពេញវ័យ ១៣០គ.ក។

ផ្សោតក្បាលត្រឡោក វាគ្មានចំពុះទេ ក្បាលមាំរាងមូល រីឯព្រុយខ្នងមានទំរង់ផ្សេងៗគ្នា។ផ្នែកខាងខ្នង និងចំហៀងសង្ខាងមានពណ៌ប្រផេះចាស់ ឯពោះមានពណ៌ប្រផេះស្រាល។ ព្រុយចំហៀងមានទំហំធំវែងរាងដូចច្រវ៉ា។

ការរស់នៅ ផ្សោតប្រភេទនេះ តែងហែល និងក្រឡាប់ខ្លួនលើផ្ទៃទឹកយឺតៗ ហើយងើបដកដង្ហើមក្នុងបរិយាកាស រយៈពេលពី៧០-១៥០ វិនាទីម្តង។ ផ្សោតក្បាលត្រឡោកញីអាចបន្តពូជបានចាប់ពីអាយុ ៧ឆ្នាំឡើងទៅ និងរយៈពេលពពោះគឺ ១៤ខែ។

សត្វផ្សោតប្រភេទនេះ វាត្រូវបានឃើញមាននៅរស់នៅក្នុងក្រុងព្រះសីហនុ បណ្តោយឆ្នេរខេត្តកោះកុង (ចំណុចប្រសព្វរវាងទឹកប្រៃ-សាប)។

ស្ថានភាពអភិរក្ស ផ្សោតមេគង្គជាប្រភេទមានដោយកម្រ និងបានចុះបញ្ជីក្រហម IUCN (LR) ជាប្រភេទរងគ្រោះតិចតួច ប៉ុន្តែវាត្រូវបានចាត់ថ្នាក់នៅក្នុងឧបសម្ព័ន្ធទី១ នៃអនុសញ្ញា CITES ។ សត្វផ្សោតប្រភេទនេះងាយគ្រោះថ្នាក់នៅពេលជម្រៅទឹកមានកម្រិតរាក់ខ្លាំង ដែលមិនបង្កលក្ខណៈឲ្យវាហែលចាប់ចំណីបាន។ ជាពិសេសចំពោះផ្សោតទន្លេ វាកំពុងរងគ្រោះថ្នាក់ដោយសារជាប់សំណាញ់អ្នកនេសាទ និងការប្រែប្រួលជម្រៅ និងគុណភាពនៃទឹកទន្លេជាដើម ៕

ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner