ការសិក្សាអប់រំ ជាវិស័យអាទិភាពមួយ ក្នុងការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជាតិ

(កំពង់ធំ)៖ ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា បានគូសបញ្ជាក់ថា ការសិក្សាអប់រំ ជាអាទិភាពមួយដ៏សំខាន់ ក្នុងការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជាតិ ដោយរាជរដ្ឋាភិបាល បានស្ដារ និងពង្រឹងវិស័យអប់រំជាបន្តបន្ទាប់ ក្នុងគោលដៅ បង្កើតធនធានមនុស្ស ឱ្យបានគ្រប់ទិសទី ។

ឯកឧត្តម ស៊ុ សន្និសិទ្ធ ទេសាភិបាលរង តំណាងលោកជំទាវ ជា សិរី អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា បានថ្លែងដូច្នេះ នៅក្នុងពិធីសម្ភោធអគារសិក្សា សាលាបឋមសិក្សាអូរទឹកថ្លា ស្ថិតនៅឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី ២២ ខែ មេសា ឆ្នាំ ២០២៤ ។

ឯកឧត្តម បានលើកឡើងថា ក្រោមដំបូលសន្តិភាព ដែលដឹកនាំ ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា និងបច្ចុប្បន្ន មានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បានចាត់ទុកការសិក្សាអប់រំ ជាអាទិភាពមួយដ៏សំខាន់ ក្នុងការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជាតិ។ ក្នុងន័យនេះ រាជរដ្ឋាភិបាល បានស្ដារ និងពង្រឹង វិស័យអប់រំជាបន្តបន្ទាប់ ជាក់ស្តែង, ខេត្តកំពង់ធំ ឯកឧត្តម ជា ចាន់តូ អគ្គទេសាភិបាលកិត្តិយស នៃធនាគារជាតិនៃកម្ពុជា និងជា តំណាងរាស្ត្រមណ្ឌលកំពង់ធំ តែងតែបានខិតខំប្រឹងប្រែង អស់ពីកម្លាំងកាយចិត្ត កសាងសមិទ្ធិផលជាច្រើននៅក្នុងខេត្ត ដែលក្នុងនោះ មានការកសាងអគារសិក្សា ទាំងសាលាបឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យជាដើម។

ឯកឧត្តម ក៏បានថ្លែងអំណរគុណចំពោះធនាគារ ខេប៊ី ប្រាសាក់ ម.ក ដែលចំណាយថវិកាសាងសង់អគារ សាលាបឋមសិក្សា អូរទឹកថ្លាថ្មីនេះ តាមសំណូមពររបស់ធនាគារជាតិនៃកម្ពុជា។ ដោយការចូលរួមនេះ, សបញ្ជាក់ពីទឹកចិត្តដ៏ថ្លៃថ្លា របស់ធនាគារ ក៏ដូចជាថ្នាក់ដឹកនាំរបស់ធនាគារទាំងអស់ ក្នុងការចូលរួមចំណែកអភិវឌ្ឍសង្គម និងធនធានមនុស្ស នៅកម្ពុជា។

លោក ឡង គីសឹង អភិបាលស្រុកសន្ទុក ខេត្តកំពង់ធំ ថ្លែងថា វត្តមានប្រកបដោយកាយវិការដ៏ប្រពៃ របស់ឯកឧត្ដមនាពេលនេះ បានបង្ហាញអោយឃើញច្បាស់ អំពីគុណតម្លៃរបស់ថ្នាក់ដឹកនាំ និងភាពជាអ្នកដឹកនាំប្រកបដោយគុណធម៌ ដែលជានិច្ចកាលតែងតែផ្សារភ្ជាប់ខ្លួន ជាមួយសុខទុក្ខបងប្អូនប្រជាពលរដ្ឋ លោកគ្រូ-អ្នកគ្រូ សិស្សានុសិស្សគ្រប់គ្រឹះស្ថានសិក្សា នៅ មូលដ្ឋាន។

សូមបញ្ជាក់ថា នៅក្នុងពិធីនេះដែរ, ឯកឧត្តមទេសាភិបាលរង បានឧបត្ថម្ភថវិកាចំនួន ២ លានរៀល និងសម្ភារៈកីឡា១ឈុត ដល់ សាលាបឋមសិក្សាអូរទឹកថ្លា, និងសម្ភារៈកីឡា១ឈុតទៀត ដល់សាលាបឋមសិក្សាបង្គីតាំងរ៉េន, លោកគ្រូ-អ្នកគ្រូ ម្នាក់ៗទទួលបាន អាវយឺត១ ថង់យួរ១ និងថវិកា ៤ ម៉ឺនរៀល, សិស្សានុសិស្សម្នាក់ៗទទួលបានថង់១ សៀវភៅ ប៊ិច និងប្រអបសម្ភារៈសិក្សា, មាតា បិតាសិស្សម្នាក់ៗ ទទួលបានអាវយឺតមួយ ថង់១ រួមជាមួយការទទួលទានអាហារ ផងដែរ៕

អត្ថបទ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner