អឺរ៉ុបខាតបង់រាប់ពាន់លានដុល្លារក្នុងឆ្នាំ២០២៣ ដោយសារការប្រែប្រួលអាកាសធាតុ

ប៉ារីស៖ រលកកំដៅក្តៅខ្លាំង ដែលបង្កឡើងពីការប្រែប្រួលអាកាសធាតុ បានវាយប្រហារទូទាំងតំបន់អឺរ៉ុបក្នុងឆ្នាំ២០២៣ ដោយទីភ្នាក់ងារតានដានអាកាសធាតុឈានមុខគេចំនួនពីរ នៅថ្ងៃចន្ទនេះ បានគូសបញ្ជាក់ពីការគំរាមកំហែងនៃរដូវក្តៅដ៏អាក្រក់នៅទូទាំងទ្វីបនេះ។

ក្នុងរយៈពេលមួយឆ្នាំ គឺនៅឆ្នាំ២០២៣ អឺរ៉ុបបានជួប្រទះនូវរលកកំដៅក្តៅខ្លាំង បូករួមទាំងគ្រោះមហន្តរាយទឹកជំនន់ គ្រោះរាំងស្ងួត ខ្យល់ព្យុះដ៏ខ្លាំងក្លា និងភ្លើងឆេះព្រៃដ៏ធំបំផុតផងដែរ។

គ្រោះមហន្តរាយទាំងនេះ បានធ្វើឱ្យខាតបង់សេដ្ឋកិច្ចគិតជាទឹកប្រាក់រាប់ពាន់លានដុល្លារ និងប៉ះពាល់ដល់អាយុជីវិតមនុស្សជាងពីរលាននាក់ នេះបើតាមការបញ្ជាក់ពីសេវាឧតុនិយម Copernicus របស់សហភាពអឺរ៉ុប និងអង្គការឧតុនិយមពិភពលោក (WMO) របស់អង្គការសហប្រជាជាតិនៅក្នុងរបាយការណ៍រួមថ្មីមួយ។

អ្នកវិទ្យាសាស្ត្រផ្នែកឧតុនិយមនៅ Copernicus លោកស្រី Rebecca Emerton បាននិយាយថា យើងកំពុងជួបប្រទះនូវការកើនឡើងកំដៅក្តៅខ្លាំងនៅទូទាំងទ្វីបអឺរ៉ុប ជាពិសេសនៅក្នុងឆ្នាំ២០២៣។ លោកស្រី Emerton បានបញ្ជាក់ថា អាកាសធាតុក្តៅខ្លាំង គឺជាពេលដែលសីតុណ្ហភាពកើនឡើងលើសពី ៤៦អង្សាសេ ដូច្នេះគ្រប់គ្នាចាំបាច់ត្រូវចាត់វិធានការ ដើម្បីជៀសវាងមានហានិភ័យដល់សុខភាព ដូចជាជំងឺដាច់សរសៃឈាមខួរក្បាលជាដើម។

យោងតាមរបាយការណ៍បានឱ្យដឹងទៀតថា រលកកម្តៅចំនួន២៣ ក្នុងចំណោម៣០រលកកំដៅដ៏អាក្រក់បំផុតនៅក្នុងកំណត់ត្រានៅអឺរ៉ុប បានកើតឡើងក្នុងសតវត្សនេះ ហើយការស្លាប់ដោយសាររលកកំដៅក៏បានកើនឡើងប្រហែល ៣០ភាគរយផងដែរ ក្នុងរយៈពេល ២០ឆ្នាំកន្លងមកនេះ៕

ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner