អ្នកសារព័ត៌មានជុំវិញពិភពលោក បារម្ភពីកំណើន AI

បរទេស៖ ក្នុងមហោស្រពសារព័ត៌មានអន្តរជាតិ នៅប្រទេសអ៊ីតាលី កាលពីថ្ងៃអាទិត្យ មានការលើកឡើងពីក្តីកង្វល់ លើតួនាទីរបស់ AI ក្នុងការជំនួសការងាររបស់អ្នកសារព័ត៌មាន កាន់តែខ្លាំង។

ឧបករណ៍ AI ដែលធ្វើត្រាប់តាមបញ្ញារបស់មនុស្ស កំពុងត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយ នៅក្នុងបន្ទប់ព័ត៌មាន ជុំវិញពិភពលោក ដូចជា ការថតជាសំឡេង សង្ខេបអត្ថបទព័ត៌មាន និងបកប្រែព័ត៌មាន ព្រមទាំង បង្កើតជារូបភាពផ្សេងៗ ជាដើម។

នៅដើមឆ្នាំ២០២៣ ក្រុមហ៊ុន Media ដ៏ធំ នៅប្រទេសអាល្លឺម៉ង់ ឈ្មោះ Axel Springer បានប្រកាសថា ខ្លួនកំពុងកាត់បន្ថយការងារបុគ្គលិក នៅស្ថាប័នកាសែត Bild និង Die Welt ដោយនិយាយថា AI ឥឡូវនេះ អាចជំនួសការងារមួយចំនួន របស់អ្នកសារព័ត៌មាន។

យ៉ាងណាមិញ ក៏មានការចោទជាសំណួរយ៉ាងធ្ងន់ធ្ងរ អំពីរបៀបធ្វើព័ត៌មានរបស់ AI ទាក់ទងនឹងការក្លែងបន្លំមាតិកា ជាដើម។ ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ និងបច្ចេកវិទ្យា កំពុងសហការគ្នា ដើម្បីដោះស្រាយការគំរាមកំហែងនេះ ដោយស្វែងរកការកំណត់ស្តង់ដាររួម។

ជុំវិញរឿងនេះ លោកស្រី Sophie Huet នាយកព័ត៌មានផ្នែកបញ្ញាសិប្បនិមិត្ត ប្រចាំនៅ AFP បាននិយាយថា «ស្នូលនៃការងាររបស់យើង គឺការប្រមូលព័ត៌មាន និង ការរាយការណ៍ផ្ទាល់ ពីកន្លែងកើតហេតុ»។

លោកស្រីបានបន្ថែមទៀតថា បើទោះបីជា AI អាចជំនួសជំនាញខ្លះ របស់អ្នកសារព័ត៌មាន ក៏ប៉ុន្តែ យើងនៅតែពឹងលើអ្នកយកព័ត៌មាន ដដែល។

កាលពីឆ្នាំមុន អង្គការអ្នកសារព័ត៌មានគ្មានដែនកំណត់ ឬ Reporters Without Borders បានផ្តើមពង្រឹងការការពារព័ត៌មាន គួរឱ្យទុកចិត្ត ដោយបានចាប់ផ្តើមបង្កើត «ធម្មនុញ្ញប៉ារីសស្តីពី AI និងសារព័ត៌មាន»៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner