ពិធីជួបជុំរវាងអ្នកសារព័ត៌មាន ជាមួយប្រមុខ រាជរដ្ឋាភិបាល ដែលគ្រោង ធ្វើឡើង នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៤ គឺស្របគ្នា នៃការប្រារព្ធទិវា សេរីភាព សារព័ត៌មានពិភពលោក

(ភ្នំពេញ)៖ ពិធីជួបជុំរវាងអ្នកសារព័ត៌មាន ជាមួយប្រមុខរាជរដ្ឋាភិបាល ដែលគ្រោងធ្វើឡើងនៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៤ គឺស្របគ្នានៃការប្រារព្ធទិវាសេរីភាពសារព័ត៌មានពិភពលោក។ ការសម្រេចជ្រើសរើសយកថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៤ សម្រាប់ជំនួបរវាងអ្នកសារព័ត៌មាន ជាមួយនឹងប្រមុខរាជរដ្ឋាភិបាល គឺជាការសម្រេចរបស់ សម្ដេចធិបតីនាយករដ្ឋមន្រ្ដី ក៏ដូចជាការសម្រេចរបស់រាជរដ្ឋាភិបាលផងដែរ ។

នេះគឺជាប្រសាសន៍លើកឡើងរបស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន ជាប្រធានគណៈកម្មការរៀបចំ នាព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ ក្នុងកិច្ចប្រជុំគណៈកម្មការរៀបចំពិធីរៀបចំជួបជុំរវាង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយកមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ជាមួយអ្នកសារព័ត៌មាន លើកទី៦ ឆ្នាំ២០២៤ ដើម្បីពិនិត្យឡើងវិញនូវរាល់កិច្ចការងារដែលអនុគណៈកម្មការនីមួយៗសម្រេចអនុវត្តន៍បាន និងពន្លឿនកិច្ចការងារដែលនៅសេសសល់អោយបានឆាប់រួចរាល់ ដើម្បីបង្ករភាពងាយស្រួលដល់អ្នកសារព័ត៌មានចុះឈ្មោះ និងត្រៀមចូលរួមកម្មវិធីជួបជុំរវាង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយកមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ជាមួយអ្នកសារព័ត៌មានលើកទី៦ ថ្ងៃទី០៣ ខែឧសភឆ្នាំ២០២៤ ខាងមុខនេះ ។
ដើម្បីធ្វើឱ្យកម្មវិធីដំណើរការទៅដោយរលូន និងទទួលបានជោគជ័យ ក្រសួងព័ត៌មាន បានបង្កើតគណៈកម្មការមួយដើម្បីដឹកនាំ ចាត់ចែង និងត្រួតពិនិត្យដំណើរការរៀបចំពិធីជួបជុំរវាង សម្តេចធិបតី នាយករដ្ឋមន្ត្រី ជាមួយអ្នកសារព័ត៌មានលើកទី៦ ឆ្នាំ២០២៤ ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៤ ដោយធ្វើការសម្របសម្រួល និងសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធលើដំណើរការចាត់ចែង និងរៀបចំពិធីណែនាំ និងផ្តល់អនុសាសន៍ដឹកនាំដល់អនុគណៈកម្មការទាំងអស់ លើការអនុវត្តតួនាទី និងភារកិច្ច ដែលបានកំណត់ឮក្នុងការធ្វើយ៉ាងណារៀបចំកម្មវិធីអោយបានល្អ និងប្រកបដោយសាមគ្គីភាព និងភាពសប្បាយរីករាយ ។

ក្រសួងព័ត៌មាន នឹងត្រៀមរៀបចំជំនួបនេះ ហើយក៏នឹងប្រមូលនូវបញ្ហា និងកង្វល់នានាដែលស្ថានីយវិទ្យុ ទូរទស្សន៍ និងអ្នកសារព័ត៌មាន បានលើកឡើងដាក់ជាសំណើក្នុងក្របខណ្ឌរួមមួយដើម្បីដាក់ជូន សម្ដេចធិបតីនាយករដ្ឋមន្រ្ដី ពិនិត្យ និងដោះស្រាយ។

សូមរំលឹកដែរថា ជារៀងរាល់ឆ្នាំនៅថ្ងៃទី១៤ ខែមករា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្ដី បានអនុញ្ញាតឱ្យរៀបចំកម្មវីធីជំនួបរវាងអ្នកសារព័ត៌មាន ជាមួយនាយករដ្ឋមន្រ្ដី ដើម្បីផ្ដល់ឱកាសដល់អ្នកសារព័ត៌មានអាចជជែកពិភាក្សា ការលើកឡើងពីបញ្ហា សំណូមពរ ឬកង្វល់ផ្សេងៗ ដើម្បីដាក់ជូនប្រមុខរាជរដ្ឋាភិបាលពិនិត្យ និងជួយ ដោះស្រាយ។ ជំនួបនេះ ក៏ជាការបង្ហាញនូវការចូលរួមលើក កម្ពស់សិទ្ធិសេរីភាពសារព័ត៌មាន និងការបញ្ចេញមតិនៅកម្ពុជា ។

គិតចាប់តាំងពីឆ្នាំ២០១៧ រហូតមកដល់ឆ្នាំ២០២៣នេះ ជំនួបរវាងអ្នកកសារព័ត៌មានជាមួយ នាយករដ្ឋមន្រ្ដី គឺបានធ្វើឡើងចំនួន ៥លើក រួចមកហើយ ប៉ុន្តែត្រូវខកខានធ្វើនៅឆ្នាំ២០២១ និង ឆ្នាំ២០២២ ដោយសារការរីករាលដាលនៃជម្ងឺកូវីដ-១៩ ប៉ុន្តែនៅក្នុងអាណត្តិទី៧ ក្រោមការដឹកនាំរបស់សម្តេចធិបតីនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានសម្រេចឱ្យមានការរៀបចំពិធីជួបជុំឡើងវិញរវាង នាយករដ្ឋមន្រ្តី និងអ្នកសារព័ត៌មាន ជារៀងរាល់ឆ្នាំនៅថ្ងៃទី០៣ ខែឧសភា ចាប់ពីឆ្នាំ២០០៤ នេះតទៅ ៕

ដោយ ង៉ាន់ ទិត្យ
រូបភាព រិន រចនា

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner