ផលិតផលកសិកម្មរបស់កម្ពុជាចំនួន ២ប្រភេទបន្ថែមទៀត ចិនទទួលយក ទៅលក់នៅទីផ្សាររបស់ខ្លួន

(ភ្នំពេញ)៖ ផលិតផលកសិកម្មរបស់កម្ពុជាចំនួន២ប្រភេទបន្ថែមទៀត គឺចំណីសត្វឆ្កែពាក់កណ្ដាលសម្រេចធ្វើពីស្បែកគោ និងផ្លែដូងស្រស់ ត្រូវបានរដ្ឋាភិបាលចិនឯកភាពទទួលយក សម្រាប់ការនាំចូលទៅកាន់ទីផ្សាររបស់ខ្លួន។

ពិធីសារទាក់ទងនឹងការធ្វើចត្តាឡីស័ក និងលក្ខខណ្ឌតម្រូវអនាម័យសម្រាប់ផលិតផលចំណីសត្វឆ្កែពាក់កណ្ដាលសម្រេចធ្វើពីស្បែកគោ សម្រាប់ការនាំចេញពីប្រទេសកម្ពុជា ទៅកាន់ប្រទេសចិន និងការនាំចេញដូងស្រស់របស់កម្ពុជាទៅកាន់ទីផ្សារប្រទេសចិន ត្រូវបានធ្វើពិធីចុះហត្ថលេខា ដោយមានសក្ខីភាពពី ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងឯកឧត្តម វ៉ាង យី (WANG YI) ប្រធានការិយាល័យគណៈកម្មការកិច្ចការបរទេសនៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តចិន និងជារដ្ឋមន្ត្រីការបរទេសចិន ក្រោយកិច្ចប្រជុំគណៈកម្មការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន លើកទី៧ ដែលធ្វើឡើងនៅក្នុងរាជធានីភ្នំពេញ ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤។

ក្នុងកិច្ចប្រជុំនេះ ក៏មានការចុះហត្ថលេខាលើលិខិតប្ដូរសារស្ដីពីការផ្ដល់ជំនួយរបស់ប្រទេសចិនសម្រាប់គម្រោងផ្គត់ផ្គង់ទឹកស្អាតនៅជនបទក្នុងប្រទេសកម្ពុជា ដំណាក់កាលទី២ និងពិធីប្រគល់ និងទទួលនូវគម្រោងផែនការមេអភិវឌ្ឍកសិកម្មនៅកម្ពុជា ព្រមទាំងពិធីសម្ពោធជាផ្លូវការនូវសៀវភៅកំណត់ហេតុរបស់នគរចេនឡាអំពីទឹកដី ប្រពៃណី និងទំនៀមទម្លាប់ ប្រែសម្រួលជាភាសាខ្មែរ ។

ក្រៅពីនោះ ភាគីទាំងពីរ បានអញ្ជើញក្នុងពិធីប្រគល់ និងទទួលសៀវភៅកំណត់ហេតុរបស់នគរចេនឡាអំពីទឹកដី ប្រពៃណី និងទំនៀមទំលាប់ប្រែសម្រួលជាភាសាខ្មែរ ហើយ ភាគីទាំងពីរ ក៏បានចុះហត្ថលេខាលើការនាំចេញទីផ្សារផ្លែដូងស្រស់ពីកម្ពុជាទៅចិនផងដែរ ។

គួរបញ្ជាក់ផងដែរថា ដំណើរទស្សនកិច្ចរបស់ ឯកឧត្តម វ៉ាង យី នាពេលនេះ ធ្វើឡើងស្របពេលនឹងការប្រារព្ធឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជន កម្ពុជា-ចិន ហើយនឹងរួមចំណែកដល់ការពង្រឹងមិត្តភាពដែកថែប និងពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ ធ្វើឲ្យស៊ីជម្រៅនូវការកសាងសហគមន៍វាសនារួមប្រកបដោយ គុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដាខ្ពស់ លើកកម្ពស់ក្របខណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្យ ព្រម ទាំងជំរុញកិច្ចសហប្រតិបត្តិការនៅក្នុងវេទិកាតំបន់ និងអន្តរជាតិ ដើម្បីជាផលប្រយោជន៍ទៅវិញទៅមក សម្រាប់ប្រទេស និងប្រជាជនទាំងពីរ(កម្ពុជា-ចិន)៕

ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner