ទិវាភពផែនដី ឆ្នាំ២០២៤ ក្រោមប្រធានបទ «ភពផែនដី និងប្លាស្ទិក»រួមគ្នាកាត់បន្ថយប្លាស្ទិក និង រួមគ្នាកែច្នៃប្លាស្ទិកប្រើប្រាស់ឡើងវិញ

(ភ្នំពេញ)៖ អង្គការអច្ឆរិយៈនៃទន្លេមេគង្គ(Wonders of the Mekong) បានឱ្យដឹងនៅថ្ងៃទី ២២ ខែមេសា ឆ្នាំ២០២៤នេះថា ទិវាភពផែនដី ឆ្នាំ២០២៤ ក្រោមប្រធានបទ «ភពផែនដី និងប្លាស្ទិក»ដោយយើងត្រូវរួមគ្នាកាត់បន្ថយប្លាស្ទិក និងរួមគ្នាកៃច្នៃប្លាស្ទិកប្រើប្រាស់ឡើងវិញ ។

អង្គការអច្ឆរិយៈ នៃទន្លេមេគង្គបានលើកឡើងថាប្រជាជនចូលចិត្តប្រើប្រាស់សម្ភារៈច្នៃពីប្លាស្ទិកដោយសារវាស្រាល មានតម្លៃថោក និងងាយបត់បែនយកតាមខ្លួនបានយ៉ាងងាយ អញ្ចឹងហើយដែលធ្វើឱ្យមនុស្សម្នាចូលចិត្តទិញវាយកមកប្រើប្រាស់យ៉ាងទូលំទូលាយ និងបោះចោលក្រោយពេលប្រើប្រាស់រួច។ ការផលិត និងប្រើប្រាស់ផលិតផលប្លាស្ទិកដែលប្រើប្រាស់បានតែម្តងហើយបោះចោលបានកើនឡើងហួសកម្រិត កាលនេះបានធ្វើអោយប៉ះពាល់ដល់សង្គម និងបរិស្ថាន។

ចាប់ពីឆ្នាំ១៩៥០ មកដល់ ឆ្នាំ២០១៥ នៅទូទាំងពិភពលោក ផលិតផលប្លាស្ទិកប្រមាណ ៨,៣ ពាន់លានតោន ត្រូវបានផលិតចេញពីប្លាស្ទិកបរិសុទ្ធ (virgin plastics) ដែលវត្ថុធាតុដើមសំខាន់ក្នុងការផលិតនោះគឺប្រេង ឬ ហ្គាសធម្មជាតិ ក្នុងនោះ ប្លាស្ទិក ៦,៤ ពាន់លានតោន ត្រូវបានប្រើប្រាស់ រួចហើយបោះចោល។ ក្នុងចំណោមសំណល់ប្លាស្ទិកដែលប្រើរួច មានប្រមាណ ៩%ប៉ុណ្ណោះដែលយកទៅកែច្នៃឡើងវិញ ក្រៅពីនោះគឺបោះចោលនៅទីលានចាក់សំរាម (៧៩%) និងដុតកម្ទេចចោល (១២%) ដែលនេះ បានចូលរួមចំណែកបំភាយឧស្ម័នផ្ទះកញ្ចក់ និងការប្រែប្រួលអាកាសធាតុ ។
ការចំណាយក្នុងការទិញផលិតផលប្លាស្ទិក និងប្រើប្រាស់ផលិតផលប្លាស្ទិក គឺអស់លុយតិច និងប្រើក្នុងរយៈពេលខ្លីហើយងាយប្តូរម៉ូតបានតាមចិត្តចង់ ប៉ុន្តែថ្លៃចំណាយលើការសំអាតបរិស្ថានដែលសំណល់ប្លាស្ទិកបានលេចធ្លាយចូលទៅក្នុងទន្លេ និងសមុទ្រគឺត្រូវការពេលវេលា បច្ចេកវិទ្យាខ្ពស់ និងតម្លៃឥតគណនាក្នុងការសំអាត ។

តាមតួលេខជាសកលក្នុងឆ្នាំ២០១៩ សំណល់ប្លាស្ទិកមានប្រមាណ ៦,១លានតោនបានលេចធ្លាយចូលទៅក្នុងបរិស្ថានទឹក និង ១,៧លានតោនហូរចាក់ទៅសមុទ្រ។ តាមការប្រមាណនាពេលបច្ចុប្បន្ននេះ សំណល់ប្លាស្ទិកយ៉ាងហោចណាស់ក៏ ១០៩លានតោនដែរ កំពុងតែបំពុលនៅក្នុងទន្លេនានា ហើយសំណល់ប្លាស្ទិកប្រមាណ ៣០លានតោនបានហូរចូលទៅក្នុងសមុទ្រ និងមហាសមុទ្រ។ ហើយតួលេខនេះនឹងកើនឡើងកាន់តែខ្លាំងប្រសិនបើយើងគ្រប់គ្នាមិនចូលរួមកាត់បន្ថយ និងខិតខំកែច្នៃសំណល់ប្លាស្ទិកដែលប្រើប្រាស់រួចហើយឡើងវិញ។

ចូលរួមទាំងអស់គ្នាដើម្បីការពារភពផែនដីតែមួយរបស់យើង។ អបអរសាទរទិវាភពផែនដី ឆ្នាំ២០២៤ ក្រោមប្រធានបទ ភពផែនដី និងប្លាស្ទិក ៕

ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner