ព្យុះភ្លៀងបង្កជាទឹកជំនន់ជន់លិចភាគខាងត្បូងប្រទេសចិន ស្លាប់មនុស្ស ៣នាក់ និងរាប់ម៉ឺននាក់ភៀសខ្លួន

ប៉េកាំង៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ចិន នៅថ្ងៃចន្ទនេះ បានរាយការណ៍ថា មនុស្ស ៣នាក់បានស្លាប់, ១១នាក់ផ្សេងទៀតបាត់ខ្លួន និងមនុស្សរាប់ម៉ឺននាក់ទៀតភៀសខ្លួនទៅកាន់តំបន់មានសុវត្ថិភាព បន្ទាប់ពីព្យុះដ៏កំណាចមួយបានវាយលុកភាគខាងត្បូងប្រទេសចិន។

ខ្យល់ព្យុះដែលបង្កឱ្យមានភ្លៀងធ្លាក់ខ្លាំងវាយប្រហារលើខេត្តក្វាងទុង ភាគខាងត្បូងប្រទេសចិន ក្នុងពេលប៉ុន្មានថ្ងៃថ្មីៗនេះ បានធ្វើឱ្យទឹកទន្លេជន់ជោ និងបង្កើនការភ័យខ្លាចពីគ្រោះទឹកជំនន់ធ្ងន់ធ្ងរ។ សារព័ត៌មានរដ្ឋចិនស៊ីនហួបានរាយការណ៍ថា មនុស្សជាង ៥៣,០០០នាក់បានភៀសខ្លួននៅទូទាំងខេត្តក្វាងទុង ទៅកាន់តំបន់មានសុវត្ថិភាព។ ក្នុងចំណោមនោះ មនុស្សជាង ៤៥,០០០នាក់ត្រូវបានជម្លៀសចេញពីទីក្រុង Qingyuan ភាគខាងជើង ដែលស្ថិតនៅជាប់ច្រាំងទន្លេ Bei។

ភ្លៀងធ្លាក់ខ្លាំងបន្ថែមទៀត ក៏ត្រូវបានគេរំពឹងដែរថា នឹងបន្តនៅក្នុងថ្ងៃចន្ទនេះ ដោយអាជ្ញាធរឧតុនិយមចិនបានព្យាករណ៍ថា ព្យុះភ្លៀង ផ្គររន្ទះ និងខ្យល់បក់ខ្លាំងនឹងកើតមាននៅក្នុងខេត្តក្វាងទុង រួមទាំងទីក្រុងហុងកុង និងទីក្រុងស៊ិនជិន។ រីឯមជ្ឈមណ្ឌលឧតុនិយមជាតិចិនបានបញ្ជាក់ថា ខេត្តជិតខាង រួមទាំងផ្នែកខ្លះនៃខេត្តហ៊្វូជាន ទីក្រុងហ្គីហ្ស៊ូ និងក្វាងស៊ី ក៏នឹងទទួលរងផលប៉ះពាល់ពីភ្លៀងធ្លាក់ខ្លាំងក្នុងរយៈពេលខ្លីផងដែរ។

ទីស្នាក់ការកណ្តាលគ្រប់គ្រងទឹកជំនន់ និងគ្រោះរាំងស្ងួតរដ្ឋរបស់ប្រទេសចិនកាលពីថ្ងៃអាទិត្យបានបង្កើនកម្រិតឆ្លើយតបគ្រាអាសន្នភ្លាមៗបន្ទាប់ពីទឹកជំនន់បានវាយប្រហារក្នុងខេត្តក្វាងទុងភាគខាងត្បូងប្រទេសចិន ទឹកជំនន់ដែលបណ្តាលមកពីទឹកភ្លៀងបានរុញច្រានកម្រិតទឹកនៅក្នុងទន្លេជាច្រើនកើនដល់កម្រិតខ្ពស់ និងបានជន់លិចតំបន់ក្បែរទន្លេអស់ជាច្រើនកន្លែងសំខាន់។

ទីស្នាក់ការកណ្តាលគ្រប់គ្រងគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតរបស់រដ្ឋចិន បានចល័តមន្រ្តីជំនាញ និងបញ្ជូនឧបករណ៍ទៅកាន់ខេត្តក្វាងទុង ដើម្បីជួយដល់កិច្ចខិតខំប្រឹងប្រែងការពារ និងសង្គ្រោះគ្រោះមហន្តរាយផ្សេងៗដែលកំពុងតែកើតមាន។ ខេត្តក្វាងទុងជាតំបន់សរសៃឈាមបេះដូងនៃខ្សែសង្វាក់ផលិតកម្មរបស់ប្រទេសចិន ដោយមានប្រជាជនរស់នៅទីនោះរហូតដល់ ១២៧លាននាក់ឯណោះ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner