វៀតណាមដេញថ្លៃលក់ដុំមាស ជិត១៧ម៉ឺនតម្លឹង ក្នុងសប្តាហ៍នេះ

ចាប់ពីថ្ងៃចន្ទម្សិលមិញនេះ ធនាគារកណ្តាលវៀតណាមគ្រោងបានចាប់ផ្តើមដេញថ្លៃលក់ដុំមាស ចំនួន ១៦៨០០តម្លឹង ទៅក្នុងអាជីវកម្មជួញដូរ ចំពេលតម្លៃមាសនៅលើទីផ្សារសកលកំពុងកើនឡើងយ៉ាងគំហុក។

ធនាគារកណ្តាលវៀតណាម បានឲ្យដឹងថា មានអាជីវកម្មចំនួន ១៥ ទទួលបានការអនុញ្ញាតឱ្យទិញ ហើយពួកគេត្រូវធ្វើការដេញថ្លៃ ដោយដាក់ប្រាក់បញ្ញើ ចំនួន ១០%។

សារព័ត៌មាន VNexpress បានដកស្រង់ប្រភពពី ទីភ្នាក់ងារ រ៉យទ័រ ដែលបានរាយការណ៍ថា តម្លៃមាសជាសកលបានកើនឡើងទៀត កាលពីថ្ងៃសុក្រ ហើយថា នឹងកើនឡើង ដោយសារតែភាពតានតឹង រវាងរវាងអ៊ីរ៉ង់ និងអ៊ីស្រាអែល។ តម្លៃមាសនៅវៀតណាមបានឡើងដល់ជាង ៣២០០ដុល្លារក្នុងមួយតម្លឹង។

VNexpress បានបញ្ជាក់ថា នេះគឺជាលើកដំបូង ក្នុងពេល១០ឆ្នាំ ដែលធនាគារកណ្តាលវៀតណាម លក់មាស។ កាលពីឆ្នាំ២០១៣ មានការដេញថ្លៃមានចំនួន ១លាន៨សែន តម្លឹង។

ប្រភពព័ត៌មានបរទេសឲ្យដឹងថា តម្លៃមាសសកលលោក បានហក់ឡើង ដល់ ២៤០០ដុល្លារ ក្នុងមួយអោន កាលពីសប្តាហ៍មុន ឬកើន២០ភាគរយចាប់តាំងពីពាក់កណ្តាលខែកុម្ភៈមក។ ការព្យាករណ៍ចុងក្រោយរបស់ បណ្តាធនាគារអាមេរិក ឬ Wall Street banks ដែលដូចនឹងក្រុមហ៊ុនវិនិយោគធនាគារអាមេរិក Goldman Sachs បង្ហាញថា នៅចុងឆ្នាំ អាចឈានដល់ ២៧០០ដុល្លារ ក្នុងមួយអោន ដោយសារតែការបន្តកាត់បន្ថយអត្រាការប្រាក់របស់ធនាគារអាមេរិក ដែលធ្វើឲ្យដុល្លារអាមេរិកធ្លាក់បន្តធ្លាក់ថ្លៃ។

តម្លៃមាសបានកើនឡើង ដោយសារកំណើននៃតម្រូវការចំពេលមានការព្រួយបារម្ភអំពីការកើនឡើងនៃភាពតានតឹង នៅមជ្ឈិមបូព៌ា បន្ទាប់ពីការវាយប្រហារដែលមិនធ្លាប់មានពីមុនមក របស់អ៊ីរ៉ង់ លើអ៊ីស្រាអែល ថ្មីៗនេះ។ អ្នកវិនិយោគជាច្រើនសម្រុកទិញមាសព្រោះពួកគេយល់ថា មាសជាទ្រព្យដែលមានសុវត្ថិភាពបំផុតក្នុងបរិបទនេះ៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner