Tesla ប្រមូលឡាន Cybertruck រាប់ពាន់គ្រឿងមកជួសជុលវិញ

ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់អាមេរិក Tesla បានប្រកាសប្រមូលរថយន្ត Cybertruck ចំនួនជិត៤ពាន់គ្រឿង មកវិញ ដោយសារឡានអគ្គិសនី SUV សេរីចុងក្រោយនេះមានបញ្ហាគាំងឈ្នាន់ជាន់ gear ពេលកំពុងបង្កើនល្បឿន។

តាមរយៈសេចក្តីជូនដំណឹងទៅកាន់រដ្ឋបាលសុវត្ថិភាពចរាចរណ៍ផ្លូវជាតិអាមេរិក នាពេលថ្មីៗនេះ Tesla បានបញ្ជាក់ថា កន្លែងជាន់ Gear អាចគាំងជាប់ បន្ទាប់ពីអ្នកបើកបរជាន់បង្កើនល្បឿន មានន័យថា ឈ្នាន់នេះអាចនឹងមិនហើបឡើងមកវិញនោះទេ ទោះបីអ្នកបើករថយន្តនោះបានដកជើងចេញពីឈ្នាន់នេះក៏ដោយ។ បញ្ហានេះអាចបណ្តាលឲ្យរថយន្តបន្តដំណើរទៅមុខក្នុងល្បឿនលឿនជាយថាហេតុ និងនាំឲ្យមានគ្រោះថ្នាក់ ជាពិសេសការប៉ះទង្គិចគ្នា។

យ៉ាងណាក៏ដោយ តេសឡាអះអាងថា មិនទាន់មានគ្រោះថ្នាក់ឬការប៉ះទង្គិចគ្នាណាមួយបង្កឡើងដោយបញ្ហាបច្ចេកទេសនេះទេ ហើយថាក្រុមហ៊ុននឹងជំនួស gear ឬឧបករណ៍បង្កើនល្បឿនថ្មី លើរថយន្តទាំងអស់នេះ។

ឡាន Cybertruck ត្រូវបានក្រុមហ៊ុនដាក់លក់ លើកដំបូង កាលពីខែវិច្ឆិកា ឆ្នាំ២០២៣ ដែលកាលនោះលោក មហាសេដ្ឋី Elon Musk អះអាងថា Cybertruck គឺជាអនាគតនៃរថយន្តអគ្គិសនីដ៏អស្ចារ្យ។

កាលពីសប្តាហ៍មុន ក្រុមហ៊ុន Tesla បានប្រកាសថា ខ្លួននឹងបញ្ឈប់ការងារជាង ១០ភាគរយនៃកម្លាំងពលកម្មសកល ក្នុងបរិបទប្រកួតប្រជែងខ្លាំង លើរថយន្តអគ្គិសនី និងការធ្លាក់ចុះនៃតម្រូវការ នៅក្នុងទីផ្សាមួយចំនួន៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner