មេបញ្ជាការសឹករងខេត្តកំពង់ធំ ដាក់បទបញ្ជាដល់គ្រប់ បណ្ដាកងឯកភាព ប្រើកម្លាំង និងវិធានការសរុប ការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ

កំពង់ធំ៖ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ ប្រតិបត្តិការសឹករងកំពង់ធំ បានដាក់បទបញ្ជាដល់មេ បញ្ជាការ គ្រប់បណ្ដា កងឯកភាព ប្រើកម្លាំង និងវិធានការសរុប ការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិនៅក្នុងខេត្ត ។ ឧត្តមសេនីយ៍ទោ សោម ស៊ុន ថ្លែងដូច្នេះក្នុងឱកាសផ្សព្វ ផ្សាយ បទបញ្ជាលេខ ០១៣/២០២៤ ប.ជ ស្ដីពីការចាត់តាំងកម្លាំង ចូលរួមថែរក្សាការពារ តំបន់អភិរក្សព្រៃឈើធម្មជាតិនៅទូទាំង ប្រទេស របស់ឯកឧត្តមនាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ យោធភូមិភាគទី៤ បានធ្វើនៅនៃ បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំកាលព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ ។

លោកវរសេនីយ៍ទោ នួន គឹមអាង នាយផ្នែកលេខាធិការដ្ឋាន អានបទបញ្ជារបស់ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គមេបញ្ជា ការ នៃកងយោធពលខេមរភូមិន្ទ ដោយបានគូសបញ្ជាក់ថា មេបញ្ជាការគ្រប់ស្ថាប័ន ត្រូវចាត់តាំងកម្លាំងសហការជាមួយ ក្រសួងបរិស្ថាន ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ ក្រសួង រៀបចំដែនដីនគរូបនីយកម្មនិងសំណង់ ព្រមទាំង អាជ្ញាធរដែនដី និងជាមួយកម្លាំង សមត្ថកិច្ចនានា ដើម្បីចូលរួម ថែរក្សាការពារអភិរក្សព្រៃធនធានធម្មជាតិនៅទូទាំងប្រទេស កងកម្លាំងទាំងអស់ ដែលមានភារកិច្ចចូល រួមសហការត្រូវ ប្រកាន់ ខ្ជាប់នូវវិន័យរបស់កងយោធពលខេមរភូមិន្ទ ដោយ មិនចូលរួមប្រព្រឹត្តបទល្មើសខុសច្បាប់ឡើយ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានផ្សព្វផ្សាយសភាពការណ៍ ថ្មីៗ និងផលប៉ះពាល់មួយចំនួន ដែលអាចកើតមានឡើងដោយ សារសង្គ្រាម និងបានអរគុណចំពោះកងកម្លាំងនៃបញ្ជាការ ដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលបានសហការល្អ ជាមួយ កងកម្លាំងប្រដាប់អាវុធទាំងបី មន្ត្រីរាជការ អាជ្ញាធរដែន ដីគ្រប់លំដាប់ថ្នាក់ ក្នុងការចូលរួមការពារសន្តិសុខ សុវត្ថិភាព ជូនប្រជាជន នៅគ្រប់មូលដ្ឋាននានាក្នុងខេត្តកំពង់ធំ បាន សប្បាយ រីករាយក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិ នាពេល កន្លង មកនេះ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានដាក់បទបញ្ជាដល់មេ បញ្ជាការ គ្រប់បណ្ដាកងឯកភាព នាយទាហាន នាយ ទាហាន រង និងពលទាហានទាំងអស់ ត្រូវចូលរួមក្នុងផែនការជាក់ស្ដែង របស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងផែនការរបស់ បញ្ជាការ ដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលអនុម័ត ដោយឯកឧត្តម មេបញ្ជាការយោធភូមិភាគទី៤ ក្នុងការអនុវត្ត តាមបទបញ្ជា របស់ឯកឧត្តមនាយឧត្តមសេនីយ៍ អគ្គមេបញ្ជា ការ នៃកងយោធពលខេមរភូមិន្ទ ក្នុងការប្រើប្រាស់កម្លាំងសរុប វិធានការសរុប ការពារ បង្ការទប់ស្កាត់ និងបង្ក្រាបបទល្មើស ធនធានធម្មជាតិ នៅក្នុងខេត្តកំពង់ធំ ឲ្យទទួលបានជោគជ័យ ៕
ដោយ៖ ប៊ុន រដ្ឋា

ads banner