ចិននៅតែបន្តគំាទ្រដល់ការអភិវឌ្ឍរបស់កម្ពុជា លើគ្រប់វិស័យ ស្របតាម ការ ប្តេជ្ញា ចិត្តខ្ពស់របស់ថ្នាក់ដឹកនាំប្រទេសទំាងពីរ ក្រោមក្របខ័ណ្ឌកិច្ចសហ ប្រតិ បត្តិការ ត្បូងពេជ្រ

(ភ្នំពេញ)៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា កម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ចាង ឈីងលី (ZHANG Qingli) អនុប្រធានគណៈកម្មការជាតិទី១៣ នៃសន្និសីទ ប្រឹក្សានយោបាយចិន និងជាប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គមកិច្ច នៃសាធារណរដ្ឋប្រជាមានិតចិន នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ នៅវិមានរដ្ឋសភា។

ឯកឧត្តម ចាង ឈីងលី បានវាយតម្លៃខ្ពស់ពីការរីកចម្រើនរបស់កម្ពុជានាពេល បច្ចុប្បន្ន ទាំងជីវភាពរស់នៅប្រជាជន និងសង្គម ព្រមទាំងបានគូសបញ្ជាក់ថា ចិននៅតែបន្តគំាទ្រដល់ការអភិវឌ្ឍរបស់កម្ពុជាលើគ្រប់វិស័យ ស្របតាម ការ ប្តេជ្ញាចិត្តខ្ពស់របស់ថ្នាក់ដឹកនាំប្រទេសទំាងពីរក្នុងការកសាងសហគមន៍វាសនារួមប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដារខ្ពស់ ក្រោមក្របខ័ណ្ឌ កិច្ច សហប្រតិបត្តិការត្បូងពេជ្រ ។

សម្តេចរដ្ឋសភាធិបតី បានវាយតម្លៃខ្ពស់ចំពោះដំណើរទស្សនកិច្ចរបស់ គណៈប្រតិភូនៅក្នុងឱកាសនេះ ថាបានចូលរួមចំណែកយ៉ាងសំខាន់នៅក្នុង ការពង្រឹងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការទ្វេភាគី កម្ពុជា-ចិនកាន់តែរឹងមាំឡើង។ ដំណើរទស្សនកិច្ចនេះ បានធ្វើឡើងស្របពេល នឹងការប្រារព្ធ “ឆ្នាំផ្លាស់ប្តូរប្រជាជន និងប្រជាជន កម្ពុជា-ចិន” ហើយបាន រួមចំណែកដល់ការពង្រឹងមិត្តភាពដែកថែប ព្រមទាំងពង្រីក បន្ថែមទៀត នូវកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភានៃប្រទេសទំាងពីរឱ្យកាន់តែសកម្ម ស៊ីជម្រៅ គ្រប់ជ្រុងជ្រោយឡើង ស្របតាមកិច្ចសហប្រតបត្តិការភាពជាដៃគូ យុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយនៃប្រទេសទំាងពីរ។

សម្តេចរដ្ឋសភាធិបតី បានសម្តែងការពេញចិត្តចំពោះវឌ្ឍនភាពទំហំពាណិជ្ជកម្មកម្ពុជា និង ចិននាពេលកន្លងមក។ ទំហំពាណិជ្ជកម្មទ្វេភាគីមានតម្លៃ ១០ ពាន់លានដុល្លារអាមេរិកក្នុងរយៈពេល ១០ខែ ដើមឆ្នាំ២០២៣ ដែលបានកើនឡើង ៤,៦% ធៀបនឹងឆ្នាំមុន។

សម្តេចប្រធានរដ្ឋសភាបានស្នើដល់ភាគីចិនជួយជំរុញនិងកៀរគរអ្នកវិនិយោគនិងអ្នកទេសចរចិន មកកម្ពុជាបន្ថែមទៀត និងបានអញ្ជើញមិត្តចិនមកចូលរួមមហាសន្និបាត ICAPP លើកទី១២ និងមហាសន្និបាតសភាអន្តរជាតិដើម្បីភាពអត់ឱន និងសន្តិភាព (IPTP) លើកទី១១ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅខែ វិច្ឆិកា ឆ្នាំ២០២៤ ខាងមុខ ផងដែរ ៕

ដោយ ៖ ហេង សម្បត្តិ+ ថេត វិចិត្រ

ហេង សម្បត្តិ
ហេង សម្បត្តិ
ជាការីថត ជាអ្នកយកព័ត៌មាន ក៏ជាអ្នកជំនាញកាត់តវីដេអូ ប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរាផងដែរ។ តាមរយៈបទពិសោធន៍ជាច្រើនឆ្នាំលើវិស័យព័ត៌មាន នឹងនាំមកជូនទស្សនិកជននូវព័ត៌មានសម្បូរបែប ប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner