សម្ដេចតេជោ ហ៊ុន សែន ស្នើប្រធានរដ្ឋឡាវ គាំទ្រនូវគម្រោងព្រែកជីកហ្វូណន របស់កម្ពុជា ដែលជាការតភ្ជាប់រវាងទន្លេបាសាក់ ទៅកាន់សមុទ្រកម្ពុជា

(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន បានស្នើសុំការគាំទ្រនូវគម្រោង ព្រែកជីកហ្វូណនរបស់កម្ពុជា ដែលជាការតភ្ជាប់រវាងទន្លេបាសាក់ ទៅកាន់សមុទ្រកម្ពុជា ខណៈប្រធានរដ្ឋឡាវ ក៏បានគាំទ្រចំពោះ គម្រោងនេះផងដែរ ។ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា កម្ពុជា បានស្នើសុំការគាំទ្រពីឯកឧត្តម ថងលុន ស៊ីសុលីត (Thongloun Sisoutlith) ប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ ដូច្នេះ ក្នុងជំនួបពិភាក្សាការងារ នៅវិមានព្រឹទ្ធសភា នាព្រឹកថ្ងៃថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ក្នុងឱកាសដែលឯកឧត្តម អញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវរដ្ឋនៅប្រទេសកម្ពុជា រយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី២៣ ដល់២៤ ខែមេសា ឆ្នាំ២០២៤ ។

សម្ដេចតេជោ ប្រធានព្រឹទ្ធសភា បានទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងចាត់ទុក ដំណើរ ទស្សនកិច្ចរបស់ឯកឧត្តម ថងលុន នៅកម្ពុជានាពេលនេះ នឹងពង្រឹង ថែមទៀតនូវទំនាក់ទំនងរវាងប្រទេស និងប្រជាជននៃប្រទេសទាំង២ ដែលជា បងប្អូន ជាអ្នកជិតខាងល្អ ហើយនៅថ្ងៃទី២៤មេសា គណបក្សទាំងពីរ គឺគណបក្សប្រជាជនកម្ពុជា និងគណបក្សបដិវត្តន៍ឡាវ នឹងជួបប្រជុំ គ្នាផងដែរ។

សម្ដេចតេជោ បានសម្តែងការរីករាយ ដោយឃើញថា ក្នុងរយៈពេល ចុងក្រោយនេះ គឺមានការផ្លាស់ប្តូរទស្សនកិច្ចទៅវិញទៅមកជាញឹកញាប់ ហើយជាមួយគ្នានេះ សម្តេចតេជោក៏បានឆ្លៀតសម្តែងការអរគុណ ចំពោះ លិខិតអបអរសាទរ ពីថ្នាក់ដឹកនាំឡាវចំពោះជោគជ័យរបស់ គណបក្សប្រជា ជនកម្ពុជា ក្នុងការបោះឆ្នោតព្រឹទ្ធសភាកន្លងទៅនេះ និងអបអរសាទរចំពោះ សម្ដេចតេជោ ដែលត្រូវបានជ្រើសតាំងជាប្រធានព្រឹទ្ធសភា នៃព្រះរាជា ណា ចក្រ កម្ពុជា។

ជាការឆ្លើយតប ឯកឧត្ដម ប្រធានរដ្ឋឡាវ បានសម្តែងការរីករាយដែលបាន បំពេញទស្សនកិច្ចនៅកម្ពុជានាពេលនេះ ហើយក៏បានជួបសម្តេចតេជោ ដែលជាមិត្តភក្តិចាស់ ជាគ្រូ ហើយសម្ដេចតេជោ គឺមានបទពិសោធច្រើន ក្នុងការដឹកនាំប្រទេសកម្ពុជា ឲ្យមានការអភិវឌ្ឍ មានការរីកចម្រើន ហើយដោយថា សម្ដេចតេជោ ជាប្រធានគណបក្សផងនោះ ទោះបីជា សម្តេចធ្វើជាប្រធានព្រឹទ្ធសភា ក៏សម្ដេចនៅតែអាចគ្រប់គ្រងនិងដឹកនាំ ឲ្យមានដំណើរប្រព្រឹត្តទៅយ៉ាងល្អរបស់កម្ពុជា ក៏ដូចជាស្ថាប័នផ្សេងៗទៀត។

ឯកឧត្ដម ប្រធានរដ្ឋ ក៏បានរៀបរាប់ថា មុននេះ ឯកឧត្ដម បានចូលជួប សវនាការ ជាមួយព្រះករុណា ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងបរិយាកាសរីករាយកក់ក្ដៅជាទីបំផុត។

ឯកឧត្ដមបានសម្តែងក្តីសង្ឃឹមថា ក្នុងឋានៈសម្តេចតេជោ ជាប្រធានព្រឹទ្ធសភា ទំនាក់ទំនងរវាងអង្គការនីតិប្បញ្ញត្តិនៃប្រទេសទាំងពីរនឹងកាន់តែល្អប្រសើរថែមទៀត ក្នុងការលើកកម្ពស់កម្រិតដៃគូ ដែលប្រទេសយើងជាដៃគូជាយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយ ជាមួយគ្នានេះ យើងបានរួមដំណើរក្នុងការកសាងសមត្ថភាព ហើយសម្តេចតេជោ និង ឯកឧត្តម ថង លុន បានធ្វើកិច្ចការជាច្រើនដើម្បី ត្រួស ត្រាយ សម្រាប់ក្មេងជំនាន់ក្រោយជាពិសេសលើបញ្ហាព្រំដែន គឺខិតខំ ដោះ ស្រាយ យ៉ាងណាដើម្បីឲ្យកូនចៅជំនាន់ក្រោយកុំឲ្យមានបញ្ហា ។

សម្ដេចតេជោ បានធ្វើការកត់សម្គាល់ថា ក្នុងរយៈពេល៨ខែចុងក្រោយនេះ ការសម្រេចឱ្យមានផ្លាស់ប្ដូរផ្ទេរអ្នកជំនាន់ចាស់ឲ្យទៅះកនជំនាន់ថ្មី គឺជា ទស្សនៈដ៏ត្រឹមត្រូវ ដោយកម្ពុជានៅតែមានស្ថិរភាពនយោបាយ មានកំណើន សេដ្ឋកិច្ចរឹងមាំ ចំណូលថវិកាជាតិមានកំណើន និងមិនមានវិបត្តិកើតឡើង ហើយតាមការស្ទង់មតិជំនឿលើការដឹកនាំរបស់សម្ដេចធិបតី នាយករដ្ឋមន្ត្រី ក៏មានការកើនឡើងជាបន្តបន្ទាប់ តែទោះយ៉ាងណាក៏ដោយគណបក្សប្រជា ជន កម្ពុជាក៏មិនព្រងើយកន្តើយក្នុងការត្រៀមខ្លួនដើម្បីជោគជ័យក្នុងកា របោះឆ្នោតឆ្នាំ២០២៧-ឆ្នាំ២០២៨ ខាងមុខនេះដែរ។

ទាក់ទងនឹងវិស័យសេដ្ឋកិច្ច ទេសចរ សម្ដេចប្រធានព្រឹទ្ធសភា បានសម្តែងការ រីករាយ ចំពោះកិច្ចសហប្រតិបត្តិការដែលយើងមានសព្វថ្ងៃ ដោយទំហំពាណិជ្ជ កម្ម មានការកើនឡើង កម្ពុជាបានទិញអគ្គិសនីពីប្រទេសឡាវច្រើន ហើយឡាវ ក៏បានប្ដេជ្ញាខិតខំប្រមូលអគ្គិសនី ផ្ដល់ឲ្យកម្ពុជា អោយបានគ្រប់គ្រាន់ និង ពង្រឹង បន្ថែមនូវកិច្ចសហប្រតិបត្តិការវិស័យថាមពលនេះ ហើយក្រៅពីនោះ ពាក់ព័ន្ធវិស័យទេសចរណ៍ក៏ល្អប្រសើរ ដោយយើងបានធ្វើការហោះ ហើរត្រង់ ឡើងវិញ ចំនួនទេសចរក្រៅប្រទេសមកកម្ពុជា ហើយក៏មានពីកម្ពុជា បន្តទៅ ឡាវមានការកើនឡើងជាបន្តបន្ទាប់។

ឯកឧត្ដមប្រធានរដ្ឋ ក៏បានថ្លែងអំណរគុណ សម្តេចតេជោ ដែលបានចាត់ទុក ឯកឧត្ដម ជាភ្ញៀវបរទេសកំពូលទី១ បំពេញទស្សនកិច្ចផ្លូវរដ្ឋ ក្នុងខណៈដែលសម្តេចមានតួនាទីជាប្រធានព្រឹទ្ធសភា និងជំរុញឲ្យកូនចៅជំនាន់ក្រោយមានទំនាក់ទំនងល្អជាមួយគ្នា ធ្វើការជាមួយគ្នា សុខដុមក្នុងការរស់នៅភូមិផងរបងជាមួយគ្នា ប្រកបដោយការទុកចិត្តគ្នា។ ឯកឧត្តម ប្រធានរដ្ឋឡាវ ក៏បានអញ្ជើញសម្ដេចតេជោ ទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសឡាវ និងចូលរួមប្រជុំរវាងគណបក្សទាំងពីរ នៅឆ្នាំក្រោយផងដែរ ។

សម្ដចតេជោ ក៏បានស្នើសុំឱ្យឯកឧត្ដម ប្រធានរដ្ឋឡាវ គាំទ្រនូវគម្រោង ព្រែកជីកហ្វូណន របស់កម្ពុជា ពីព្រោះព្រែកជីកនេះគឺមិនមានការប៉ះពាល់ ដល់បរិស្ថាន ឬក៏លំហូរចរន្តទឹកអ្វីនោះទេ តែព្រែកជីកនេះ គឺជាការតភ្ជាប់ រវាងទន្លេបាសាក់ដើម្បីទៅកាន់សមុទ្រកម្ពុជា ហើយប្រធានរដ្ឋឡាវ បានគាំទ្រ ចំពោះគម្រោងនេះផងដែរ ៕

អត្ថបទ៖ វណ្ណលុក
រូបភាព៖ សួង ពិសិដ្ឋ, វ៉េង លីមហួត

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner