ឯកឧត្តមរដ្ឋមន្រ្តី នេត្រ ភក្ត្រា៖ យើងរួមគ្នាអនុវត្តឱ្យសម្រេចនូវការប្តេជ្ញាចិត្ត កម្ពុជា ជាប្រទេសគ្មាន គ្រឿងញៀន

(ភ្នំពេញ)៖ ឯកឧត្តម រដ្ឋមន្រ្តី នេត្រ ភក្រ្តា បានលើកឡើងថា «យើងទាំងអស់គ្នាត្រូវខិតខំប្រឹងប្រែងអនុវត្តឱ្យសម្រេចនូវការប្តេជ្ញាចិត្តថាកម្ពុជា ជាប្រទេសគ្មាន គ្រឿងញៀន និងរក្សាគ្រួសារនីមួយៗ ជាគ្រួសារស្អាតស្អំ តាមទស្សនវិស័យចូលរួមទាំងអស់គ្នាដើម្បីជីវិត និងសហគមន៍គ្មានគ្រឿងញៀន»។

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានគណៈកម្មការទទួលបន្ទុកផ្សព្វផ្សាយអប់រំ នៃគណៈបញ្ជាការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានថ្លែងបែបនេះ ក្នុងឱកាស សម្ពោធដាក់ឱ្យដំណើរការកម្មវិធីទូរស័ព្ទ APP NoDrug របស់អាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ នាសាលាប៊ែលធី អន្តរជាតិ ផ្លូវជាតិលេខ៣ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ការដាក់ឱ្យដំណើរការកម្មវិធីទូរស័ព្ទ APP NoDrug របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដើម្បីពង្រឹង និងពង្រីកវិសាលភាព នៃការផ្សព្វផ្សាយអប់រំអំពីផលប៉ះពាល់ និងគ្រោះថ្នាក់នៃគ្រឿងញៀនឲ្យបានកាន់តែទូលំទូលាយ និងជ្រួតជ្រាបដល់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាននៅទូទាំងកម្ពុជា ធ្វើយ៉ាងណាឱ្យសាធារណជនបានយល់ដឹងកាន់តែច្បាស់ និងមានសមត្ថភាពកាន់តែរឹងមាំ ក្នុងការបង្ការ ការពារខ្លួន ការពារក្រុមគ្រួសារ និងមិត្តភក្តិ ហើយជាងនេះទៀត គឺដើម្បីឱ្យពួកគាត់បានយល់ដឹងនិងអាចចូលរួមជាមួយអាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ច អនុវត្តច្បាប់ ក្នុងការបង្ការ ទប់ស្កាត់ បង្រ្កាប និងដោះស្រាយរាល់បញ្ហាដែលមានការពាក់ព័ន្ធ នឹងគ្រឿងញៀន។

ឯកឧត្តមក៏បានអំពាវនាវដល់អ្នកពាក់ព័ន្ធទាំងអស់ ចូលរួមប្រើប្រាស់ APP NoDrug ទាំងអស់គ្នាព្រមទាំងជួយផ្សព្វផ្សាយដល់សមាជិកគ្រួសារ មិត្តភ័ក្តិឱ្យប្រើប្រាស់ទាំងអស់គ្នា។

ឯកឧត្តម រដ្ឋមន្រ្តី នេត្រ ភក្រ្តា បានថ្លែងបន្តថា គ្រប់ភាគីទាំងអស់ត្រូវចូលរួមកិច្ចការងារអប់រំ បំផុសចលនា លើកទឹកចិត្តឱ្យមានការចូលរួមច្រើនកុះករពីគ្រប់សមាសភាពនៃសង្គម សំដៅបង្កើតបានជាកម្លាំងសរុប មធ្យោបាយសរុប វិធានការសរុប ជាពិសេស ស្រទាប់យុវជនក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ស្របតាមទិសស្លោក «៣កុំ ១រាយការណ៍»។

ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរីទ្ធ អគ្គលេខាធិការនៃអាជ្ញាជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន មានប្រសាសន៍លើកឡើងថា ក្នុងន័យរក្សាការពារសមិទ្ធផលដែលសម្រេចក្នុងពេលកន្លងមក ក៏ដូចជាដើម្បីទប់ទល់ទៅនឹងនិន្នាការ និងល្បិចកលថ្មីៗ របស់ក្រុមឧក្រិដ្ឋជន ពិសេសឈានទៅអនុវត្តឱ្យបានសម្រេចនូវគោលការណ៍ណែនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា ក្នុងការកាត់បន្ថយ និងឈានទៅលុបបំបាត់គ្រឿងញៀនឲ្យអស់ពីកម្ពុជា ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានគណៈ បញ្ជាការយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៩ បានយកចិត្តទុកដាក់ និងចាត់ចែង អនុវត្តប្រកបដោយការទទួលខុសត្រូវខ្ពស់បំផុត។

ដោយផ្អែកលើបទពិសោធន៍ ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀននាពេលកន្លងមក ឯកឧត្តមសន្តិបណ្ឌិត បានចាត់ទុកការ យល់ដឹងច្បាស់លាស់ និងការចូលរួមសកម្មពីមហាជន គឺជាកត្តាមិនអាចខ្វះបាន និងកំណត់ ពីប្រសិទ្ធភាព នៃការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ហេតុនេះហើយ ទើបបានជា ឯកឧត្តម បានដាក់ចេញនូវគំនិតផ្តួចផ្តើម និងវិធានការថ្មីៗ ប្រកបដោយការឆ្នៃប្រឌិត ក្នុងនោះក៏មាន កម្មវិធីទូរស័ព្ទដៃ ដែលកំពុងដំណើរការប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនាឱកាសនេះ ៕

ដោយ ង៉ាន់ ទិត្យ
រូបភាព រិន រចនា

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner