កម្ពុជា ចិន ឯកភាពភ្ជាប់ជើងហោះហើរត្រង់ ភ្នំពេញ–ជាំងស៊ី

ភ្នំពេញ:ប្រទេសកម្ពុជា និងប្រទេសចិន បានឯកភាពគ្នាបើកជើងហោះហើរត្រង់រវាងរាជធានីភ្នំពេញ និងក្រុងជាំងស៊ី ដើម្បីជំរុញការផ្លាស់ប្តូរអ្នកទេសចររវាងប្រទេសទាំងពីរ ដែលជាផ្នែកមួយនៃការអនុវត្តយុទ្ធនាការ «ឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និង ប្រជាជនកម្ពុជា-ចិន ២០២៤»។
 
កិច្ចព្រមព្រៀងនេះធ្វើឡើងតាមរយៈជំនួបរវាងឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោកស្រី MEI Yi អគ្គនាយកទេសចរណ៍ និងវប្បធម៌ខេត្តជាំងស៊ី (Jiangxi) និងជាលេខារងក្រុមការងារភាពជាអ្នកដឹកនាំនៃបក្សកុម្មុយ នីស្តចិន កាលពីថ្ងៃចន្ទម្សិលមិញ។ ប៉ុន្តែ អ្នកទាំងពីរពុំទាន់បានបញ្ជាក់ពីផែនការ និងកាលបរិច្ឆេទជាក់លាក់នៃការបើកជើងហោះហើរត្រង់នេះនៅឡើយទេ។
 
សមភាគីចិនបានព្រមព្រៀងជំរុញការផ្សព្វផ្សាយគោលដៅទេសចរណ៍វប្បធម៌អង្គរវត្តរបស់កម្ពុជាឲ្យបានទូលំទូលាយទៅដល់ប្រជាពលរដ្ឋក្នុងខេត្តជាំងស៊ី និងជំរុញលំហូរភ្ញៀវទេសចរចិនមកកាន់កម្ពុជាឲ្យកាន់តែច្រើន ដើម្បីគាំទ្រយុទ្ធនាការ «ទស្សនាសៀមរាបឆ្នាំ២០២៤» ផង។
 គួរសម្គាល់ថា ជាំងស៊ីជាខេត្តមានសម្បូរដោយធនធានធម្មជាតិ ជាពិសេសរ៉ែ ដែលស្ថិតនៅភាគអាគ្នេយ៍នៃប្រទេសចិន។ យោងតាមគេហទំព័រ Statisa ខេត្តនេះមានប្រជាជនជាង៤៥លាននាក់ និងមានសន្ទុះសេដ្ឋកិច្ចរីកចម្រើនដែលផ្តល់សក្តានុពលដល់កម្ពុជាក្នុងការទាញអ្នកទេសចរ។
 នៅថ្ងៃដដែលនេះ ឯកឧត្តមរដ្ឋមន្ត្រីទេសចរណ៍ និង ឯកឧត្តម ស៊ុន សូវកាង សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សកុម្មុយនីស្តចិនខេត្តហឺណាន និងជាអភិបាលរងប្រតិបត្តិខេត្តហឺណាន បានព្រមព្រៀងពង្រឹងការអនុវត្ត គម្រោងវិថីសូត្រផ្លូវអាកាសដើម្បីគាំទ្រដល់ការអភិវឌ្ឍទេសចរណ៍ នៃប្រទេសទាំងពីរ។ កម្ពុជា រំពឹងទទួលបានភ្ញៀវទេសចរចិន១លាននាក់នៅឆ្នាំនេះ ខណៈដែលឆ្នាំ២០២៣កន្លងទៅ មានជនជាតិចិនតែជាង50ម៉ឺននាក់ប៉ុណ្ណោះចូលមកកម្ពុជាក្នុងនាមជាអ្នកទេសចរ៕
ដោយៈទួន សុផល

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner