ល្បុក្កតោជួបក្បាច់គុនសាវលីញលើទឹកដីអង្គរ ស្អែកនេះ

ភ្នំពេញៈនៅថ្ងៃពុធស្អែកនេះ ក្បាច់គុនល្បុក្កតោរបស់ខ្មែរ និងគុនចិនសាវលីញ នឹងប៉ះគ្នាទ្រង់ទ្រាយធំលើកទី១នៅលើទឹកដីអង្គរ ខេត្តសៀមរាប ក្នុងព្រឹត្តិការណ៍ពិព័រណ៍វប្បធម៌ទេសចរណ៍ ដែលក្រសួងទេសចរណ៍កម្ពុជា សហការរៀបចំជាមួយខេត្តហឺណានរបស់ប្រទេសចិន។
ឯកឧត្តម តុប សុភ័ក អ្នក នាំ ពាក្យ ក្រសួង ទេសចរណ៍ ឱ្យដឹងថា ការសម្តែងយុទ្ធគុនដ៏ល្បីល្បាញទាំង២ជា ផ្នែក មួយ នៃ ឆ្នាំ ការ ផ្លាស់ប្តូរ វប្បធម៌ ពង្រឹងទំនាក់ទំនងរវាងប្រជាជន និង ប្រជាជន នៃប្រទេសកម្ពុជា – ចិន និងជាផ្នែកមួយនៃយុទ្ធនាការឃោសនាសៀមរាបឆ្នាំ ២០២៤។ សាធារណជនអាចចូលទស្សនាដោយសេរីនៅខាងជើងប្រាសាទបាយ័ននៅម៉ោង៧កន្លះព្រឹក។
គុន ល្បុក្កតោ គឺជា ក្បាច់គុន ដ៏ ចំណាស់ មួយ របស់ ខ្មែរ ដែល ត្រូវបាន បង្កើតឡើង ដោយ ជនជាតិខ្មែរ នៅលើ ទឹកដី ខ្មែរ តាំង ពីមុន ការមកដល់ នៃ អរិយធម៌ ឥណ្ឌា កាលពី ជាង ពីរពាន់ ឆ្នាំ កន្លងមកហើយ ។ ចំណែក ក្បាច់គុនចិន ដែលមានរហ័ស្សនាមថា គុនសាវលីញ វិញ ក៏មានប្រវត្តិរាប់ពាន់ឆ្នាំចេញពីវត្តសាវលីញ ដែលស្ថិតនៅជើងភ្នំ Shonghan នៃ ខេត្ដ ហឺណាន។ វត្តនេះ រួមជាមួយនឹងការបង្ហាញក្បាច់គុនដោយព្រះសង្ឃ បានទាក់ទាញអ្នកទេសចររាប់លាននាក់ក្នុងមួយឆ្នាំៗ។
ដោយមើលឃើញពីសក្តានុពលនេះ អតីតរដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឯកឧត្តម ថោង ខុន បានផ្តួចផ្តើមបង្កើតការប្រកួតយុទ្ធគុនរវាងក្បាច់ទាំងពីរនេះឡើង។ ក្បាច់គុនទាំងពីរធា្លប់បានប៉ះសាកកម្លាំងគ្នា២លើកមកហើយនាពេលកន្លងតែក្នុងទ្រង់ទ្រាយតូច។ ចំណែកការសម្តែងរួមគ្នា នាពេលនេះ គឺមានលក្ខណៈផ្លូវការ និងទ្រង់ទ្រាយធំ។

ឯកឧត្តម តុប សុភ័ក អ្នក នាំ ពាក្យ ក្រសួង ទេសចរណ៍ រំពឹងថា នឹងតាមរយៈកិច្ចសហការទាំងវិស័យសេដ្ឋកិច្ច និងវប្បធម៌ កម្ពុជានឹងទទួល ភ្ញៀវ ទេសចរចិន ប្រមាណ ១ លាន នាក់ នៅឆ្នាំនេះ។ កាលពីឆ្នាំ ២០២៣ អ្នក ទេសចរ ចិន ប្រមាណ ៥៤ ម៉ឺន នាក់ បានចូលមកកម្ពុជា។ យោងតាមសេចក្តីប្រកាសព័ត៌មានរួមស្តីពី ដំណើរទស្សនកិច្ចរបស់ឯកឧត្តម វ៉ាង យី រដ្ឋមន្រ្តីក្រសួងការបរទេសចិន បានឱ្យដឹងថា កម្ពុជា-ចិន បានឯកភាពគ្នាបង្កើនជើងហោះហើរទ្វេទិស ដើម្បីជំរុញការផ្លាស់ប្តូរទេសចរណ៍រវាងប្រទេសទាំងពីរ៕
ដោយៈទួន សុផល

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner