ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈដល់សិស្សមកពីគ្រួសារក្រីក្រជំហានទី១ បែងចែងបីផ្នែកសំខាន់

បាត់ដំបងៈមន្រ្តីជាន់ខ្ពស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបញ្ជាក់ថា កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈនិងបច្ចេកទេស ជំហាន១ឆ្នាំ២០២៤ ដល់សិស្សមកពីគ្រួសារក្រីក្រនិងគ្រួសារងាយរងហានិភ័យត្រូវបានបែងចែកបីផ្នែកធំ៖ទី១.ផ្នែកទ្រឹស្តី,ទី២.ផ្នែកអនុវត្ត,និងទី៣.ផ្នែកកម្មសិក្សាដែលតម្រូវឱ្យសិស្សត្រូវសិក្សាយ៉ាងតិចចំនួន៦៣០ម៉ោងក្នុងមួយមុខជំនាញ ដោយបន្ថែមនូវជំនាញទន់ ដែលជាតម្រូវការចំាបាច់ នៅក្នុងទីផ្សារការងារ។

ថ្លែងនៅក្នុងពិធីបើកវគ្គបណ្តុះបណ្តាលជំនាញទន់ (Soft skill)ដល់យុវជនមកពីគ្រួសារក្រីក្រនិងគ្រួសារងាយរងហានិភ័យ នៅខេត្តបាត់ដំបងកាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ លោកស្រី ឃុន ស្រីលាភ អនុប្រធាននាយកដ្ឋានបណ្ដុះបណ្ដាលនៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានលើកឡើងថាកម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសសម្រាប់ក្រុមគោលដៅជាយុវជនមកពីគ្រួសារក្រីក្រ និង គ្រួសារងាយរងហានិភ័យ នៅទូទាំងប្រទេសចំនួន១.៥ លាននាក់ គឺក្នុងគោលបំណងចម្បងផ្ដល់នូវជំនាញមួយយ៉ាងតិចប្រចាំជីវិត ក្នុងការជួយដល់យុវជន ដើម្បីទទួលបានឱកាសការងារ ឬ បង្កើតមុខរបរដោយខ្លួន ឯងប្រកបដោយភាពម្ចាស់ការ ។មានគុណភាពនិងផលិតភាពខ្ពស់សម្រាប់ផ្គត់ផ្គង់គ្រួសារ ព្រមទាំងឆ្លើយតបបានតាមតម្រូវការទីផ្សារការងារ ប្រកបដោយចីរភាព ភាពធន់ និងបរិយាបន្ន។លោកស្រីបន្ថែមថា ក្នុងកម្មវិធីបណ្តុះបណ្តាលនេះដែរ ជំហានទី១ឆ្នាំ២០២៤ ផ្តោតលើបីផ្នែកធំ៖ ទី១.ផ្នែកទ្រឹស្តី,ទី២.ផ្នែកអនុវត្ត,និងទី៣.ផ្នែកកម្មសិក្សាដែលតម្រូវឱ្យសិស្សត្រូវសិក្សាយ៉ាងតិចចំនួន៦៣០ម៉ោងក្នុងមួយមុខជំនាញ។
កាន់តែបង្កលក្ខណៈងាយស្រួលថែមទៀតដល់សិស្សមកពីគ្រួសារក្រីក្រ គឺ សិស្សដែលបានចុះឈ្មោះចូលរៀនទទួលបាននូវការសិក្សាដោយមិនបង់ថ្លៃ, ទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែ,ការប្រឹក្សាយោបល់ពីការជ្រើសរើសជំនាញ និងព័ត៌មានទីផ្សារការងារ,ការចុះកម្មសិក្សានៅតាមបណ្តាសហគ្រាស, គ្រឹះស្ថាន, ក្រុមហ៊ុន,រោងចក្រ។សិស្សទទួលបានជំនាញមួយពិតប្រាកដដែលទីផ្សារការងារកំពុងត្រូវការ និង ឱកាសទទួលបានការងារធ្វើសមរម្យ និង ប្រាក់ចំណូលទៀងទាត់។នេះជាការគូសរំលេចបន្ថែមដោយលោកស្រីអនុប្រធាននាយកដ្ឋាន។

វគ្គបណ្តុះបណ្តាលជំនាញទន់ដែលបានបើកនៅខេត្តបាត់ដំបង ធ្វើឡើងសម្រាប់សិស្សជាង៤០០នាក់ ដែលកំពុងសិក្សាជំនាញបច្ចេកទេសវិជ្ជាជីវៈ តាមវិទ្យាស្ថានចំនួនបីនៅក្នុងខេត្តបាត់ដំបង និងវិទ្យាស្ថានមួយនៅខេត្តប៉ៃលិន ។

ទាក់ទងនឹងវគ្គនេះដែរលោក ឈឹម ធឿន នាយកវិទ្យាស្ថានពហុបច្ចេកទេសភូមិ
ភាគតេជោសែនបាត់ដំបង និងជាតំណាងឱ្យវិទ្យាស្ថានទាំងបួនបានថ្លែងអំណរ គុណដល់ថ្នាក់ដឹកនាំក្រសួងការងារ និងបណ្ដុះបណ្ដុះបណ្ដាលវិជ្ជាជីវៈដែលរៀបចំឲ្យមានកម្មវិធីបណ្ដុះបណ្ដាលជំនាញទន់នេះឡើង ។លោកថា នេះជាការជួយដល់យុវជនទទួលបាននូវចំណេះដឹងទាំងផ្នែករឹង និងផ្នែកទន់។
តាមរបាយការណ៍របស់នាយកដ្ឋានបណ្ដុះបណ្ដាលនៃក្រសួងការងារបានឱ្យដឹង
ថា៖ សម្រាប់ជំហាន១ ក្នុងឆ្នាំ២០២៤ គិតត្រឹមថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ មានសិស្សកំពុងរៀនក្នុងកម្មវិធីសរុបចំនួន ១៦ ៥៨៩នាក់។ ក្នុងនោះក្រុមគោលដៅអាទិភាព គឺមានចំនួន ៧ ០០០នាក់៕

      ( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប )
ads banner