៣ខែដើមឆ្នាំ ក្រុមហ៊ុនផលិតឡានស៊ុយអែត Volvo ចំណេញជាង ៣០០លានដុល្លារ
ស្តុកខុល៖ ក្រុមហ៊ុនផលិតរថយន្តរបស់ស៊ុយអែត Volvo បានប្រកាសថា ប្រាក់ចំណេញសុទ្ធរបស់ខ្លួនបានធ្លាក់ចុះនៅក្នុងត្រីមាសទី១ ប៉ុន្តែការលក់រថយន្តបានចំនួនច្រើនក្នុងខែមីនា ហើយរំពឹងថា រថយន្តខ្លួននឹងមានតម្រូវការកាន់តែខ្លាំងនៅឆ្នាំ២០២៤នេះ។
ក្រុមហ៊ុន Volvo ដែលគ្រប់គ្រងដោយក្រុមហ៊ុនរថយន្តចិន Geely នេះ បានបញ្ជាក់ថា ប្រាក់ចំណេញក្រោយបង់ពន្ធរបស់ខ្លួន បានធ្លាក់ចុះ ១០ភាគរយ នៅត្រឹម ៣៣៣លានដុល្លារ។ ជាមួយគ្នានេះ ប្រាក់ចំណូលរបស់ក្រុមហ៊ុន Volvo ក៏បានធ្លាក់ចុះ ២ភាគរយផងដែរ នៅត្រឹមជាង ៨ពាន់លានដុល្លារ បញ្ហាចម្បងគឺដោយសារការលក់ធ្លាក់ចុះខ្លាំង។
ទោះបីជាយ៉ាងណា ក្រុមហ៊ុន Volvo បានអះអាងថា ការលក់រាយនៃរថយន្តរបស់ខ្លួន បែរជាបានកើនឡើងចំនួន ១២ភាគរយ ដល់ចំនួន ១៨២,៧០០គ្រឿង ក្នុងខែមីនា។ ក្នុងនោះឡានអគ្គិសនីមានចំនួន ២១ភាគរយនៃការលក់សរុបនៅក្នុងត្រីមាសទី១ឆ្នាំនេះ កើនឡើងលើសរយះពេលដូចគ្នាកាលពីឆ្នាំមុន ដែលមានត្រឹម ១៨ភាគរយប៉ុណ្ណោះ។
នាយកប្រតិបត្តិក្រុមហ៊ុន Volvo លោក Jim Rowan បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា យើងរំពឹងថា តម្រូវការរថយន្តរបស់យើងនឹងនៅតែរឹងមាំនៅក្នុងត្រីមាសខាងមុខទៀត ស្របតាមចក្ខុវិស័យរបស់យើង អំពីកំណើនបរិមាណនៃការលក់ឡានពេញមួយឆ្នាំយ៉ាងហោចណាស់ ១៥ភាគរយ៕ ប្រភព: AFP ប្រែសម្រួលដោយ: ឈឹម ទីណា