កិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចកំណត់តំបន់វិនិច្ឆ័យទាំងតំបន់១ និងតំបន់២ នៃអាជ្ញាធរទន្លេសាប សម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈ ជាប្រព័ន្ធស្ថិតនៅភូមិចំនួន ០៦
(សៀមរាប)៖ កិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចកំណត់តំបន់វិនិច្ឆ័យទាំង តំបន់១ និងតំបន់២ នៃអាជ្ញាធរទន្លេសាប សម្រាប់ការចុះបញ្ជីដីធ្លីមាន លក្ខណៈជាប្រព័ន្ធស្ថិតនៅភូមិចំនួន ០៦ គឺភូមិត្រពាំងធំ ភូមិតាប្រាក់ ភូមិជូននំ ភូមិជាស្មន់ ភូមិបន្ទាយឬស្សី និងភូមិកំពង់ថ្កូវ ស្ថិតនៅក្នុងឃុំមាន ជ័យ ស្រុកប្រាសាទបាគង ខេត្តសៀមរាប នាព្រឹកនៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤នេះ ក្នុងបរិវេណវត្តបន្ទាយឫស្សី។
អាជ្ញាធរស្រុក និងមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តសៀមរាប បានចុះផ្សព្វផ្សាយជាសាធារណៈនូវសេចក្តីសម្រេចកំណត់តំបន់វិនិច្ឆ័យលើការចុះបញ្ជីដីធ្លីដែលមានលក្ខណៈជាប្រព័ន្ធ ដែលក្រុមការងារបានចាប់ផ្តើមចុះបញ្ជីដីធ្លី នឹងធ្វើការវាស់វែង និងប្រមូលទិន្នន័យចាប់ពីពេលចុះផ្សព្វផ្សាយនេះតទៅ ដែលស្ថិតនៅក្នុងឃុំមានជ័យ ស្រុកប្រាសាទបាគង។
លោក ស៊ុន សុជាតិ អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តសៀមរាប បានមានប្រសាសន៍ថា យើងបានអនុវត្តន៍ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ របស់កម្មវិធីអនុវិស័យរដ្ឋបាលដីធ្លី ដែលគាំទ្រថវិកាដោយរាជរដ្ឋាភិបាលកម្ពុជា ដែលស្ថិតក្រោមការដឹកនាំរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងអនុវត្តន៍ការងារដោយមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដីខេត្តសៀមរាប ក្រោមកិច្ចសហការជាមួយអាជ្ញាធរដែនដីពាក់ព័ន្ធផងដែរ។
លោក បានបន្តថា ក្រុមការងារជំនាញក្រោយពីធ្វើការវាស់វែងបានបញ្ចប់ និងស្រង់ទិន្នន័យរួចរាល់ហើយ គឺត្រូវបានធ្វើការប្រកាសបិទផ្សាយជាសាធារណៈ នូវឯកសារ នៃការចុះបញ្ជីដីធ្លី មានប្រភេទដីលំនៅដ្ឋាន ដែលបានកំណត់វិនិច្ឆ័យ ព្រុំ.និងបានបញ្ចូលទិន្នន័យចំនួនក្បាលដីរួចរាល់ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីបញ្ចៀសការកើតមានទំនាស់ដីធ្លី ហើយក្នុងរយៈពេលនោះ ប្រសិនបើការកំណត់ ព្រំមិនត្រឹមត្រូវ គឺបងប្អូនប្រជាពលរដ្ឋអាចប្តឹង ឬជំទាស់តវ៉ាមកក្រុមមន្ត្រីជំនាញ ដែលនៅប្រចាំការជាប្រចាំដោយមិនគិតពីថ្ងៃឈប់សម្រាក ប្រសិនបើក្នុងករណីរកឃើញថា មានកំហុសណាមួយលើទិន្ន័យក្បាលដីរបស់ខ្លួន សូមរាយការណ៍មកមន្ត្រីជំនាញដើម្បីធ្វើការកែសម្រួលឱ្យបានត្រឹមត្រូវឡើងវិញ។
លោក បានអំពាវនាវដល់អាជ្ញាធរគ្រប់ជាន់ថ្នាក់ និងស្ថាប័នពាក់ព័ន្ធ រួមទាំងបងប្អូនប្រជាពលរដ្ឋ ដែលបានចូលរួមនាពេលនេះ ពេលត្រឡប់ទៅមូលដ្ឋានវិញ សូមបន្តធ្វើការផ្សព្វផ្សាយឲ្យបានដល់ប្រជាពលរដ្ឋ ដើម្បីឲ្យពួកគាត់បានដឹងពីពិធីផ្សព្វផ្សាយសេចក្តីសម្រេចកំណត់ តំបន់វិនិច្ឆ័យលើការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនេះ នឹងពិនិត្យផ្ទៀងផ្ទាត់ទិន្នន័យ ដែលក្រុមការងារចុះបញ្ជីដីធ្លី មានលក្ខណៈជាប្រព័ន្ធរបស់មន្ទីរដែលបានអនុវត្តតាមនីតិវិធី ឱ្យបានគ្រប់ៗគ្នា ។
អភិបាលរងស្រុកប្រាសាទបាគង លោក នួន ពុទ្ធារិទ្ធ មានប្រសាសន៍ថា ការផ្សព្វផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យក្នុងការចុះបញ្ជីដីធ្លី ដែលមានលក្ខណៈជាប្រព័ន្ធ គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់ក្នុងដំណើរនៃការចេញប័ណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋឲ្យបានត្រឹមត្រូវ និង ដើម្បីឲ្យម្ចាស់ដី និងអ្នកកាន់កាប់ដីទាំងអស់មកចូលរួមពិនិត្យផ្ទៀងផ្ទាត់ និងធ្វើការកែតម្រូវបាន។
លោក បន្តថា ការចុះវាស់វែងដើម្បីចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនេះ គឺឈានទៅដល់ការផ្តល់ប័ណ្ណកម្មសិទ្ធិដែលត្រូវបានការពារដោយច្បាប់ និងធានាដោយរដ្ឋ ហើយក៏គ្មានបុគ្គលណាមួយត្រូវបានគេដកហូត កម្មសិទ្ធិរបស់ខ្លួនបានទេ ប្រសិនបើការដកហូតនោះ មិនមែនដើម្បីប្រយោជន៍សាធារណៈ ប៉ុន្តែការដកហូតត្រូវធ្វើ ទៅតាមទម្រង់ និង នីតិវិធីបញ្ញត្តិដោយច្បាប់ និងបទបញ្ជា បន្ទាប់ពីបានផ្តល់សំណងជាមុនដោយសមរម្យ និងយុត្តិធម៌ ៕
ដោយ ៖ ស៊ាន សុផាត