ក្រុមហ៊ុន Apple ជាប់ចោទករណីរត់ពន្ធរ៉ែខុសច្បាប់នៅកុងហ្គោ
នៅថ្ងៃព្រហស្បតិ៍នេះ មេធាវីតំណាងប្រទេស កុងហ្គោ បានចោទប្រកាន់ ក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិក Apple ថា បានទិញរ៉ែ ដែលបានរត់ពន្ធខុសច្បាប់ ចេញ ពីកុងហ្គោ ទៅកាន់ប្រទេស Rwanda ដែលនៅក្បែរគ្នា ដើម្បីចម្រាញ់ រួចបញ្ជូលទៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់សកល។
កុងហ្គោដែលកំពុងមានសង្គ្រាមស៊ីវិលបានចោទប្រកាន់ Apple ថា បានប្រើប្រាស់ សារធាតុរ៉ែម្យ៉ាងដែលគេឲ្យឈ្មោះថា «រ៉ែឈាម» ពីតំបន់បូព៌ា ដែលហែកហួរដោយសង្រ្គាម ហើយចាត់ទុកថានេះ ជាការកេងប្រវ័ញ្ច ដោយខុសច្បាប់ ពីផលិតផលរ៉ែ របស់ខ្លួន។ កុងហ្គោប្រាប់ឱ្យ Apple បញ្ឈប់ជាបន្ទាន់ ដោយព្រមាន ថា Apple អាចប្រឈមមុខនឹងវិធានការ តាមផ្លូវច្បាប់ បើមិនព្រមឈប់។
កុងហ្គោជា ប្រទេសដែលសម្បូរទៅដោយរ៉ែជាច្រើនប្រភេទដែលត្រូវបានប្រើប្រាស់ក្នុងការផលិតស្មាតហ្វូន និងឧបករណ៍អេឡិចត្រូនិក ផ្សេងៗទៀត។ អង្គការអន្តរជាតិប្រឆាំងការកេងប្រវ័ញធនធានធម្មជាតិ Global Witness បានអះអាងថា មិនមែនមានតែ Apple ទេ ដែលពឹងលើសារធាតុរ៉ែទាំងនេះ ក្នុងនោះ ក៏មាន Tesla, Intel, និង Samsung ជាដើម។
Apple បានប្រាប់ AFP ថា រ៉ែទាំងនេះពិតជាសំខាន់ ក្នុងខ្សែច្រវ៉ាក់ផ្គត់ផ្គង់ផលិតផលរបស់ខ្លួនពិតមែន។ ប៉ុន្តែ ក្រុមហ៊ុននេះបានអះអាងថា ការចោទប្រកាន់នេះ មិនមានមូលដ្ឋានសមហេតុផល ដោយប្រាប់ថា គិតត្រឹមចុងឆ្នាំ២០២៣ គ្មានតម្រុយណាមួយបង្ហាញថា មានការផ្គត់ផ្គង់ ពីក្រុមប្រដាប់អាវុធណាមួយ នៅក្នុងកុងហ្គោ ឬ ប្រទេសជិតខាងនោះទេ៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត
