អភិបាលខេត្តកំពង់ធំបន្តដាក់បទបញ្ជាឳ្យទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិក្នុងភូមិសាស្រ្តខេត្ត

កំពង់ធំ៖ ក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការកាលពីព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំនិងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ បានដាក់បទបញ្ជាឳ្យប្រើប្រាស់កម្លាំងសរុប វិធានការសរុប មធ្យោបាយសរុប ដើម្បីការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិនៅក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ជាពិសេសអ្នកដែលមានការពាក់ព័ន្ធនឹងបទល្មើសត្រូវដកខ្លួនជាបន្ទាន់ ។

ក្នុងកិច្ចប្រជុំឯកឧត្តម ងួន រតនៈ អភិបាលខេត្ត បានប្រគល់ភារកិច្ចសំខាន់ៗ ជូនដល់មេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំងបី មន្ទីរស្ថាប័នពាក់ព័ន្ធ និងគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ស្រុកទាំងប្រាំបួនចូលរួមអនុវត្តក្នុងការប្រើប្រាស់កម្លាំង ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិនៅក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ទាំងមូល ឱ្យមានប្រសិទ្ធភាពខ្ពស់និងទទួលបានជោគជ័យ តាមបទបញ្ជារបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ។

ពាក់ព័ន្ធនឹងវិធានខាងលើឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងជាអនុប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បាន រាយការណ៍ពីប្រើប្រាស់កម្លាំងសរុប និងវិធានការសរុប និងភារកិច្ចសំខាន់ៗ ក្នុងការអនុវត្តតាមបទបញ្ជារបស់នាយឧត្ដមសេនីយ៍អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ និងការប្រគល់ភារកិច្ច របស់ឯកឧត្ដម មេបញ្ជាការយោធភូមិភាគ ទី៤ ដេីម្បី ការទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិឳ្យមានប្រសិទ្ធភាព ។

ចំណែកលោកវរសេនីយ៍ឯក សោម សុភាវុធ មេបញ្ជាការរង នាយសេនាធិការនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានធ្វើបទបង្ហាញអំពីផែនការ និងតំបន់សកម្មភាពសំខាន់ៗ ដែលត្រូវប្រើប្រាស់កម្លាំងសរុប ក្នុងការការពារទប់ស្កាត់និងបង្ក្រាបទល្មើសធនធានធម្មជាតិនៅតាមគោលដៅនីមួយៗ និងបណ្ដាកិច្ចការធានាផ្សេងៗ ជូនកងកម្លាំងសរុប ដែលត្រូវធ្វើសកម្មភាព ។

បន្ទាប់មកបណ្ដាមន្ទីរស្ថាប័ន ដែលមានពាក់ព័ន្ធបានឡើងគូសបញ្ជាក់អំពីផែនការសកម្មភាពរបស់ស្ថាប័ននីមួយៗ ។ជាមួយនោះដែរតំណាងប្រធានសាលាដំបូងខេត្ត និង ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកំពង់ធំ បានគូសបញ្ជាក់ខ្លឹមសារសំខាន់ៗមួយចំនួនអំពីការអនុវត្តវិធានការច្បាប់ ឳ្យមានប្រសិទ្ធភាពក្នុងការចូលរួមអនុវត្តផែនការប្រើប្រាស់កម្លាំងសរុបនិងវិធានការសរុបឳ្យទទួលបានជោគជ័យស្របតាមច្បាប់ជាធរមាន ៕
អត្ថបទនិងរូបភាពៈប៊ុន រដ្ឋា

ads banner