ផ្លូវបេតុងអាមេចំនួន ៤ ខ្សែ នៅស្រុកខ្សាច់កណ្ដាល ខេត្តកណ្តាល ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

(ខេត្តកណ្ដាល)៖ ផ្លូវបេតុងអាមេចំនួន ៤ ខ្សែប្រវែង២,១៤០ម៉ែត្រ» ស្ថិតនៅភូមិវិហារសួគ៌ជើង ឃុំវិហារសួគ៌ និងភូមិម៉ែបាន ឃុំស៊ីធរ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ត្រូវសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ ។

ឯកឧត្ដមគង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាលបានលើកឡើងថា នេះ គឺជាសមិទ្ធផល ថ្មីបន្ថែមទៀត ជាមួយនឹងសមិទ្ធផលនានាជាច្រើនទៀតរបស់ស្រុកខ្សាច់កណ្ដាល ក្នុងវិស័យសេដ្ឋកិច្ច-សង្គម ប្រកបដោយសោភ័ណ្ឌភាព ផាសុខភាព សមធម៌ និង បរិយាប័ន្ន។ ហើយផ្លូវបេតុងនេះនឹងផ្ដល់នូវភាពងាយស្រួលដល់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរ និងការដឹកជញ្ជូនទំនិញទៅកាន់ទីផ្សារ ព្រមទាំងបានចូលរួមចំណែកយ៉ាងធំធេងក្នុងការសម្រួលការលំបាក និងជួយប្រជាពលរដ្ឋឱ្យមានជីវភាពកាន់តែប្រសើរឡើងជាលំដាប់ ។

ឯកឧត្ដមអភិបាលខេត្ត បានគោរពដឹងគុណ និងអរគុណចំពោះ ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកណ្តាល និង ក្រុមការងាររាជរដ្ឋាភិបាល គ្រប់លំដាប់ថ្នាក់ ដែលជានិច្ចជាកាលតែងតែបានជួយ ឧបត្ថម្ភ គាំទ្រ ទាំង ស្មារតី និង សម្ភារៈ ដោះស្រាយបញ្ហាការលំបាក របស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ។

គួរបញ្ជាក់ថា ផ្លូវបេតុងអាមេ ចំនួន ៤ខ្សែប្រវែង ២,១៤០ម៉ែត្រ ក្នុងនោះ ខ្សែទី១. ប្រវែង ៩៤០ម៉ែត្រ ទទឹង ៦ ម៉ែត្រ កម្រាស់ ០.១៥ ម៉ែត្រ នៅភូមិវិហារ សួគ៌ជើង ឃុំវិហារសួគ៌ ខ្សែទី២. ប្រវែង ៧០០ម៉ែត្រ ទទឹង ៦ ម៉ែត្រ កម្រាស់ ០.១៥ ម៉ែត្រ នៅភូមិម៉ែបាន ឃុំស៊ីធរ ខ្សែទី៣ និងទី៤ ប្រវែង ៥០០ម៉ែត្រ ទទឹង៣ម៉ែត្រ កម្រាស់ ០.១៥ម៉ែត្រ នៅភូមិម៉ែបាន ឃុំស៊ីធរ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ៕


ដោយ ៖ ង៉ាន់

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner