ភ្នាក់ងារសហប្រតិបត្តិការដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ច នៃបណ្តាប្រទេសជិត ខាង របស់ ថៃ (NEDA) ចុះពិនិត្យមើលវឌ្ឍនភាពច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់

(បន្ទាយមានជ័យ)៖ ឯកឧត្តម យិត បុណ្ណា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញចុះពិនិត្យ និងធ្វើសន្និសីទសារព័ត៌មាន ស្តីពីសមិទ្ធផលនានា នៃគម្រោងរៀបចំច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់ និងផ្លូវតភ្ជាប់ទៅផ្លូវជាតិលេខ៥ ជាមួយទីភ្នាក់ងារសហប្រតិបត្តិការអភិរឌ្ឍន៍ សេដ្ឋកិច្ចប្រទេសជិតខាង របស់ ថៃ (NEDA) ដឹកនាំដោយ ឯកឧត្តម Perames Vudthitornetiraks ប្រធានស្ថាប័ន NEDA តំណាងស្ថានទូតថៃ ប្រចាំនៅ កម្ពុជា នាថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ ។

រាជរដ្ឋាភិបាលកម្ពុជា បានទទួលហរិញ្ញប្បទានពីទីភ្នាក់ងារសហប្រតិបត្តិការដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចនៃបណ្តាប្រទេសជិតខាង (NEDA) របស់ ថៃ មានទំហំទឹកប្រាក់ ២៦,៤២លានដុល្លារអាមេរិក ដើម្បីសាងសង់ អគារច្រកត្រួតពិនិត្យព្រំដែន និងផ្លូវ, សំណង់ អគារអន្តេវាសិកដ្ឋាន, ចំណតសម្រាប់ផ្ទេរទំនិញឆ្លងកាត់ “ឃ្លាំង ទីលានកុងតែន័រ”, ការជួសជុលកែលម្អផ្លូវចាស់ និង សំណង់កាត់បន្ថយគ្រោះទឹកជនន់ ។

សំណង់អគារច្រកទ្វារអន្តរជាតិស្ទឹងបត់ និងផ្លូវតភ្ជាប់ទៅផ្លូវជាតិលេខ៥ នៅក្នុងខេត្តបន្ទាយមានជ័យ មានចម្ងាយ ៧គីឡូម៉ែត្រ ពីច្រកទ្វារអន្តរជាតិប៉ោយប៉ែត។ សមិទ្ធផល អគារច្រកទ្វារអន្តរជាតិថ្មីនេះ នឹងចូលរួមចំណែកយ៉ាងសំខាន់ និងមិនអាចខ្វះបានក្នុងការជួយសម្របសម្រួលការធ្វើពាណិជ្ជកម្ម និងវិនិយោគអន្តរជាតិ គាំទ្រដល់ការពង្រីកពាណិជ្ជកម្ម និងធ្វើឱ្យប្រសើរនូវប្រព័ន្ធដឹកជញ្ជូន និងអាចដោះស្រាយចំនួនចរាចរណ៍ ដឹកជញ្ជូនប្រចាំថ្ងៃច្រើនជាងមុនរហូតដល់៦០០គ្រឿងក្នុងមួយថ្ងៃ បន្ថយការកកស្ទះចរាចរណ៍ និងធ្វើឱ្យប្រសើរឡើងការដឹកជញ្ជូនទំនិញនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត និងក្លងឡឹក។ បច្ចុប្បន្ន អគារច្រកទ្វារអន្តរជាតិថ្មីនេះ បានបើកដំណើរការជាបណ្តោះអាសន្ន ចាប់ពីចុងឆ្នាំ២០២៣កន្លងមក និងមានរថយន្តឆ្លងកាត់ជាមធ្យមចំនួន ១៥០ ទៅ ២០០គ្រឿងក្នុងមួយថ្ងៃ ។

សូមបញ្ជាក់ជូនថា គម្រោងរៀបចំច្រកទ្វារអន្តរជាតិស្ទឹងបត់ និងផ្លូវតភ្ជាប់ទៅផ្លូវជាតិលេខ៥ ត្រូវបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ អតីតនាយករដ្ឋមន្ត្រី កម្ពុជា នឹងបានបញ្ចប់ការសាងសង់នៅកាលពីខែសីហា ឆ្នាំ២០២៣ ៕

ដោយ ៖ ឃិន គន្ធា

ads banner