មនុស្សជាង ១.១លាននាក់ប្រឈមមុខនឹងភាពស្រែកឃ្លាននៅហ្គាហ្សា

ហ្គាហ្សា៖ ប្រជាជនប្រហែល ១.១លាននាក់ ដែលពាក់កណ្តាលនៃចំនួនប្រជាជនសរុបមុនពេលផ្ទុះសង្គ្រាមនៅតំបន់ហ្គាហ្សា កំពុងរស់នៅជាមួយអសន្តិសុខស្បៀងដ៏មហន្តរាយ នេះបើតាមអង្គការឃ្លាំមើលភាពស្រែកឃ្លានរបស់ពិភពលោក ហៅកាត់ថា (IPC) បានបញ្ជាក់នៅក្នុងរបាយការណ៍មួយដែលបានចេញផ្សាយកាលពីពេលថ្មីៗនេះ។

របាយការណ៍ ស្តីអំពីអសន្តិសុខស្បៀងដ៏មហន្តរាយ និងកម្រិតអសន្តិសុខស្បៀងដ៏អាក្រក់បំផុតរបស់អង្គការ IPC ចង់សំដៅលើលក្ខខណ្ឌដែលភាពស្រែកឃ្លាន និងកង្វះអាហារូបត្ថម្ភកើនឡើងយ៉ាងគំហុកត្រូវបានបង្ហាញឱ្យឃើញ។ របាយការណ៍ដដែលបានឱ្យដឹងថា នៅតំបន់ហ្គាហ្សាភាគខាងជើង គ្រោះទុរភិក្សទំនងជានឹងកើតឡើងនៅខែឧសភា ហើយអាចរីករាលដាលពាសពេញតំបន់នេះតែម្តងនៅខែកក្កដាខាងមុខ។

អង្គការ IPC បានគូសបញ្ជាក់ថា គ្រោះទុរភិក្សកើតឡើង នៅពេលដែលយ៉ាងហោចណាស់ ២០ភាគរយនៃគ្រួសារប្រជាជន កំពុងប្រឈមមុខនឹងការខ្វះខាតអាហារធ្ងន់ធ្ងរ និងយ៉ាងហោចណាស់ ៣០ភាគរយនៃកុមារកំពុងទទួលរងកង្វះអាហារូបត្ថម្ភ ហើយយ៉ាងហោចណាស់មនុស្សពេញវ័យ ២នាក់ ឬកុមារ ៤នាក់ក្នុងចំណោមមនុស្ស ១០,០០០នាក់កំពុងបាត់បង់ជីវិតរៀងរាល់ថ្ងៃ ដោយសារការស្រែកឃ្លានអាហារ ឬកង្វះអាហារូបត្ថម្ភ និងជំងឺ។ ការិយាល័យប្រព័ន្ធផ្សព្វផ្សាយនៅតំបន់ហ្គាហ្សាបានឱ្យដឹងថា យ៉ាងហោចណាស់កុមារ ៣០នាក់បានស្លាប់ ដោយសារគ្រោះទុរ្ភិក្ស និងថា មនុស្ស ១.០៩លាននាក់បានឆ្លងជំងឺ ដែលនេះជាលទ្ធផលនៃការផ្លាស់ទីលំនៅ។

ជាងនេះទៅទៀត សង្គ្រាមនៅតំបន់ហ្គាហ្សាបានរារាំងដល់ការងាររបស់ទីភ្នាក់ងារផ្តល់ជំនួយ ដូចជាអង្គការ UNRWA ជាដើម។ អង្គការសហប្រជាជាតិក៏បានអះអាងដែរថា បុគ្គលិកផ្តល់ជំនួយជាង ២០០នាក់ត្រូវបានសម្លាប់ក្នុងអំឡុងសង្គ្រាមអ៊ីស្រាអែល និងក្រុមហាម៉ាស់ ចាប់តាំងពីថ្ងៃទី០៧ ខែតុលា ដែលភាគច្រើនជាជនជាតិប៉ាឡេស្ទីន៕

ប្រភព៖ Aljazeera ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner