ទស្សនៈវិទូឥណ្ឌាដ៏ល្បីល្បាញមួយរូបមករៀបចំព្រឹត្តិការណ៍សមាធិនៅប្រាសាទបាយ័ន

ភ្នំពេញ៖ទស្សនៈវិទូឥណ្ឌាលោកសាស្រ្តាចារ្យ Sadhguru បាន​​ដឹកនាំប្រតិភូអន្តរជាតិចំនួនប្រមាណ ១៣០នាក់ មកកាន់​កម្ពុជា ដើម្បី​រៀប​ចំព្រឹត្តិការណ៍សមាធិ “Mystic Musing” ដែលប្រព្រឹត្តទៅនាថ្ងៃទី២៧-២៩ ខែមេសា ឆ្នាំ២០២៤ នៅទឹក​ដី​អង្គរខេត្ត​សៀម​រាប។នេះបើយោងតាមសេចក្តីប្រកាស​ព័ត៌មាន​​របស់ក្រសួងទេសចរណ៍នៅថ្ងៃសុក្រនេះ។

ក្រសួងទេសចរណ៍បានប្រាប់ថា ក្រសួងសហការជាមួយ​ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, រដ្ឋបាលខេត្តសៀមរាប និងមូលនិធិ ISHA រៀបចំ “ព្រឹត្តិការណ៍សមាធិរបស់លោក​សាស្រ្តាចារ្យ Sadhguru ក្រោមប្រធានបទ “Mystic Musing” នាល្ងាចថ្ងៃទី២៧ ខែមេសា នៅបរិវេណប្រាសាទ​បាយ័ន។លោកសាស្ត្រាចារ្យ ជាទស្សនៈវិទូល្បីល្បាញ និង​មានឥទ្ធិពលមួយរូបក្នុងពិភពលោកដែល​មានចំនួនអ្នកចូល​ទស្សនារាប់លាននាក់នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមនានា និងជាប្រធានមូលនិធិ ISHA Foundation ។​

ការជ្រើសរើសទីតាំងប្រាសាទបាយ័នសម្រាប់រៀបចំព្រឹត្តិការណ៍សមាធិអន្តរជាតិនេះ បានឆ្លុះបញ្ចាំងឱ្យឃើញថា តំបន់​ប្រាសាទ​អង្គរ គឺជាទីតាំងប្រកបដោយភាពស័ក្តិសិទ្ធិនិង​បង្កប់​ទៅដោយភាពមហស្ចារ្យជាច្រើនសម្រាប់ការរៀបចំព្រឹត្តិការណ៍ជំនឿសាសនាបែបអន្តរជាតិ ដែលប្រការនេះរួមចំណែក ធ្វើឱ្យ​កម្ពុជា ជាពិសេសខេត្តសៀមរាប គឺជាគោលដៅ​ទេសចរណ៍​ជំនឿសាសនាលំដាប់អន្តរជាតិ។

សូមជម្រាបថា លោកសាស្ត្រាចារ្យ Sadhguru បានអញ្ជើញ​មកដល់អាកាសយានដ្ឋានអន្តរជាតិសៀមរាប អង្គរ នា​រសៀល​ថ្ងៃទី២៦ ខែមេសា ដោយមានការទទួលបដិសណ្ឋារ​កិច្ចដ៏​កក់ក្តៅពីសំណាក់ ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួង​ទេសចរណ៍ និងលោកជំទាវ ចម ក្រស្នា ព្រមទាំងថ្នាក់ដឹកនាំនៃ ក្រសួងទេសចរណ៍។ក្នុងឱកាសស្នាក់នៅកម្ពុជា​ប្រតិភូទាំងអស់​គ្រោងនឹងចូល​ទស្សនាប្រាសាទនានាក្នុងតំបន់អង្គរ ដូចជាប្រាសាទអង្គរវត្ត ប្រាសាទព្រះខ័ន ប្រាសាទតាព្រហ្ម និងប្រាសាទបាយ័នជាដើម៕
អត្ថបទ៖មុនី
រូបភាព៖ក្រសួងទេសចរណ៍

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner