អាកាសធាតុប្រែប្រួលធ្វើឱ្យផលិតកម្មស្រាពិភពលោកជួបវិបតិ្តអាក្រក់បំផុតមិនធ្លាប់មានក្នុងពេល ៦២ឆ្នាំ

ប៉ារីស៖ ស្ថាប័នឃ្លាំមើលពាណិជ្ជកម្មបានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍ថា ផលិតកម្មស្រារបស់ពិភពលោក បានធ្លាក់ចុះ ១០ភាគរយកាលពីឆ្នាំ២០២៣ ដែលនេះជាការធ្លាក់ចុះដ៏ធំបំផុតក្នុងរយៈពេលជាង ៦ទសវត្សរ៍ ដោយសារតែការប្រែប្រួលអាកាសធាតុ។

អង្គការអន្តរជាតិទទួលបន្ទុកផ្នែកស្រា (OIV) ដែលគ្របដណ្តប់ប្រទេសផលិតស្រាជិត ៥០ បាននិយាយថា លក្ខខណ្ឌបរិស្ថានមិនអំណោយផល, គ្រោះរាំងស្ងួត ភ្លើងឆេះព្រៃ និងបញ្ហាផ្សេងៗទៀត បូករួមទាំងការប្រែប្រួលអាកាសធាតុ គឺជាមូលហេតុដែលត្រូវស្តីបន្ទោសចំពោះការធ្លាក់ចុះទិន្នផលផលិតកម្មស្រារបស់ពិភពលោក។ ក្នុងនោះអូស្ត្រាលី និងអ៊ីតាលីបានរងគ្រោះធ្ងន់ធ្ងរជាងគេ ដោយសារផលិតកម្មស្រារបស់ប្រទេសទាំងពីរ បានធ្លាក់ចុះចំនួន ២៦ភាគរយ និង ២៣ភាគរយ។

រីឯប្រទេសអេស្ប៉ាញក៏បានបាត់បង់ច្រើនជាង១ភាគ៥នៃផលិតកម្មស្រារបស់ខ្លួនផងដែរ ខណៈការប្រមូលផលដំណាំ ដើម្បីផលិតស្រានៅប្រទេសឈីលី និងអាហ្វ្រិកខាងត្បូងបានធ្លាក់ចុះជាង ១០ភាគរយ។ អង្គការ OIV បានគូសបញ្ជាក់ថា ការប្រមូលផលទំពាំងបាយជូជាសកលបានរងគ្រោះធ្ងន់ធ្ងរបំផុតមិនធ្លាប់មានចាប់តាំងពីឆ្នាំ១៩៦១ ហើយអាក្រក់ជាងការប៉ាន់ប្រមាណនៅដើមខែវិច្ឆិកា។

ស្ថាប័នអន្តររដ្ឋាភិបាលដែលមានមូលដ្ឋាននៅប្រទេសបារាំងក៏បានអះអាងដែរថា ដំណឹងអាក្រក់បន្ថែមទៀតសម្រាប់អ្នកផលិតស្រា នោះគឺការទទួលទានស្រារបស់អតិថិជនទូទាំងពិភពលោកទាបជាង ៣ភាគរយក្នុងឆ្នាំ២០២៣។ ទោះបីជាយ៉ាងណា បារាំងបានតស៊ូជំនះនឹងនិន្នាការប្រមូលផលដែលធ្លាក់ចុះ ជាមួយនឹងការទទួលបានកំណើន ៤ភាគរយ ដែលធ្វើឱ្យប្រទេសអឺរ៉ុបនេះ ក្លាយជាអ្នកផលិតស្រាធំបំផុតរបស់ពិភពលោក៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner