ក្រុមការងារក្រសួងអភិវឌ្ឍន៍ជនបទចុះពិនិត្យ និងវាយតម្លៃបញ្ចប់សុពលភាពលើការងារថែទាំផ្លូវពីរខ្សែប្រវែងជាង១៤គីឡូម៉ែត្រនៅស្រុកកំពង់ស្វាយ 

កំពង់ធំៈឯកឧត្តម សាន វិសាល រដ្ឋលេខាធិការ តំណាងឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ កាលពីព្រឹកថ្ងៃសុក្រទី២៦ ខែមេសា បានដឹកនាំគណ:កម្មការអន្តរក្រសួង រួមមាន ក្រសួងអភិវឌ្ឍន៍ជនបទ និងតំណាងក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ,លោក តាន់ វាសនា ប្រធានមន្ទីរស្តីទីនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ធំ និងមន្ត្រីបច្ចេកទេសផ្លូវជនបទចុះត្រួតពិនិត្យ និងវាយតម្លៃបញ្ចប់សុពលភាព លើការងារថែទាំផ្លូវជាលក្ខណៈខួប ដោយក្រាលល្បាយក្រួស ចំនួនពីរខ្សែ ប្រវែងសរុប១៤,៨គីឡូម៉ែត្រ ស្ថិតនៅឃុំព្រៃគុយ និងឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
ក្នុងឳកាសនេះឯកឧត្តម សាន វិសាល បានណែនាំថាដើម្បីឱ្យផ្លូវទាំងពីរខ្សែនេះធានាបាននូវការប្រើប្រាស់សូមឱ្យម្ចាស់ក្រុមហ៊ុនសាងសង់ត្រូវតែគោរពទៅគោលការណ៍បច្ចេកទេសមានស្តង់ដារ ត្រឹមត្រូវ។
គណៈកម្មការអន្តរក្រសួងបានឯកភាពទទួលយកលើការងារបញ្ចប់សុពលភាព គម្រោងថែទាំផ្លូវជាលក្ខណៈខួបផ្លូវទាំងពីរខ្សែខាងលើនិងបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋសូម ចូលរួមថែរក្សាផ្លូវទាំងពីរខ្សែនេះ ឳ្យបានល្អប្រយោជន៍ប្រើប្រាស់បានយូរអង្វែង។
សូមជម្រាបថា ផ្លូវទាំងពីរខ្សែនេះអនុវត្តដោយមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ធំ ស្ថិតក្នុងផែនការឆ្នាំ២០២៣៕
ដោយៈ ប៊ុន រដ្ឋា

ads banner