ចិនបញ្ជូនអវកាសយានិក ៣នាក់ទៅកាន់ស្ថានីយអវកាស Tiangong ដោយជោគជ័យ

ប៉េកាំង៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ថា យានអវកាសដែលដឹកអវកាសយានិកចំនួន៣នាក់ នៃបេសកកម្ម Shenzhou-18 របស់ប្រទេសចិនបានចូលចតដោយសុវត្ថិភាពនៅស្ថានីយអវកាស Tiangong នៅថ្ងៃសុក្រទី២៦ ខែមេសា ដែលនេះជាជំហានចុងក្រោយ នៃកម្មវិធីអវកាសរបស់ទីក្រុងប៉េកាំង ដែលមានបំណងបញ្ជូនអវកាសយានិកទៅកាន់ឋានព្រះចន្ទនៅឆ្នាំ២០៣០។

ក្រុមអវកាសយានិកត្រូវបានបញ្ជូនទៅកាន់ស្ថានីយអវកាស Tiangong ឬប្រែថា “វិមានឋានសួគ៌” តាមរយៈគ្រាប់រ៉ុក្កែត Long March-2F ពីមជ្ឈមណ្ឌលបាញ់បង្ហោះផ្កាយរណប Jiuquan នៅភាគពាយព្យរបស់ប្រទេសចិន នៅវេលាម៉ោង ៨និង៥៩នាទីយប់ (ម៉ោងក្នុងតំបន់) កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ។ ទីភ្នាក់ងារព័ត៌មានរដ្ឋស៊ីនហួរបានរាយការណ៍ថា នៅព្រឹកថ្ងៃសុក្រនេះ យានអវកាសបានចូលចតដោយជោគជ័យនៅស្ថានីយអវកាស Tiangong។

បេសកកម្មនេះដឹកនាំដោយលោក Ye Guangfu ដែលជាអ្នកបើកយន្តហោះចម្បាំង និងជាអវកាសយានិកធ្លាប់មានបទពិសោធន៍ហោះហើរទៅកាន់ភពចន្ទនៅឆ្នាំ២០២១។ គាត់បានចូលរួមដោយអវកាសយានិកពីរនាក់ទៀត គឺលោក Li Cong និងលោក Li Guangsu ដែលធ្វើដំណើរទៅកាន់ទីអវកាសជាលើកដំបូង។ ទីភ្នាក់ងារអវកាសចិនបានបញ្ជាក់ថា ក្នុងអំឡុងស្នាក់នៅទីនោះ ក្រុមអវកាសយានិកនឹងអនុវត្តលើការងារពិសោធន៍ទៅលើផ្នែករូបវិទ្យា, វិទ្យាសាស្ត្រសម្ភារៈអវកាស, វិទ្យាសាស្ត្រជីវិត, វេជ្ជសាស្ត្រអវកាស និងបច្ចេកវិទ្យាអវកាស។

បន្ថែមលើនេះ ពួកគេក៏នឹងព្យាយាមបង្កើតអាងចិញ្ចឹមត្រីមួយនៅលើយានអវកាសផងដែរ ដើម្បីស្វែងយល់ពីការចិញ្ចឹមត្រីដោយគ្មានទំនាញផែនដី នេះបើយោងតាមសារព័ត៌មានស៊ីនហួរ។
គួរបញ្ជាក់ថា មហាអំណាចសេដ្ឋកិច្ចទីពីររបស់ពិភពលោកនេះ បានចំណាយប្រាក់រាប់ពាន់លានដុល្លារ ទៅក្នុងកម្មវិធីអវកាសដែលគ្រប់គ្រងដោយយោធារបស់ខ្លួន ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីតាមឱ្យទាន់សហរដ្ឋអាមេរិក និងរុស្ស៊ី។

ទីក្រុងប៉េកាំងក៏មានគោលបំណងបញ្ជូនអវកាសយានិករបស់ខ្លួន ទៅកាន់ឋានព្រះចន្ទនៅឆ្នាំ២០៣០ ហើយគ្រោងនឹងសាងសង់មូលដ្ឋាននៅលើផ្ទៃព្រះចន្ទផងដែរ។ ស្ថានីយអវកាស Tiangong ត្រូវបានគេរំពឹងថា នឹងស្ថិតនៅលើទីអវកាសក្នុងចម្ងាយពី ៤០០ ទៅ ៤៥០គីឡូម៉ែត្រ ពីផែនដី យ៉ាងហោចណាស់ ១០ឆ្នាំ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner