ងាប់បាឡែន ជិត៣០ក្បាល លើឆ្នេរអូស្ត្រាលី

បរទេស៖ នាយកដ្ឋានគ្រប់គ្រងជីវៈចម្រុះអូស្ត្រាលី ហៅកាត់ DPAW បានអះអាងថា មានត្រីបាឡែន ប្រភេទ Pilot ចំនួន២៨ក្បាលបានងាប់ នៅលើឆ្នេរសមុទ្រ ភាគខាងលិច នាពេលថ្មីៗនេះ។

បាឡែនទាំងនេះបានងាប់ ក្រោយពេលជាប់គាំង នៅឯឆ្នេរសមុទ្រ Dunsborough ភាគខាងត្បូង នៃទីក្រុង Perth រយៈពេល ៦ម៉ោង កាលពីថ្ងៃព្រហស្បតិ៍ ដោយបានជាប់ជាមួយនឹងបាឡែន ជាង១០០ក្បាលទៀត។ ប៉ុន្តែ មានបាឡែន ១៣០ក្បាលត្រូវបានសង្គ្រោះ ដោយមន្ត្រីជំនាញនិងអ្នកស្ម័គ្រចិត្ត បានសហការគ្នា ទាញពួកវាចេញពីឆ្នេរដែលជាប់គាំង ហើយបញ្ជូនទៅក្នុងសមុទ្រ ដែលមានទឹកជ្រៅ វិញ។

ត្រីបាឡែនជាប់គាំងនៅលើឆ្នេរ មិនមែនជារឿងចម្លែកនោះទេ នៅក្នុងប្រទេសអូស្ត្រាលី នូវែលសេឡង់ និងស្កុតឡែន ក្បែរខាងគ្នា។ ក្នុងនោះ ត្រីបាឡែនប្រហែល ៥០០ក្បាលបានងាប់ នៅលើកោះ Chatham ដាច់ស្រយាល របស់នូវែលសេឡង់ ក្នុងឆ្នាំ២០២២ ក្រោយជាប់គាំងលើឆ្នេរ ដូចគ្នា។ កាលពីឆ្នាំមុន ត្រីបាឡែនជាង ៥០ក្បាលបានងាប់ នៅប្រទេស ស្កុតឡែន ដោយសារតែមូលហេតុ ដូចគ្នា។

អ្នកវិទ្យាសាស្ត្រនៅតែទាន់កំណត់ច្បាស់ ថាតើអ្វីជាមូលហេតុ ដែលវាចេះតែជាប់គាំង លើឆ្នេរបែបទេ។ ប៉ុន្តែ អ្នកស្រាវជ្រាវខ្លះ គិតថា បាឡែនទាំងនេះបានមករកចំណី នៅទឹករាក់ ទើបផុងខ្លួន ហែលទៅទឹកជ្រៅវិញ មិនបាន។

គួរបញ្ជាក់ថា ត្រីបាឡែន Pilot ដែលជាទូទៅ មានប្រវែង ជាង៦ម៉ែត្រ ចូលចិត្តនៅប្រមូលផ្តុំគ្នាជាហ្វូងដ៏ច្រើន ហើយពួកវាងាយនឹងវង្វេង ប្រឈមនឹងគ្រោះថ្នាក់៕ ប្រភពពី AFP និង CNN ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner