បណ្ឌិត ជា វ៉ាន់ដេត៖ យើងនឹងខិតខំប្រែក្លាយឃុំត្រពាំងក្រសាំងឳ្យទៅជាឃុំដែលមានការអភិវឌ្ឍ ប្រៀបបាននឹងទីក្រុងនៅទីជនបទ
តាកែវ៖ រយៈពេលប្រាំឆ្នាំទៀត យើងនឹងខិតខំប្រែក្លាយឃុំត្រពាំងក្រសាំង ឳ្យក្លាយទៅជាឃុំមួយដែលមានការអភិវឌ្ឍខ្លាំង ដែលប្រៀបបាននឹងទីក្រុងនៅក្នុងទីជនបទ។ឯកឧត្តម ជា វ៉ាន់ដេត សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តតាកែវបានថ្លែងដូច្នេះកាលពីរសៀលថ្ងៃសៅរ៍ទី២៧ ខែមេសា ឆ្នាំ២០២៤ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលថ្លែង អំណរគុណនិងបើកការដ្ឋានកសាងផ្លូវបេតុងប្រាំបីខ្សែប្រវែងប្រាំបីគីឡូម៉េត្រ ស្ថិតនៅឃុំត្រពាំងក្រសាំង ស្រុកបាទី ខេត្តតាកែវ បន្ទាប់ពីគណបក្សប្រជាជនកម្ពុជាទទួលបានលទ្ធផលសំលេងឆ្នោតគាំទ្រច្រើនលើសលប់នៅទូទាំងស្រុកបាទី។
ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត បន្ថែមថា ឃុំត្រពាំងក្រសាំង ទាំងមូលនឹងទទួលបានផ្លូវបេតុងប្រវែងប្រាំបីគីឡូម៉ែត្រ ក្នុងចំណោមផ្លូវបេតុងសរុបទាំងអស់ ៨៤ខ្សែ ស្មើនឹង៨៤គីឡូម៉ែត្រ ដែលនឹងផ្ដល់ជូនសម្រាប់ប្រជាពលរដ្ឋនៅស្រុកបាទី។
ឯកឧត្តម បន្ថែមថា សមិទ្ធផល និងកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារចុះមូលដ្ឋានខេត្តតាកែវ ក៏ដូចជាស្រុក ទទួលបានការគាំទ្របោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា និងសូមឱ្យបងប្អូនបន្តគាំទ្រគណបក្សប្រជាជនកម្ពុជាបន្តទៅទៀត ពីព្រោះមានតែគណបក្សប្រជាជនកម្ពុជាទេដែលដឹកនាំប្រទេស អភិវឌ្ឍន៍ ភូមិ ឃុំ ជូនលោកយាយ លោកតា ពូមីង បងប្អូន ពីមួយអាណត្តិទៅមួយអាណត្តិ ដែលនិងសម្រេចបាននូវសមិទ្ធផលថ្មីៗ ទៀត។
ឯកឧត្តម ក៏បានជំរុញដល់ប្រជាពលរដ្ឋត្រូវចូលរួមការពារផលប្រយោជន៍របស់ប្រទេស។ការពារផលប្រយោជន៍រាជរដ្ឋាភិបាល គាំទ្រគណបក្សប្រជាជនកម្ពុជា ដើម្បីឱ្យភូមិឃុំ របស់យើងមានការអភិវឌ្ឍតទៅទៀត ។
នៅក្នុងឱកាសនេះដែរ ឯកឧត្តមក៏បានអំពាវនាវដល់ប្រជាពលរដ្ឋត្រូវចូលរួមថែរក្សាផ្លូវទាំងអស់ នៅក្រោយពេលដែលសាងសង់រួចរាល់ និងត្រូវចូលរួមដាំដើមឈើនៅអមសងខាងផ្លូវ ក៏ដូចជានៅក្នុងភូមិឋានរៀងៗខ្លួន ដើម្បីបង្កើនសោភណ្ឌភាពស្រស់បំព្រង ៕
អត្ថបទ៖ ង៉ាន់ ទិត្យ
រូបភាព ៖ រិន រចនា