ស្រៀង វិរៈ ៖ ការពារតំណែងមេដាយមាសមិនបាន តែតាំងចិត្តយកជើងឯកអាស៊ីអាគ្នេយ៍នៅឆ្នាំ២០២៥
ភ្នំពេញ៖ ម្ចាស់មេដាយមាសជើងឯកអាស៊ីអាគ្នេយ៍ពីរសម័យកាល កីឡាករ ស្រៀង វិរៈ បង្ហាញអារម្មណ៍សោកស្តាយ ក្រោយការពារតំណែងមេដាយមាសមិនបានក្នុងព្រឹត្តិការណ៍ប្រកួតកីឡាការ៉ាតេជើងឯកអាស៊ីអាគ្នេយ៍លើកទី១១ នៅប្រទេសថៃ ដោយចាញ់កីឡាករប្រទេសវៀតណាម ហើយឈ្នះត្រឹមមេដាយសំរឹទ្ធជូនជាតិ។
ការបាត់បង់តំណែងម្ចាស់មេដាយមាស ស្រៀង វិរៈ បង្ហាញអារម្មណ៍ខកចិត្តយ៉ាងខ្លាំង ដោយប្តេជ្ញាចិត្តខិតខំហ្វឹកហាត់ដុសខាត់សមត្ថភាព និងបច្ចេកទេសត្រៀមដណ្តើមយកមេដាយមាសជាថ្មីក្នុងព្រឹត្តិការណ៍ជើងឯកអាស៊ីអាគ្នេយ៍នៅប្រទេសថៃ ឆ្នាំ២០២៥ និងបង្កើនកម្រិតមេដាយពីមេដាយសំរឹទ្ធក្នុងព្រឹត្តិការណ៍ស៊ីហ្គេមឈានដល់ប្រាក់ឬក៏មេដាយមាសជូនជាតិក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣៣ នៅប្រទេសថៃ។
កីឡាករការ៉ាតេ ស្រៀង វិរៈ ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាការ៉ាតេជើងឯកអាស៊ីអាគ្នេយ៍លើកទី១១ ប្រកួតលើវិញ្ញាសាប្រយុទ្ធដក៨៤គីឡូក្រាម បានចាញ់កីឡាករប្រទេសវៀតណាម វគ្គឡើងទៅដណ្តើមមេដាយប្រាក់និងមាស។ បរាជ័យក្នុងវគ្គដ៏សំខាន់នេះ គឺជាបទពិសោធន៍មួយធ្វើឱ្យកីឡាករការ៉ាតេទម្ងន់ធន់រូបនេះ តាំងចិត្ត ខិតខំហ្វឹកហាត់ ពង្រឹងគុណភាព ដោយមិនឱ្យភ្លាត់ស្នៀតទៀតឡើយ ។
គួរឱ្យដឹងដែរថា កីឡាករការ៉ាតេដែលមានជំនាញកីឡាចំនួនពីរគឺបាល់ទះ និង ការ៉ាតេ កីឡាករ ស្រៀង វិរៈ ដណ្តើមបានមេដាយមាសពីរលើក ក្នុងការប្រកួតកីឡាការ៉ាតេជើងឯកអាស៊ីអាគ្នេយ៍លើកទី៩ និងជើងឯកអាស៊ីអាគ្នេយ៍លើកទី១០ ខណៈការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះដណ្តើមបានមេដាយសំរឹទ្ធ៕
ដោយៈជាវ ចន្ធូ