ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន ៖ រដ្ឋាភិបាល និងអ្នកសារព័ត៌មាន គឺជាដៃគូ ក្នុងការផ្សព្វផ្សាយព័ត៌មានពិតដើម្បីផលប្រយោជន៍ប្រជាពលរដ្ឋ និងសុខដុមនីយកម្មក្នុងសង្គម

(ភ្នំពេញ)៖ «ក្នុងភាពជាដៃគូររវាងរាជរដ្ឋាភិបាលនិងអ្នកព័ត៌មា គឺមិនអាចកាត់ផ្តាច់នូវផ្នែកណាមួយនោះទេ ព្រោះថា រាជរដ្ឋាភិបាលកម្ពុជា ត្រូវការសារព័ត៌មានដើម្បីផ្សព្វផ្សាយព័ត៌មានទៅកាន់ប្រជាពលរដ្ឋ និងពាំនាំនូវព័ត៌មានពីប្រជាពលរដ្ឋដើម្បីសុខដុមនីយកម្មក្នុងសង្គម ការយល់ដឹង និងការដោះស្រាយបញ្ហានានាឱ្យបានទាន់ពេលវេលា និងឆ្លើយតបនឹងបំណងដ៏ពិសិដ្ឋរបស់ប្រជាពលរដ្ឋ»។

នេះជាការថ្លែងរបស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤ ក្នុង «វេទិកាសារធារណៈអ្នកសារព័ត៌មានដើម្បីក្តាប់នូវសំណើនិងសំណូមពរ បញ្ហាប្រឈមរបស់អ្នកសារព័ត៌មានដើម្បីស្វែងរកដំណោះស្រាយ ដែលសហការរៀបចំដោយក្រសួងព័ត៌មាន និងសមាគមសារព័ត៌មានអេឡិចត្រូនិច MSJ នៅទីស្តីការក្រសួងព័ត៌មាន ដោយមាន អ្នកសារព័ត៌មានចូលរួមជិត ៤០០នាក់ ។

ឯកឧត្តមរដេ្ឋមន្ត្រី នេត្រ ភក្ត្រា បន្តថា គោលដៅរួមរបស់រាជរដ្ឋាភិបាល ក្រសួង ស្ថាប័ន និងសារព័ត៌មាន គឺធ្វើយ៉ាងណាធានានូវសិទ្ធិទទួលព័ត៌មានរបស់ប្រជាពលរដ្ឋ ហើយធានាថា ប្រជាពលរដ្ឋទទួលបានព័ត៌មានពិតត្រឹមត្រូវ ។ ដូច្នេះជម្រើសយកភាពជាដៃគូរវាងរាជរដ្ឋាភិបាល ក្រសួងស្ថាប័ន និងសារព័ត៌មាន ជាផ្នែកនៃកិច្ចសហប្រតិបត្តិការមួយប្រកបដោយសុខដុមនីយកម្មនៅក្នុងសង្គម រវាងអ្នកផ្តល់ព័ត៌មាន និងអ្នកដែលប្រមូលព័ត៌មានដើម្បីផ្សព្វផ្សាយបន្តដល់ប្រជាពលរដ្ឋ ។

ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា បានថ្លែងកោតសរសើរដល់អ្នកសារព័ត៌មាន ដែលបានចូលរួមយ៉ាងសកម្មក្នុងការផ្សព្វផ្សាយអំពីរឿងរ៉ាវទាំងឡាយដែលបានកើតឡើងនៅក្នុងប្រទេសកម្ពុជាប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ ហើយតាមរយៈតួនាទីរបស់ប្រព័ន្ធផ្សព្វផ្សាយនេះហើយបាននាំយកនូវរឿងរ៉ាវពិតប្រាកដនៅមូលដ្ឋាន ដើម្បីឱ្យអាជ្ញាធរមានសមត្ថកិច្ច ធ្វើការដោះស្រាយបានទាន់ពេលវេលា ។

ឯកឧត្តម រដ្ឋមន្ត្រី បានជម្រាបជូនពីដំណើរការងាររបស់ក្រសួងព័ត៌មាន ក្នុងការរៀបចំធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានរួមមួយសម្រាប់ភាគីពាក់ព័ន្ធទាំងអស់អាចយកទៅអនុវត្តបានទាំងអស់គ្នា ក្នុងគោលបំណងរួមចំណែកលើកតម្កើងតម្លៃវិជ្ជាជីវៈសារព័ត៌មាន និងអភិវឌ្ឍវិស័យព័ត៌មាននៅកម្ពុជាឱ្យកាន់រីកចម្រើនឡើងថែមទៀត។ ជាមួយគ្នានេះ ក្រសួងព័ត៌មានបាននិងកំពុងដំណើរការរៀបចំច្បាប់ស្តីពីរបបសារព័ត៌មានដែលមានវ័យចំណាស ២៩ ឆ្នាំនេះឡើងវិញ រួមនឹងបានបង្កើនសកម្មភាពបណ្តុះបណ្តាលផ្ទៃក្នុង និងការសហការជាមួយសមាគមអ្នកសារព័ត៌មានដើម្បីបណ្តុះបណ្តាលបង្កើនសមត្ថភាពធនធានមនុស្សក្នុងចំណោមអ្នកសារព័ត៌មានដែលកំពុងប្រកបអាជីពរបស់ខ្លួន។

ឯកឧត្តម នេត្រ ភក្ត្រា បានថ្លែងថា ការរៀបចំធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន គឺជាកិច្ចការអាទិភាពចម្បងក្នុងចំណោមបេសកកម្មសំខាន់ៗរបស់ក្រសួងព័ត៌មានក្នុងអាណត្តិទី៧នេះ សម្រាប់ជាមូលដ្ឋានរឹងមាំក្នុងការលើកកម្ពស់តម្លៃវិជ្ជាជីវៈសារព័ត៌មាន កសាងបន្ថែម និងថែរក្សា ទំនុកចិត្តរបស់ប្រជាជន និងសង្គមជាតិទាំងមូលមកលើវិស័យព័ត៌មានកម្ពុជា។

លោកបណ្ឌិត ម៉េង សុភ័ណ្ឌ ប្រធានសមាគមសារព័ត៌មាន អេឡិចត្រូនិច អឹម អេស ជេ “ បានជម្រាបជូនថា វេទិកាសារធារណៈអ្នកសារព័ត៌មាន”ត្រូវបានរៀបចំឡើង ដើម្បី ស្វែងរកចំណុចរួមមួយនៃទំនាក់ទំនងព័ត៌មាន រវាងអ្នកសារព័ត៌មាន ជាមួយនឹងស្ថាប័នពាក់ព័ន្ធ ព្រមទាំងបានលើកឡើងនូវសំណូមពរចំនួន ៦ ចំណុចដើម្បីបង្កើនគុណភាពវិស័យសារព័ត៌មាននៅកម្ពុជា។ វេទិកាសារធារណៈនេះដែរ នឹងផ្តល់ឱកាស ជូនអ្នកសារព័ត៌មាន ក្នុងការផ្លាស់ប្តូរយោបល់ បទពិសោធ ក៏ដូចជាការលើកជាសំនួរទៅកាន់រដ្ឋមន្រ្តីក្រសួងព័ត៌មាន មន្ត្រីជំនាញដែលត្រូវផ្តល់ព័ត៌មាន ឬឆ្លើយតបទៅកាន់អ្នកសារព័ត៌មាន ពិសេសធ្វើការតម្រង់ទិសដល់អ្នកសារព័ត៌មាន ៕

ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner