ឆេះសណ្ឋាគារ ស្លាប់មនុស្ស១០នាក់ នៅប្រេស៊ីល
ប្រាស៊ីលីយ៉ា៖ ក្រុមមន្ត្រីបាននិយាយថា មនុស្សយ៉ាងហោចណាស់ ចំនួន១០ នាក់បានស្លាប់ ក្នុងហេតុការណ៍អគ្គីភ័យឆាបឆេះសណ្ឋាគារ លែងដំណើរការ មួយកន្លែង មានទីតាំងស្ថិតក្នុងទីក្រុង Porto Alegre នៃរដ្ឋ Rio Grande do Sul ភាគខាងត្បូង ប្រទេសប្រេស៊ីល។
អភិបាលក្រុង Porto Alegre លោក Sebastiao Melo បានសរសេរ នៅលើបណ្តាញសង្គម X ថា ជនរងគ្រោះដែលរងរបួស ជាច្រើននាក់ ត្រូវបានជួយសង្គ្រោះ និងបញ្ជូនទៅកាន់មន្ទីរពេទ្យ ប៉ុន្តែ មិនបាននិយាយថា មានចំនួនប៉ុន្មាននាក់ នោះទេ។ យ៉ាងណាមិញ របាយការណ៍ពីប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍ថា ចំនួនអ្នករងរបួស មាន១១នាក់ ក្នុងនោះ មួយចំនួនស្ថិត ក្នុងស្ថានភាពធ្ងន់ធ្ងរ។
អភិបាលរដ្ឋ Rio Grande do Sul លោក Eduardo Leite បានប្រកាសចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារជនរងគ្រោះ។ លោកបានអះអាងថា អ្នកជំនាញផ្នែកកោសល្យវិច្ច័យកំពុងស៊ើបអង្កេត រកមូលហេតុនៃសោកនាដកម្ម ដែលបានកើតឡើង កាលពីថ្ងៃសុក្រ លើកនេះ៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត