ការជួសជុលខឿនព្រះលានជល់ដំរី ស្ថិតនៅក្នុងដំណាក់កាលចុងក្រោយ និងអាចបញ្ចប់នៅចុងឆ្នាំ២០២៤

(ភ្នំពេញ)៖គិតរហូតមកដល់ពេលនេះការជួសជុលខឿនរបស់ព្រះលានជល់ដំរីកំពុង ស្ថិតនៅក្នុងដំណាក់កាលចុងក្រោយ ហើយគេរំពឹងថាអាចនឹងបញ្ចប់នៅចុង ឆ្នាំ២០២៤ខាងមុខ។

គួរបញ្ជាក់ថាអាជ្ញាធរជាតិអប្សរា សហការជាមួយទីភ្នាក់ងារសហប្រតិបត្តិការ អន្តរជាតិកូរ៉េ ( KOICA) តាមរយៈមូលនិធិបេតិកភណ្ឌវប្បធម៌កូរ៉េ (KCHF) បានធ្វើការជួសជុល រចនាសម្ព័ន្ធមួយចំនួនរបស់ព្រះលានជល់ដំរី ដែលរងការ ខូចខាតឱ្យប្រសើរឡើងវិញ។

ការជួសជុលព្រះលានជល់ដំរីបាន ធ្វើនៅទីតាំងចំនួន២ផ្សេងគ្នា គឺមួយស្ថិតនៅផ្នែកខាង ជើង ប្រវែង២០ម៉ែត្រ និងមួយទៀត នៅផ្នែកខាងត្បូង ប្រវែង ១៥ម៉ែត្របានចាប់ផ្តើម តាំងពី ចុង ឆ្នាំ ២០២១មក។ ក្នុងដំណើរការជួសជុលក្រុមអ្នកបច្ចេកទេសផ្តោតការ អនុវត្តលើការងារសំខាន់ៗមួយចំនួនដូចជា ពង្រឹងគ្រឹះ ពង្រឹងរចនាសម្ពន្ធពាក់ព័ន្ធ ផ្នែកខាងក្នុង និងខាងក្រោម ព្រមទាំងរៀបផ្គុំជញ្ជាំងនៃខឿនដែលទ្រេត និងថ្មពុកផុយ ឱ្យល្អឡើងវិញទៅតាមទម្រង់ដើម។

អ្នកបុរាណវិទ្យា និងជាក្រុមការងារបច្ចេកទេសនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណ វិទ្យា ប្រចាំការនៅការដ្ឋានជួសជុលព្រះលានជល់ដំរីទីតាំងA អ្នកស្រី សៀង សុផានី ឱ្យដឹងថាការងារដែលសម្រេចនៅទីតាំងA បានបញ្ចប់ការងារកំណាយស្រាវជ្រាវ បែបបុរាណវិទ្យា និងជួសជុលសម្រាលថ្មបាយក្រៀមផ្នែកខាងលើដែលស្រុត ព្រមទាំង បានពង្រីកការជួសជុលកម្រាលនៅទិសខាងត្បូងប្រវែង៣ម៉ែត្របន្ថែមទៀតនូវផ្នែកដែលស្រុតបញ្ចៀសការហូរច្រោះដោយទឹកភ្លៀង និងជួសជុលពង្រឹងគ្រឹះ ហើយរៀបជញ្ជាំង ថ្មភក់ផ្នែកខាងកើតនៃព្រះលានជល់ដំរីបានចំនួន៥រួត។

ចំណែក ស្ថាបត្យករ និងជាក្រុមការងារបច្ចេកទេសនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា ប្រចាំការនៅការដ្ឋានទីតាំងC លោក ព្រំ ទិត្យឆពណ្ណរិទ្ធ ឱ្យដឹងថា មកដល់បច្ចុប្បន្ន ក្រុមការងារបានជួសជុលពង្រឹង និងរៀបជញ្ជាំងដែលទ្រេតមកខាងមុខ ត្រឹមត្រូវតាមលំនាំដើមបាន៩០ភាគរយ។ រីឯផ្នែកកម្រាលខាងលើ កំពុងសិក្សារៀបចំប្រព័ន្ធរំដោះទឹកទៅតាមអនុសាសន៍របស់ ក្រុមអ្នក ជំនាញការអាយស៊ីស៊ី-អង្គរ។ ដូច្នេះការងារដែលនៅសេសសល់មានតែ ការរៀបចំប្រព័ន្ធរំដោះទឹក រៀបចំកម្រាលផ្នែកខាងលើឡើងវិញ និងបង្កាន់ដៃនាគជាដើម៕

ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner