សម្តេចធិបតី ហ៊ុន ម៉ាណែត ជូនបណ្ណសរសើរ និងថវិកា ដល់ថ្នាក់ដឹកនាំខេត្តចំនួន៦ មិនមានគ្រោះថ្នាក់ចរាចរណ៍ ក្នុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជូនបណ្ណសរសើរ និងថវិកា ជូនដល់ថ្នាក់ដឹកនាំខេត្តចំនួន៦ ដែលបានដឹកនាំគ្រប់គ្រងសុវត្តិភាពពិសេស មិនមានគរោះថ្នាក់ចរាចរណ៍ ក្នុងឱកាសនៃការប្រារព្វពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ រយៈពេល៤ថ្ងៃកន្លងទៅថ្មីៗនេះ នៅវិមានសន្តិភាពទីស្តីការនាយករដ្ឋមន្រ្តី កាលពីរសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤ ។

ខេត្តទាំង៦ ដែលមិនមានគ្រោះថ្នាក់ចរាចរណ៍ ក្នុងឱកាសនៃការប្រារព្វពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ២៥៦៧ រយៈពេល៤ថ្ងៃ ពីថ្ងៃទី១៣ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ រួមមានខេត្តប៉ៃលិន ខេត្តកោះកុង ខេត្តត្បូងឃ្មុំ ខេត្តមណ្ឌលគីរី ខេត្តកំពង់ឆ្នាំង និងខេត្តព្រៃវែង ។ ខេត្តនិមួយៗទទួលបានបណ្ណសរសើររបស់រាជរដ្ឋាភិបាលកម្ពុជា ចំនួន ១សន្លឹក ថវិកា ២០០លានរៀន និងភេសជ្ជៈ ១ពាន់កេស ។

បណ្ណសរសើររបស់រាជរដ្ឋាភិបាល ដែលបានផ្តល់ជូនខេត្តទាំង៦ មានអត្ថន័យដូចគ្នាថា បណ្ណសរសើរ រាជរដ្ឋាភិបាលកម្ពុជា ជូនចំពោះរដ្ឋបបាលខេត្ត ដែលមានស្នាដៃ ក្នុងការរក្សាសណ្តាប់ធ្នាប់បានល្អប្រសើរ ដោយពុំមានគ្រោះថ្នាក់ចរាចរណ៍ នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំរោង ឆស័ក ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃសៅរ៍ ៥កើត ដល់ថ្ងៃអង្គារ ៨កើត ខែចេត្រ ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ដល់ឆ្នាំទី១៦ ខែមេសា ឆ្នាំ២០២៤ ដើម្បីជាសក្ខីភាព នៃការដឹងគុណរបស់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា នូវបណ្ណសរសើរនេះ ។

បើទោះបីមិនមានការថ្លែងសុន្ទរកថាអ្វី នៅក្នុងពិធីប្រគល់ និងទទួលនោះក៏ពិតមែន ប៉ុន្តែសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍យ៉ាងខ្លីថា សម្តេចសូមចូលរួមចំណែកនូវការអបអរសាទរអស់ពីដួងចិត្តដល់ថ្នាក់ដឹកនាំ និងមន្រ្តីគ្រប់លំដាប់ថ្នាក់នៃខេត្តទាំង៦ ដែលមានស្នាដៃឆ្នើមក្នុងការបំពេញភារកិច្ច រក្សាសណ្តាប់ធ្នាប់ និងបញ្ចៀសបាននូវគ្រោះថ្នាក់ចរាចរណ៍ ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ។

សម្តេចធិបតីបានណែនាំឲ្យថ្នាក់ដឹកនាំខេត្តទាំង៦ ត្រូវការពារខ្សែក្រវ៉ាត់ដែលបានផ្តល់ជូននោះ សម្រាប់ការរៀបចំដូចគ្នានៅឆ្នាំខាងមុខ។

ថ្នាក់ដឹកនាំខេត្តទាំង៦ បានគោរពអរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះគតិបណ្ឌិតនៃការដឹកនាំប្រកបដោយថាមពល និងកម្លាំងខ្លាំងក្លា របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខដឹកនាំ ។

ថ្នាក់ដឹកនាំទាំងអស់ បានចាត់ទុកថា នេះជាស្នាដៃរួមរបស់អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ និងការចូលរួមរបស់ប្រជាពលររដ្ឋ និងអ្នកបើកបរគ្រប់រូប ដែលបានគោរពច្បាប់ចរាចរ ការយោគយល់អធ្យាស្រ័យគ្នា ពិសេសការបើកបបរប្រកបដោយការទទួលខុសត្រូវ ដែលមិនមានគ្រោះថ្នាក់ចរាចរណ៍កើតឡើង ដែលជាគោលបំណងសំខាន់របស់រាជរដ្ឋាភិបាល ក្នុងការជំរុញនិងបង្កលក្ខណៈបន្ថែមទៀត ដើម្បីការពារអាយុជីវិត និងផលប្រយោជន៍ជូនប្រជាជន ព្រោះថាគ្រោះថ្នាក់ចរាចរណ៍ និងធ្វើឲ្យមានការខាតបងយ៉ាងច្រើនដល់សេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចជាតិ ៕

អត្ថបទ៖ វណ្ណលុក
រូបភាព៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner