ប្រតិបត្តិការបង្រ្កាបបទល្មើសកាប់រានដីព្រៃទ្រង់ទ្រាយធំ ២៣ថ្ងៃនៅខេត្តស្ទឹងត្រែងចាប់បានមេខ្លោង១០នាក់

ស្ទឹងត្រែង៖ ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន ប្រធានក្រុមអន្តរាគមន៍ពិសេសទី២ របស់ខុទ្ទកាល័យសម្តេចធិបតីនាយករដ្ឋមន្ត្រីកម្ពុជា បានដឹកនាំក្រុមការងារ
រួមជាមួយគណៈបញ្ជាការឯកភាពខេត្ត បានចុះប្រតិបត្តិការបង្រ្កាបការកាប់រានទន្រ្ទានដីព្រៃរបស់រដ្ឋ បន្ទាប់ពីមានសកម្មភាពកាប់ទន្ទ្រានយកដីក្នុងតំបន់ការពារ និងអភិរក្សដែលមានទំហំដីរាប់ពាន់ហិកតាមកនោះ នៅក្នុងភូមិសាស្រ្តអូរវល្លិ៍ប្រាំដំឡឹង នៃស្រុកបុរីអូស្វាយសែនជ័យ និងភូមិសាស្រ្តក្រឡាពស់ នៃស្រុកសេសាន ។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានកាលព្រឹកថ្ងៃទី២៩ ខែមេសា ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមមេត្តាឈប់ជឿលើការឃោសនារបស់មេខ្លោង ឬមេខ្យល់ដែលបំផុសបំផុលនាំឱ្យមានការប្រព្រឹត្ត បទល្មើសដោយមិនដឹងខ្លួន ។

សូមជម្រាបថា ប្រតិបត្តិការទ្រង់ទ្រាយធំក្រុមការងារបានកំណត់មុខសញ្ញា និងចាប់ខ្លួនជនប្រព្រឹត្តបទល្មើសទន្រ្ទានដីព្រៃរបស់រដ្ឋ បានចំនួន១០នាក់ និងបានកសាងសំណុំរឿងបញ្ជូនទៅតុលាការ និងដាក់ពន្ធនាគារដោយគ្មានការលើក លែង ។

បេសកកម្មពិសេសនេះ បានចាប់ផ្តេីមកាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៤ និងបញ្ចប់នៅថ្ងៃទី២៩ ខែមេសា ដែលដឹកនាំផ្ទាល់ដោយឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន និងគណៈបញ្ជាការឯកភាពខេត្តស្ទឹងត្រែង ដោយអនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ។

ក្រោយការចាប់ខ្លួនជនប្រព្រឹត្តបទល្មើសទន្រ្ទានដីព្រៃរបស់រដ្ឋជាបន្តបន្ទាប់ និងបញ្ជូនទៅឃុំខ្លួនក្នុងពន្ធនាគាររួចមក ក្រុមការងាររួមទាំងថ្នាក់ខេត្ត និងមន្ទីរពាក់
ព័ន្ធ បានសម្របសម្រួល និងណែនាំដល់ប្រជាពលរដ្ឋដែលចាញ់បោកក្រុមមេខ្យល់នាពេលកន្លងមកនោះ ឱ្យពួកគាត់យល់អំពីផ្លូវច្បាប់ ហើយពួកគាត់ទាំងនោះ ក៏បានយល់ព្រម និងសម្រេចចិត្តរុះរើ ដោយចាកចេញទៅស្រុកកំណើតវិញ។ រីឯផ្ទៃដីដែលបានដកហូតមកវិញនោះ គឺត្រូវបានប្រគល់ទៅមន្ទីរជំនាញពាក់ព័ន្ធគ្រប់គ្រងវិញ ៕
អត្ថបទនិងរូបភាព:ដេង ម៉ាវិន

ads banner