Microsoft គ្រោងបង្កើតតំបន់មជ្ឈមណ្ឌលទិន្នន័យដំបូងនៅថៃ

បាងកក៖ ក្រុមហ៊ុន Microsoft បានប្រកាសនៅថ្ងៃពុធទី០១ ខែឧសភាថា ខ្លួននឹងបង្កើតតំបន់មជ្ឈមណ្ឌលទិន្នន័យដំបូងនៅក្នុងប្រទេសថៃ ដើម្បីជំរុញហេដ្ឋារចនាសម្ព័ន្ធ Cloud និងបញ្ញាសិប្បនិម្មិត AI ហើយសន្យាថា នឹងផ្តល់ការបណ្តុះបណ្តាលជំនាញ AI ដល់ពលរដ្ឋថៃជាង ១០ម៉ឺននាក់ ដើម្បីអភិវឌ្ឍបច្ចេកវិទ្យា។

ប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុន Microsoft លោក Satya Nadella បាននិយាយនៅក្នុងទីក្រុងបាងកកថា ប្រទេសថៃមានសក្តានុពលមិនគួរឱ្យជឿ ក្នុងការកសាងអនាគតឌីជីថលដំបូងគេបង្អស់ ដែលដំណើរការដោយបញ្ញាសិប្បនិមិ្មត AI។ តំបន់មជ្ឈមណ្ឌលទិន្នន័យ គឺជាទីតាំងដែលរក្សាទុកហេដ្ឋារចនាសម្ព័ន្ធកុំព្យូទ័រ ដែលនឹងអនុញ្ញាតឱ្យចូលប្រើប្រាស់វេទិកា Cloud ដែលមានសុវត្ថិភាព និងអាចទុកចិត្តបាន។

លោក Nadella បានសង្កត់ធ្ងន់ថា តំបន់មជ្ឈមណ្ឌលទិន្នន័យថ្មីរបស់យើង បូករួមនឹងការវិនិយោគដែលយើងកំពុងបង្កើតនៅក្នុងវេទិកា Cloud និងហេដ្ឋារចនាសម្ព័ន្ធ AI ក៏ដូចជាជំនាញ AI នឹងបង្កើតការប្តេជ្ញាចិត្តវិនិយោគយូរអង្វែងរបស់យើងចំពោះប្រទេសថៃ។
ទីក្រុងបាងកក គឺជាទីតាំងសេដ្ឋកិច្ចដ៏សំខាន់មួយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ប៉ុន្តែរដ្ឋធានីរបស់ប្រទេសថៃនេះ បានដើរតាមក្រោយប្រទេសឥណ្ឌូនេស៊ី និងសិង្ហបុរី នៅពេលនិយាយអំពីឧស្សាហកម្មបច្ចេកវិទ្យា។

ប៉ុន្តែបន្ទាប់ពីការប្រកាសរបស់ក្រុមហ៊ុន Microsoft ការិយាល័យគណៈកម្មការសេដ្ឋកិច្ច និងសង្គមឌីជីថលជាតិរបស់ប្រទេសថៃ បានអះអាងថា សេដ្ឋកិច្ចឌីជីថលនឹងចូលរួមចំណែករហូតដល់ ៣០ភាគរយនៃផលិតផលក្នុងស្រុកសរុប (GDP) នៅឆ្នាំ ២០២៧៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner