ប្រជាពលរដ្ឋ ភូមិប៉ាតឡាង បោះបង់មុខរបរត្បាញរំពាក់ មកលក់ដូរក្នុងវត្ត ចន្ទប្បជោត្តនារាម ហៅវត្តតាសុត ធ្វើឱ្យជីវភាពប្រសើរឡើង 

(ខេត្តកំពង់ឆ្នាំង)៖ ដោយសារតែភាពល្បីល្បាញ របស់ព្រះអង្គ ច័ន្ទមុន្នី គង្គនៅវត្ត ចន្ទប្បជោត្តនារាម ហៅវត្តតាសុត ស្ថិតនៅក្នុងភូមិប៉ាតឡាង ឃុំក្រាំងលាវ ស្រុករលាប្អៀរ ដែលធ្វើឲ្យបងប្អូនប្រជាពលរដ្ឋ ភ្លូកទឹកភ្លូកដីទៅកាន់ទីអារាមមួយនេះ បានប្រែក្លាយ ប្រជាពលរដ្ឋរស់នៅ ក្នុងភូមិខាងលើនេះ  ផ្លាស់ប្តូរមុខរបរប្រចាំគ្រួសារ ទម្លាក់ទម្លាប់ចាស់ កាន់យកមុខរបរថ្មី ដើម្បីបង្កើនជីវភាពគ្រួសារ ។

អ្នកភូមិប៉ាតឡាង ឃុំក្រាំងលាវ ស្រុករលាប្អៀរ មានមុខរបរបន្ទាប់បន្សំ ពីដូនតា គឺការតម្បាញរំពាក់ ធ្វើបង្គី កញ្ជើ ល្អី និងរបស់ប្រើប្រាស់ផ្សេងទៀតជាដើម។ បច្ចុប្បន្នពួកគាត់បានបោះបង់មុខរបរ នេះអស់ហើយ ពុំមានអ្នកណាទៅបោចរំពាក់ និងអ្នកត្បាញរំពាក់ ធ្វើបង្គី កញ្ឆើទៀតឡើយ។

ក្នុងគ្រួសារនីមួយៗបានទៅចាប់មុខរបរលក់ដូរនៅក្នុងវត្ត គ្រប់ៗគ្នាព្រោះការលក់ដូរបស់ពួកគាត់កាក់កបណាស់ ។ ពួកគាត់លក់ ទំនិញសព្វសារពើផ្សេងៗតាមតម្រូវការភ្ញៀវ ដែលបានមកកាន់ទីអារ៉ាមួយនេះ ដូចជាលក់ ទៀន ធូប ទឹកសុទ្ធ ប្រេងក្រឡា ទឹកអប់ និងរូបព្រះអង្គច័ន្ទមុន្នីជាដើម ។ បើសម្រាប់បុរសខ្លះក៏បានទៅធ្វើជាសន្តិសុខ រៀបចំសណ្ដាប់ធ្នាប់ ខ្លះជាអ្នកអនាម័យ
ដាក់ភាស៊ី យាមឡាន ម៉ូតូជាដើម ។

នៅក្នុងវត្តក្រោមម្លប់ដើមឈើ គេឃើញក្រុមការងាររបស់វត្ត តាសុត រៀបចំឱ្យបងប្អូនលក់ដូរជាជួរតាមក្រោមម្លប់ដើមឈើ អមសងខាងផ្លូវខ្វាត់ខ្វែង មានកន្លែងចតឡាន ចតម៉ូតូ មានក្រុមការងារចំរៀបចំដាក់ឱ្យរថយន្តរបស់ភ្ញៀវឈប់តាមចំណត ថ្ងៃណាក៍ដូចជាថ្ងៃណាភ្ញៀវមកស្អេកស្កះ ហើយបើប៉ះថ្ងៃបុណ្យ ឬថ្ងៃដែលវត្តរៀបចំបុណ្យផ្សេងៗផង គឺចង្អៀត ស្ទះចរាចររាប់គីឡូ ទម្រាំចូលដល់វត្ត។ ដោយឡែកនៅក្នុងភូមិវិញបើចំគ្មានថ្ងៃបុណ្យ ហាក់ស្ងាត់ជ្រងុំ ព្រោះមនុស្សបានទៅវត្តអស់ហើយ ។

ស្ត្រីជាអាជីវករ មានតូបលក់ដូរ នៅក្បែរវត្តក្រាំងលាវ ដែលមានចម្ងាយប្រមាណជាង ១គីឡូម៉ែត្រពីវត្តតាសុត លក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះ បានរៀបរាប់ថា ៖ មិនបានចូលទៅលក់ដូរ ក្នុងវត្តតាសុតដូចគេទេ គឺលក់ដូរនៅផ្ទះ តែពេលបុណ្យទាន មានភ្ញៀវសម្រុកមកខ្លាំងក៍លក់ដូរដាច់នឹងគេដែរ។

ស្ត្រីរូបនោះបន្តថា៖ មុនពេលដែលមានភាពល្បីល្បាញរបស់ព្រះអង្គច័ន្ទ មុន្នី ប្រជាពលរដ្ឋរស់នៅក្នុងភូមិនេះ បានប្រកបមុខរបរធ្វើស្រែចម្ការ និងមុខរបរបន្ទាប់បន្សំគឺទៅបោចរំពាក់មកត្បាញ  ។

ប៉ុន្តែបច្ចុប្បន្ន ផ្ទះណាដូចផ្ទះណា ពុំមាន អ្នកណាទៅបោចរំពាក់យកមកត្បាញធ្វើបង្គី កន្ត្រក ឬកញ្ជើល្អីអ្វីនោះទេ។ រូបគាត់ផ្ទាល់គឺជាអ្នកទិញ បង្គីកញ្ជើ ល្អី រាយ ពីក្នុងភូមិ ហើយយកមកចងបាច់បោះដុំលក់បន្ត ។ ឥឡូវទិញលេងបានហើយ ព្រោះគ្មានអ្នកត្បាញ សូម្បីតែស្រូវ កាល
មុនប្រជាពលរដ្ឋ ពេលខ្វះខាតបាន យកស្រូវមកលក់ឱ្យគាត់ក្នុង ១ថ្ងៃគាត់ទិញបាន ២០ ទៅ ៣០ការ៉ុងដែរ តែបច្ចុប្បន្ន គ្មានអ្នកយកស្រូវមកលក់ឱ្យគាត់ទេ តាមគាត់ស្មានបងប្អូនមិនខ្វះខាតដូចមុនទៀតទេ ។ ហើយឮថា ពេលខ្លះមានថ្ងៃបុណ្យម្នាក់ៗលក់បានប្រាក់លានរៀលក៍មាន។

ដោយឡែកអាជីវករ លក់ត្រីងៀតត្រីឆ្អើរនៅផ្សារលើ ម្នាក់ ដែលសុំមិនបញ្ចេញឈ្មោះដូចគ្នា ក៏បានរៀបរាប់ថាមុនពេលមានភាពអ្វីល្បាញ របស់ព្រះអង្គ ច័ន្ទ មុន្នី រូបគាត់ជាអាជីវករលក់ដូរនៅផ្សារលើ លក់មិនសូវដាច់ទេ ហើយថែមជំពាក់លុយធនាគារច្រើនណាស់ ។ លុះក្រោយបានមកលក់ដូរនៅក្នុងវត្តតាសុត ទាំង
២នាក់ប្ដី ប្រពន្ធ មិនត្រឹមតែបាន សងធនាគារទេ គាត់នៅសល់ប្រាក់មួយចំនួនទៀត ។

សរុបសេចក្តីទៅ វត្តចន្ទប្បជោត្តនារាម ហៅវត្តតាសុត ក្នុងភូមិប៉ាតឡាងនិងក្លាយ ជាវត្តដែលមានភាពល្បីល្បាញ មានភ្ញៀវទេសចរណ៍ ជាច្រើន មកកាន់ទីអារាមមួយនេះ ដែលធ្វើឱ្យបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានមានជីវភាពប្រសើរជាក់ជាពុំខាន ៕

ដោយ ៖ សុខ គឹមសៀន

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner