ផ្ទះគេបោះបង់ចោលនៅជប៉ុន កើនជិត ៤លានខ្នង

តូក្យូ៖ ចំនួនផ្ទះដែលគេបោះបង់ចោលក្នុងប្រទេសជប៉ុន កើនឡើងជិត ៤លានខ្នង ឬប្រហែល ៨០ភាគរយក្នុងរយៈពេល ២០ឆ្នាំ ដោយទិន្នន័យចុងក្រោយបំផុតរបស់រដ្ឋាភិបាលជប៉ុន បានចង្អុលបង្ហាញថា ដោយសារការធ្លាក់ចុះយ៉ាងគំហុក នូវកំណើនប្រជាសាស្រ្តនៅតាមតំបន់ជនបទ។

យោងតាមការស្ទង់មតិដែលបានចេញផ្សាយនៅថ្ងៃអង្គារទី៣០ ខែមេសា ដោយក្រសួងកិច្ចការផ្ទៃក្នុង និងទំនាក់ទំនងជប៉ុន បានឱ្យដឹងថា ផ្ទះដែលគេបោះបង់ចោលមានចំនួន ៣.៨៥លានខ្នងនៅទូទាំងប្រទេសជប៉ុន គិតត្រឹមខែតុលា ឆ្នាំ២០២៣ តួលេខនេះកើនឡើងចំនួន ៣៦ម៉ឺនខ្នង បើធៀបនឹងការស្ទង់មតិពីមុន ដែលបានធ្វើឡើងក្នុងឆ្នាំ២០១៨។ ផ្ទះដែលគេបោះបង់ចោល ចង់សំដៅលើលំនៅដ្ឋានដែលទុកទំនេរចោលរយៈពេលយូរ ដោយមិនរាប់បញ្ចូលផ្ទះជួល, ផ្ទះវិស្សមកាល និងអចលនទ្រព្យផ្សេងៗទៀត។

ផ្ទះដែលគេបោះបង់ចោល ភាគច្រើនជាផ្ទះដែលងាយនឹងរងការខូចខាត ឬបំផ្លិចបំផ្លាញ ដែលធ្វើឲ្យផ្ទះទាំងអស់នោះ ប្រឈមនឹងការរាតត្បាតពីសត្វល្អិត ការបាក់ដួលរលំ និងបញ្ហាផ្សេងៗទៀត។ ចំនួនផ្ទះដែលគេបោះបង់ចោលកំពុងកើនឡើងយ៉ាងគំហុក ជាចម្បងនៅតាមតំបន់ជនបទដែលមានចំនួនប្រជាជនរស់នៅតិចតូច។ ខេត្ត Wakayama និងខេត្ត Tokushima ជាខេត្តមានផ្ទះគេបោះបង់ចោលច្រើនជាងគេ រហូតដល់ ២១.២ភាគរយ ក្នុងចំណោមខេត្តចំនួន ៤៧ របស់ប្រទេសជប៉ុន ខណៈតួលេខនេះក៏រួមបញ្ចូលផងដែរ នូវចំនួនអាផាតមិន និងខុនដូដែលកំពុងកើនឡើង។

ប្រទេសជប៉ុនបានអនុម័តច្បាប់កាលពីឆ្នាំ២០១៥ ដែលអនុញ្ញាតឱ្យអាជ្ញាធរក្នុងតំបន់ចេញការព្រមានទាក់ទងនឹងផ្ទះទំនេរ ដែលមានហានិភ័យនៃការដួលរលំ និងរុះរើផ្ទះទាំងនោះ ប្រសិនបើការកែលម្អមិនត្រូវបានធ្វើឡើង។ ហើយដើម្បីដោះស្រាយស្ថានការណ៍នេះឱ្យកាន់តែប្រសើរឡើង រដ្ឋាភិបាលជប៉ុនបានធ្វើវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងខុនដូនៅឆ្នាំ២០២២ ដើម្បីឱ្យអាជ្ញាធរមូលដ្ឋានអាចចេញការណែនាំ និងព្រមានដល់ម្ចាស់អាផាតមិន ឬខុនដូដែលគ្រប់គ្រងមិនត្រឹមត្រូវ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner