Tesla បញ្ឈប់នាយកផ្នែកស្ថានីយសាករថយន្ត EV
បរទេស៖ លោកស្រី Rebecca Tinucci នាយកជាន់ខ្ពស់ ទទួលបន្ទុកស្ថានីយសាករថយន្តអគ្គិសនី ឬ EV Charging របស់ក្រុមហ៊ុន Tesla នឹងត្រូវបញ្ឈប់ពីការងារ ស្របពេលដែលក្រុមហ៊ុនអាមេរិកមួយនេះ រុះរើផ្នែកចំនួនពីរ ក្នុងបរិបទ ទីផ្សាឡាន EV កាន់តែតានតឹង។
យោងតាមអ៊ីមែលរបស់ លោក Elon Musk នាយកប្រតិបត្តិ Tesla ដែលត្រូវបានផ្សព្វផ្សាយ កាលពីពេលថ្មីៗនេះ បង្ហាញទៀតថា លោក Daniel Ho ប្រធានផ្នែកផលិតផលថ្មី របស់ក្រុមហ៊ុន ក៏ត្រូវបញ្ឈប់ពីការងារដែរ។ បុគ្គលិកប្រមាណ ៥០០នាក់ស្ថិតក្រោមការគ្រប់គ្រង់របស់លោកស្រី Rebecca Tinucci ឬ ផ្នែក Supercharger ភាគច្រើន ប្រឈមនឹងការបាត់បង់ការងារ។
ផ្អែកតាមសារអ៊ីមែលនេះ ដដែល លោក Elon Musk បានលើកឡើងថា លោកនឹងចម្រាញ់ រក្សាទុកតែបុគ្គលិកណាដែលល្អឥតខ្ចោះ, ចាំបាច់ និងគួរឱ្យទុកចិត្ត តែប៉ុណ្ណោះ ដោយប្តេជ្ញាកាត់បន្ថយការចំណាយ។
កាលពីដើមខែមេសា ក្រុមហ៊ុន Tesla បានប្រកាស ពីផែនការកាត់បន្ថយបុគ្គលិក ១៤០០០នាក់ ដែលស្មើនឹង ១០ភាគរយ នៃបុគ្គលិកសរុបរបស់ខ្លួន ដោយសារតែធ្លាក់ចុះការលក់ឡានអគ្គិសនី។
កាលពីសប្តាហ៍មុន ក្រុមហ៊ុន Tesla បានរាយការណ៍ពីការធ្លាក់ចុះចំណូល ៥៥ ភាគរយ ប្រចាំត្រីមាស។ ក៏ប៉ុន្តែ ភាគហ៊ុនរបស់ Tesla បានកើនឡើង កាលពីសប្តាហ៍មុន ដោយសារតែការសន្យារបស់លោក Musk ក្នុងការពន្លឿន ការផលិតរថយន្ត EV សេរីថ្មី ដែលមានតម្លៃសមរម្យ ចំពេលដែលលោក Musk ធ្វើទស្សនកិច្ច នៅប្រទេសចិនជាមួយនឹងការចង់ក្តោបទីផ្សាចិន លើបច្ចេកវិទ្យាស្វ័យបើកបរ៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត