ស្នងការនគរបាលខេត្តកំពត ប្រើប្រាស់រថយន្តចល័តចុះធ្វើអត្តសញ្ញាណបណ្ណ សញ្ជាតិខ្មែរ ជូនសិស្សានុសិស្សនៅតាមវិទ្យាល័យ

កំពត៖ មន្ត្រីនគរបាលជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តកំពត បានចុះធ្វើអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ជូនដល់សិស្សានុសិស្សដែលគ្រប់អាយុត្រូវធ្វើ នៅតាមបណ្តាវិទ្យាល័យក្នុងខេត្តកំពត តាមរយៈរថយន្តចល័ត ដែលបានបំពាក់ឧបករណ៍រួចជាស្រេច ។

តាមការឱ្យដឹងពី លោកវរសេនីយ៍ឯក យី គា នាយការិយាល័យអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ នៃស្នងការដ្ឋាននគរបាលខេត្តកំពតបានប្រាប់ឱ្យដឹងថា យោងតាមការណែនាំរបស់ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្ត កម្លាំងរបស់លោកបានចុះធ្វើអត្តសញ្ញាណបណ្ណជូនក្មួយៗដែលជាសិស្សានុសិស្ស ដែលគ្រប់អាយុប្រើប្រាស់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ដែលយុទ្ធនាការនេះនឹងអនុវត្តនៅគ្រប់វិទ្យាល័យទូទាំងខេត្ត តាមរយៈរថយន្តចល័តដែលបានបំពាក់ឧបករណ៍សម្ភារ:គ្រប់គ្រាន់ និងបែបទំនើបរបស់ស្នងការដ្ឋាននគរបាលខេត្ត។

ជាមួយគ្នានេះដែរ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ បានបញ្ជាក់ថា ដោយសារក្មួយៗថ្នាក់វិទ្យាល័យដល់អាយុត្រូវទទួលអត្តសញ្ញាណបណ្ណ តែមិនមានពេលវេលាគ្រប់គ្រាន់ក្នុងការទៅទទួលសេវានៅតាមបណ្តាអធិការដ្ឋាននគរបាលក្រុង-ស្រុក ទើបស្នងការដ្ឋានបញ្ជូនមន្ត្រីជំនាញចុះធ្វើជូនដើម្បីជួយសម្រួលការលំបាក។

លោកឧត្តមសេនីយ៍ទោស្នងការបានបន្តថា យុទ្ធនាការនេះបានចាប់ផ្តើមកាលពីរសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤ នៅវិទ្យាល័យព្រះរាជសម្ភារ ដោយធ្វើបានចំនួន ៧១នាក់។ ចំណែកថ្ងៃទី៣០ ខែមេសា កំពុងបន្តធ្វើនៅវិទ្យាល័យវឌ្ឍនវិជ្ជាក្រុងកំពតបន្តទៀត។ លោកស្នងការបានបញ្ជាក់ថា ការចុះធ្វើនេះមិនសំដៅតែលើសិស្សប៉ុណ្ណោះទេ ពោលគឺបើបងប្អូនប្រជាពលរដ្ឋរស់នៅក្បែរវិទ្យាល័យដែលគ្រប់អាយុ មានអត្តសញ្ញាណបណ្ណហួសសុពលភាព ឬខូច ក៏អាចធ្វើបានដោយគ្រាន់តែកាន់ឯកសារពាក់ព័ន្ធយកទៅឱ្យប៉ុស្តិ៍នគរបាលរដ្ឋបាលដើម្បីបញ្ជាក់ រួចមកបង្ហាញមន្ត្រីជំនាញជាការស្រេច។

ទន្ទឹមនឹងនោះលោកឧត្តមសេនីយ៍ទោស្នងការ ក៏បានរំលឹកដល់ប្រជាពលរដ្ឋទាំងអស់ដែលបន្តសុពលភាពអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ សូមកុំធ្វើការកែប្រែទិន្នន័យដោយខ្លួនឯង ព្រោះការកែប្រែទិន្នន័យឱ្យខុសពីអត្តសញ្ញាណបណ្ណចាស់គឺធ្វើឱ្យរយៈពេល នៃការចេញអត្តសញ្ញាណបណ្ណមានការយឺតយ៉ាវ ៕

ដោយ ៖ សិលា សារិន

ads banner