ជប៉ុនបង្កើតរោងចក្រផ្គុំ និងដំឡើងយានយន្តតូយ៉ូតា នៅកម្ពុជា
ភ្នំពេញ៖ នាយកប្រតិបត្តិ នៃក្រុមហ៊ុន តូយ៉ូតា ស៊ុយស៊ូ (Toyota Tsusho) បានចាត់ទុកការបង្កើតរោងចក្រផ្គុំ និងដំឡើងយានយន្តតូយ៉ូតា នឹងបន្តចូលរួមលើកស្ទួយសេដ្ឋកិច្ច និងការអភិវឌ្ឍសង្គម តាមរយៈការអភិវឌ្ឍឧស្សាហកម្មយានយន្តនៅកម្ពុជា ។ នេះជាប្រសាសន៍លោក អ៊ីជីរ៉ូ កាស៊ីតានី(Ichiro Kashitani ) នាយកប្រតិបត្តិនៃក្រុមហ៊ុន Toyota Tsusho ដែលបានថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ រោងចក្រផ្គុំ និងដំឡើងរថយន្តតូយ៉ូតា ដែលចំណាយទុនវិនិយោគជិត ៣៧លានដុល្លារ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី២ ឧសភា ២០២៤ នៅតំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់គ្រុបភ្នំពេញ ។
លោក Ichiro Kashitani បានឱ្យដឹងថា គម្រោងការចាប់ផ្តើមរោងចក្រផ្គុំ និងដំឡើងរថយន្តតូយ៉ូតា នៅកម្ពុជានេះ ត្រូវបានបង្កើតឡើងដោយផ្អែកលើអនុស្សរណៈយោគយល់លើកិច្ចសហប្រតិបត្តិការ សម្រាប់ការអភិវឌ្ឍឧស្សាហកម្មយានយន្ត ដែលត្រូវបានចុះហត្ថលេខាររវាងរាជរដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុន Toyota Tsusho នៅខែវិច្ឆិកា ឆ្នាំ ២០២២។ ពិធីនេះ ត្រូវបានរៀបចំនៅរោងចក្ររបស់តូយ៉ូតាដោយផ្ទាល់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់នៃសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោក អាតស៊ូស៊ី យូអេណូ(Atsushi Ueno )ឯកអគ្គរាជទូតជប៉ុន ប្រចាំនៅកម្ពុជា។
ការចាប់ផ្តើមសាងសង់រោងចក្រផ្គុំ និងដំឡើងរថយន្ត ត្រូវបានគេមើលឃើញថាជាការចាប់ផ្តើមនូវសមិទ្ធផលថ្មី ក្នុងប្រវត្តិសាស្ត្រ អស់រយៈពេល ៣០ឆ្នាំមកហើយ របស់ក្រុមហ៊ុនតូយ៉ូតា ក្នុងព្រះរាជាណាចក្រកម្ពុជា។ លោកនាយកប្រតិបត្តិបញ្ជាក់ថា Toyota Tsusho នឹងបន្តជំរុញធុរកិច្ចរបស់កម្ពុជា ក្នុងគោលបំណងចូលរួមចែករំលែកនូវសុភមង្គល ទៅដល់ប្រជាជនកម្ពុជា ដោយសម្រេចឱ្យបាននូវ អព្យាក្រឹត្យកាបូន និងលើកស្ទួយធនធានមនុស្ស។
ទីផ្សារយានយន្តនៅកម្ពុជា ត្រូវបានរំពឹងទុកថា នឹងបន្តរីកចម្រើនឥតឈប់ឈរ ស្របទៅតាមកំណើនសេដ្ឋកិច្ចក្នុងប្រទេស។ តាមរយៈការបង្កើតរោងចក្រផ្គុំ និងដំឡើងយានយន្ត Toyota Tsusho នឹងបន្តចូលរួមលើកស្ទួយសេដ្ឋកិច្ច និងការអភិវឌ្ឍសង្គម តាមរយៈការអភិវឌ្ឍឧស្សាហកម្ម យានយន្ត ដោយចូលរួមធ្វើការយ៉ាងស៊ីជម្រៅ ក្នុងខ្សែចង្វាក់ផលិតកម្មប្រកបដោយគុណតម្លៃ, ការបង្កើតការងារ, និងការអភិវឌ្ឍធនធានមនុស្ស ។នេះបើតាមលោកនាយកប្រតិបត្តិបញ្ជាក់។
រោងចក្រផ្គុំ និងដំឡើងរថយន្តតូយ៉ូតា ជាក្រុមហ៊ុនឯកជន បង្កើតឡើងដោយក្រុមហ៊ុនមេ TOYOTA TSUSHO CORPORATION នៃប្រទេសជប៉ុន មានភាគហ៊ុនចំនួន ៩០ភាគរយ និងក្រុមហ៊ុន គង់ នួន គ្រុប ចំនួន១០ភាគរយ។ ក្រុមហ៊ុន តូយ៉ូតា ស៊ុយស៊ូ មេនូហ្វេកឈឺរីង បានទទួលវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បង្កើតរោងចក្រផ្តុំ និងដំឡើងរថយន្តតូយ៉ូតា ដែលមានទីតាំងក្នុងតំបន់សេដ្ឋកិច្ច ពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ លើផ្ទៃដីសរុប ៤២,៩៧១ម៉ែត្រ
រោងចក្រនេះមានសមត្ថភាពដំឡើងរថយន្តចំនួន ពីប្រភេទ ។ទី១៖ ម៉ាក FORTUNER ជាប្រភេទ SUV និងទី២៖ ម៉ាក HILUX ជាប្រភេទ Pick-UP ដែលមានទុនវិនិយោគចំនួន ៣៦ ៧៨១ ០០០ដុល្លារអាមេរិក និងមានបុគ្គលិកសរុបចំនួន ១៥០នាក់ ហើយមានសមត្ថភាពដំឡើងរថយន្តចំនួន ១ ៣២០គ្រឿង សម្រាប់ផ្គត់ផ្គង់តម្រូវការទីផ្សារ (Market demand) ឆ្នាំ២០២៤ ក្នុងនោះរថយន្ត FORTUNER ចំនួន ២៩០គ្រឿង និងរថយន្ត HILUX ចំនួន ១ ០៣០គ្រឿង ។
អ្វីដែលកំពុងកើតឡើងនៅកម្ពុជានាពេលនេះ បានបង្ហាញថា វិស័យឧស្សាហកម្មកំពុងក្លាយជាចំណែកដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេស ហើយដែលរាជរដ្ឋាភិបាលបាននិងកំពុងជំរុញ៕
ដោយៈ វណ្ណលុក