សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការផ្តល់សេចក្តីទុកចិត្ត ចំពោះអ្នកវិនិយោគ គឺជារឿងសំខាន់សម្រាប់កម្ពុជា

ភ្នំពេញ៖ ការផ្តល់សេចក្តីទុកចិត្ត ចំពោះអ្នកវិនិយោគ គឺជារឿងសំខាន់សម្រាប់កម្ពុជា ។ នេះជាការបញ្ជាក់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអញ្ជើញជាអធិបតី សម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ រោងចក្រផ្គុំ និងដំឡើងរថយន្តតូយ៉ូតា ដែលចំណាយទុនវិនិយោគជិត ៣៧លានដុល្លារ នាព្រឹកថ្ងៃទី២ ឧសភា ២០២៤ នៅតំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់គ្រុបភ្នំពេញ ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា យើងខិតខំទាក់ម៉ូយ ទាក់ទាញអ្នកវិនិយោគជារឿងសំខាន់ ហើយអ្វីដែលសំខាន់បន្ថែមទៀត គឺ ការផ្តល់សេចក្តីទុកចិត្ត ចំពោះអ្នកវិនិយោគដែលមានស្រាប់នៅកម្ពុជា។

សម្តេចធិបតី បានបញ្ជាក់ថា យើងបានផ្តល់ជំនឿចិត្ត ដល់ក្រុមហ៊ុនដែលកំពុងវិនិយោគនៅកម្ពុជាដែលមានស្រាប់ ។ជាក់ស្តែងដូចជា៖ ក្រុមហ៊ុនតូយូតា ដែលបានមកវិនិយោគនៅកម្ពុជា ប្រមាណ៣០ឆ្នាំមកហើយ រហូតដល់ក្រុមហ៊ុននេះ បានពង្រីកការវិនិយោគ រហូតដល់បង្កើតជារោងចក្រ ដំឡើងរថយន្តនៅកម្ពុជា ផ្ទាល់តែម្តង ដូច្នេះ ការផ្តល់ជំនឿចិត្តដល់វិស័យឯកជន ជារឿងសំខាន់។

សម្តេច បន្តថា រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី ១ ដើម្បី កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដោយកំណត់យកអាទិភាពគន្លឹះចំនួន ៥ គឺ «មនុស្ស ផ្លូវ ទឹក ភ្លើង និង បច្ចេកវិទ្យា» ។

សម្តេចនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ដើម្បីទាញយកប្រយោជន៍ជាអតិបរមា និង ជំរុញឲ្យអស់សក្តានុពលនូវប្រភពធនធាន ដែលមានបច្ចុប្បន្ន និងប្រភពថ្មីនៃកំណើនសេដ្ឋកិច្ចរបស់កម្ពុជា រាជរដ្ឋាភិបាល បានគិតគូរគ្រប់ជ្រុងជ្រោយដោយផ្តល់ ការលើកទឹកចិត្តខ្ពស់ ដល់ការវិនិយោគក្នុងវិស័យអាទិភាព តាមរយៈច្បាប់ ស្តីពីវិនិយោគនៅកម្ពុជា ជាមួយនឹងការដាក់ចេញជាបន្តបន្ទាប់ នូវច្បាប់ គោលនយោបាយ និង ផែនការយុទ្ធសាស្ត្រចាំបាច់នានា ដែលមានភាពប្រទាក់ក្រឡាគ្នា សំដៅបង្កើត និងបង្កើនការងារ ដែលមានតម្លៃបន្ថែមខ្ពស់ និង ចាប់យកឱ្យបាននូវកាលានុវត្តភាពថ្មី ដែលកំពុងលេចឡើង ស្របនឹងនិន្នាការតំបន់ និងសកល ដើម្បីបង្កើនល្បឿន និង ធានាចីរភាព នៃកំណើនរយៈពេលវែង ៕

អត្ថបទ៖ វណ្ណលុក
រូបភាព៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner