កម្ពុជា បាត់ចំណូលនាំចូល តែចំណេញ តាមរយៈក្រុមហ៊ុននានា មកវិនិយោគនៅក្នុងប្រទេស

ភ្នំពេញ៖ កម្ពុជា បាត់ចំណូលនាំចូល តែចំណេញ ដោយបានបង្កើតការងារ និងជំនាញជូនពលរដ្ឋខ្មែរ តាមរយៈក្រុមហ៊ុនមកវិនិយោគក្នុងស្រុក ។ នេះជាការបញ្ជាក់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ រោងចក្រផ្គុំ និងដំឡើងរថយន្តតូយ៉ូតា ដែលចំណាយទុនវិនិយោគជិត ៣៧លានដុល្លារ នាព្រឹកថ្ងៃទី២ ឧសភា ២០២៤ នៅតំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់គ្រុបភ្នំពេញ ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កម្ពុជា ទាក់ទាញក្រុមហ៊ុនមកដំឡើងរថយន្តនៅកម្ពុជា ដូច្នេះកម្ពុជា បាត់ចំណូលនាំចូល តែកម្ពុជាចំណេញដោយបានបង្កើតការងារ និងជំនាញជូនពលរដ្ឋខ្មែរ ។

សម្តេចធិបតី បានមានប្រសាសន៍ថា ឯកឧត្តម គុណ ញឹម អគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានលើកឡើងថា ក្រុមហ៊ុនមកវិនិយោគបង្កើត រោងចក្រដំឡើងរថយន្តនៅកម្ពុជា គឺកម្ពុជា បានថយចំណូលពន្ធនាំចូលរថយន្តមកកម្ពុជា ។ សម្តេច ថា យើងសុខចិត្តថយចំណូលនាំចូលរថយន្ត តែយើងចំណេញ ផ្តល់ឱកាសដល់ពលរដ្ឋខ្មែរទទួលបានការងារ ទទួលបានចំណូល ទទួលបានជំនាញ ។

សម្តេចធិបតី បានបន្តថា យើងចេញពីហោប៉ៅស្តាំ តែចូលវិញ ហោប៉ៅឆ្វេង ។ សម្តេច បញ្ជាក់ថា ទោះបីហោប៉ៅឆ្វេង ឬហៅប៉ៅស្តាំ តែចំណូលទាំងនោះ គឺដើម្បីយកមកជួយប្រជាពលរដ្ឋ និងអភិវឌ្ឍន៍ប្រទេស ដើម្បីប្រជាជនយើងដដែលទេ ។

សម្តេចនាយករដ្ឋមន្ត្រី បង្ហាញសុទិដ្ឋិនិយម និង ក្តីសង្ឃឹមយ៉ាងមុតមាំថា ក្រោមដំបូលសុខសន្តិភាព ស្ថិរភាព នយោបាយម៉ាក្រូសេដ្ឋកិច្ច ជាមួយនឹងធនធានមនុស្ស និង កម្លាំងពលកម្មជំនាញវ័យក្មេង ប្រកបដោយជវភាពរបស់កម្ពុជា និង ភាពទាក់ទាញនៃការវិនិយោគនៅកម្ពុជា ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់បន្ថែមថា យើងនឹងបន្តទទួលបានការវិនិយោគប្រភេទឧស្សាហកម្មផ្អែកលើជំនាញនេះ ជាបន្តបន្ទាប់ទៀត ។ ក្នុងន័យនេះ សម្តេចធិបតី ថា កម្ពុជា ក៏ត្រូវបន្តអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឧស្សាហកម្ម ដែលបម្រើទៅដល់ការវិនិយោគ និងការបណ្តុះបណ្តាលធនធានមនុស្ស ប្រកបដោយជំនាញ ស្របតាមតម្រូវការទីផ្សារពលកម្ម ជាបន្ត ឥតដាច់ផងដែរ ។

ចក្ខុវិស័យររបស់រាជរដ្ឋាភិបាល ក្នុងនីតិកាលទី ៧ នេះ គឺជំរុញកែប្រែ និងធ្វើទំនើបកម្ម រចនាសម្ព័ន្ធឧស្សាហកម្ម នៅកម្ពុជា ពីឧស្សាហកម្មអតិពលកម្ម ឈានទៅ ឧស្សាហកម្ម ផ្នែកលើជំនាញ ស្របតាម គោលនយោបាយអភិវឌ្ឍន៍ វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ ២០១៥-២០២៥ សំដៅរួមចំណែកដល់ការបង្កើតតម្លៃបន្ថែមខ្ពស់ ដែលទ្រទ្រង់ដល់កំណើន សេដ្ឋកិច្ចខ្ពស់ ប្រកបដោយចីរភាព និង បរិយាប័ន្ន, ការបង្កើតការងារ, ការបង្កើនប្រាក់ចំណូល សមស្រប និង ជីវភាពកាន់តែប្រសើរ ឡើងជូនបងប្អូនប្រជាពលរដ្ឋយើង ។

សម្តេចធិបតី បានថ្លែងបន្តថា កម្ពុជា មានចក្ខុវិស័យប្រែក្លាយខ្លួន ជាមជ្ឈមណ្ឌលប្រមូលផ្តុំ សកម្មភាពផលិតគ្រឿងបង្គំយានយន្ត និងបរិក្ខារអេឡិចត្រូនិក សម្រាប់នាំចេញទៅទីផ្សារក្នុងតំបន់ និងសកលលោក ដែលការសម្រេចបានចក្ខុវិស័យនេះ នឹងនាំមកជាផ្លែផ្កាវិជ្ជមានជាច្រើន សម្រាប់ការអភិវឌ្ឍសង្គមសេដ្ឋកិច្ចជាតិ ៕

អត្ថបទ៖ វណ្ណលុក
រូបភាព៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner