ខេត្តកំពតនឹងបើកយុទ្ធនាការសង្គ្រោះគ្រោះរាំងស្ងួត បើគ្មានភ្លៀងធ្នាក់ក្នុងរយៈពេល ១០ថ្ងៃទៀត

កំពត៖ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត បានលើកឡើងថា ក្នុងនាមអាជ្ញាធរខេត្ត ថ្នាក់ដឹកនាំ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ខេត្តបានគិតគូរ និងរៀបចំផែនការត្រៀមបម្រុងដើម្បីឆ្លើយតបនឹងគ្រោះមហន្តរាយធម្មជាតិនានា ទៅលើទីតាំងភូមិសាស្ត្រមួយចំនួន នៅក្នុងខេត្ត ដែលងាយរងគ្រោះរួចហើយ ថាទីតាំងណាដែលងាយរងគ្រោះការជន់លិច និងទីតាំងណាដែលងាយរងគ្រោះដោយគ្រោះរាំងស្ងួត។

ឯកឧត្តម ម៉ៅ ធនិន បានលើកឡើងបែបនេះ ក្នុងកិច្ចប្រជុំត្រួតពិនិត្យការងារគ្រប់គ្រងគ្រោះមហន្តរាយ និងការងារអតីតយុទ្ធជន នាព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤ នៅសាលាខេត្តកំពត ។

ឯកឧត្តមបន្តថា កន្លងមករដ្ឋបាលខេត្តបានដាក់ផែនការទៅឲ្យអាជ្ញាធរមូលដ្ឋាន ភូមិឃុំ ស្រុក និងជំនាញ ដោយផ្អែកទៅលើការប្រើបា្រស់កម្លាំងសរុប មធ្យោបាយសរុប ដើម្បីអន្តរគមន៍ទៅលើបញ្ហាទាំងនោះ  ព្រោះវាអាចធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់ជីវភាពរបស់ប្រជាពលរដ្ឋ   ហើយជាងមួយឆ្នាំមកនេះ ខេត្តបានរៀបចំស្តាប្រឡាយ បឹង បួរ ដើម្បីស្តុកទឹកទុកបានមួយចំនួនធំ ។

ឯកឧត្តមបានបញ្ជាក់ថា ការងារនេះត្រូវបានធ្វើឡើងយ៉ាងម៉ឹងម៉ាត់បំផុត តាមបទបញ្ជារបស់រាជរដ្ឋាភិបាល និងក្រោមកិច្ចដឹកនាំផ្ទាល់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងជាអគ្គលេខាធិការ សមាគមអតីតយុទ្ធជនកម្ពុជា។ 

ឯកឧត្តមបានបន្តទៀងថា បើអាកាសធាតុនៅបន្តក្តៅខ្លាំង ហើយគ្មានភ្លៀងធ្លាក់ក្នុងរយៈពេល១០ ទៅ១៥ថ្ងៃទៀត  ខេត្តនឹងបើកយុទ្ធនាការជួយសង្គ្រោះគ្រោះរាំងស្ងួតដល់ពលរដ្ឋទូទាំងខេត្តតែម្តង ។

ឯកឧត្តម ច័ន្ទ  លំផាត់ តំណាង ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម បានកោតសរសើរ ចំពោះគណៈកម្មាធិការគ្រប់គ្រង់គ្រោះមហន្តរាយខេត្តកំពត ពិសេសឯកឧត្តម ម៉ៅ ធនិន ដែលបានត្រៀមផែនការយ៉ាងច្បាស់លាស់សម្រាប់ជួយសង្គ្រោះប្រជាពលរដ្ឋ ។

លោកបានលើកទឹកចិត្តឲ្យអាជ្ញាធរ មន្ត្រីជំនាញបន្តកិច្ចសហការល្អបន្ថែមទៀតលើកការងារគ្រប់គ្រងគ្រោះមហន្តរាយនេះ  ហើយបើមានតម្រូវការអ្វីបន្ថែម សូមរាយការណ៍ ព្រោះឯកឧត្តមកិត្តិសង្គហបណ្ឌិត លោកកំពុងតែខិតខំស្វែងរកគ្រប់លទ្ធភាព ក្នុងការរៀបចំសម្ភារៈផ្ទុកទឹក ដើម្បីចែកចាយជូនប្រជាពលរដ្ឋ ហើយបើតាមមន្ត្រីជំនាញ ថារអាកាសធាតុនឹងបន្តក្តៅហួតហែង រហូតដល់ចុងខែឧសភានេះ ទើបមានភ្លៀងធ្លាក់ ៕

ដោយ ៖ សិលា សារិន

ads banner