អ្នកសារព័ត៌មាន៖ សេរីភាពសារព័ត៌មាននៅកម្ពុជា មានភាពល្អប្រសើរ និងសំណូមពរ ឱ្យមានការបណ្ដុះបណ្ដាលបន្ថែម

ភ្នំពេញ៖ អ្នកសារព័ត៌មានចំនួនពីររូប បានលើកឡើងថា សេរីភាពសារព័ត៌មាននៅកម្ពុជា មានភាពល្អប្រសើរ ហើយលោកទាំងពីរក៏បានសំណូមពរឱ្យមានការបណ្ដុះបណ្ដាលបន្ថែមដល់អ្នកប្រកបអាជីពនេះ។

លោក សោម ចន្ថា អនុប្រធានព័ត៌មានស្ថានីយទូរទស្សន៍រាជធានីភ្នំពេញ ប៉ុស្ដិលេខ៣ (TV3) បានលើកឡើងថា សេរីភាពសារព័ត៌មាននៅកម្ពុជា មានភាពល្អប្រសើរ ដែលជាកាតាលីករមួយជួយជំរុញដល់ការអភិវឌ្ឍសង្គមសេដ្ឋកិច្ចរបស់កម្ពុជា។ សេរីភាពនេះ ត្រូវបានធានាដោយរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ច្បាប់ស្តីពីរបបសារព័ត៌មានកម្ពុជា និងលិខិតបទដ្ឋានគតិយុត្ត ជាធរមានផ្សេងទៀត។

អ្នកសារព័ត៌មានជើងចាស់ដែលប្រឡូកក្នុងវិស័យសារព័ត៌មានប្រមាណជាង ២០ឆ្នាំរូបនេះ ក៏បានលើកឡើងពីកត្តាប្រឈមសម្រាប់អ្នកសារព័ត៌មាន គឺមានខ្លះៗនៅក្នុងការអនុវត្តសិទ្ធិរបស់ខ្លួនខណៈបំពេញភារកិច្ច ដែលវាក៏ជាស្ថានភាពកើតឡើងចំពោះអ្នកសារព័ត៌មានដែលប្រកបអាជីពនេះ តែលោកថា បើយើងបំពេញការងារតាមក្រមសីលធម៌វិជ្ជាជីវៈត្រឹមត្រូវ និងក្នុងក្របខ័ណ្ឌច្បាប់កំណត់ គឺមិនមានបញ្ហាអ្វីត្រូវប្រឈមទេ ហើយត្រូវបានទទួលការការពារ ដោយក្រសួងព័ត៌មាន និងរាជរដ្ឋាភិបាល តាំងពីអាណត្តិមុនៗ មកដល់អាណត្តិទី៧នេះ ដែលនេះជាការងារអាទិភាពមួយស្ថិតនៅក្នុងក្របខ័ណ្ឌរួមនៃការធានាសិទ្ធិសេរីភាពសារព័ត៌មាន សិទ្ធិក្នុងការបញ្ចេញមតិ និងទទួលព័ត៌មាននៅកម្ពុជា ។

លោក សោម ចន្ថា បានបន្ថែមថា តួនាទីរបស់សារព័ត៌មានវិជ្ជាជីវៈ គឺការផ្តល់ចំណេះដឹង ព័ត៌មានពិត និងជឿទុកចិត្តបាន សម្រាប់ជាប្រយោជន៍ដល់ប្រជាជន អ្នកដឹកនាំ និងសង្គមជាតិទាំងមូល ។

ចំណែកលោក គង់ សេរីរ័ត្ន បានឱ្យដឹងដែរថា លោកបានប្រកបអាជីពជាអ្នកសារព័ត៌មានជាង ១០ឆ្នាំ តាំងពីស្ថាប័នឯកជន និងបច្ចុប្បន្នបម្រើការងារនៅទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP News) ។

លោកថា ដើម្បីលើកកម្ពស់គុណភាពសារព័ត៌មាន អ្នកសារព័ត៌មាន ត្រូវឈរលើគោលការណ៍ជាមូលដ្ឋាននៃការគោរពក្រមសីលធម៌ និងវិជ្ជាជីវៈសារព័ត៌មាន។ អ្នកសារព័ត៌មាន បានបំពេញតួនាទីដ៏សំខាន់ក្នុងការចូលរួមកែលម្អចំណុចខ្វះខាតនៅក្នុងសង្គម និងបាននាំយកព័ត៌មានពីរាជរដ្ឋាភិបាល ទៅកាន់ប្រជាពលរដ្ឋ និងនាំព័ត៌មានពីប្រជាពលរដ្ឋមករាជរដ្ឋាភិបាល ដើម្បីដោះស្រាយបញ្ហាឱ្យទាន់ពេលវេលា និងសុខុដុមនីយកម្មក្នុងសង្គម ចូលរួមថែរក្សាសុខសន្តិភាព ការអភិវឌ្ឍ។

លោកបន្តថា បច្ចុប្បន្ន វិស័យសារព័ត៌មាន បានប្រឈមជាមួយការរីកចម្រើនយ៉ាងឆាប់រហ័សនៃប្រព័ន្ធបច្ចេកវិទ្យាទំនើប ដូចជា ឥទ្ធិពលនៃបញ្ញាសិប្បនិម្មិតដែលកំពុងជ្រៀតចូលយ៉ាងខ្លាំង ក្នុងវិស័យព័ត៌មាន ។ ជាមួយនេះ ក៏មានការកើនឡើងនូវសារព័ត៌មានអនឡាញ និងការផ្សព្វផ្សាយតាមបណ្តាញទំនាក់ទំនងសង្គម ដែលគ្មានវិជ្ជាជីវៈ និងផ្សព្វផ្សាយព័ត៌មាន ដែលមានចរិតបំពុលសង្គមនិងការប្រើប្រាស់រូបភាព ធ្វើឱ្យប៉ះពាល់ដល់វប្បធម៌ អរិយធម៌ កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ជាតិ។ បញ្ហាប្រឈមទាំងនេះ ចាំបាច់អ្នកសារព័ត៌មានយើងទាំងអស់គ្នា ត្រូវតែចូលរួមដោះស្រាយ ។

ទន្ទឹមនឹងនេះដែរ លោកទាំងពីរក៏បានសំណូមពរដល់ក្រសួងព័ត៌មាន និងស្ថាប័នសារព័ត៌មាននានា បង្កើតវគ្គបណ្ដុះបណ្ដាលបន្ថែមលើវិស័យសារព័ត៌មាន ដើម្បីអ្នកសារព័ត៌មានទូទៅ និងអ្នកដែលចង់ក្លាយជាអ្នកសរសេរព័ត៌មាន បានយល់ដឹងច្បាស់លាស់ពីរបៀបសរសេរព័ត៌មានបែបវិជ្ជាជីវៈប្រកបដោយក្រមសីលធម៌ ៕ អត្ថបទ៖ វណ្ណលុក, រូបភាព៖ សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner