ទឹកជំនន់នៅប្រេស៊ីល សម្លាប់មនុស្សកើនជិត ៦០នាក់ និង ៧ម៉ឺននាក់ភៀសខ្លួនពីផ្ទះសម្បែង

ប្រាស៊ីលីយ៉ា៖ ទីភ្នាក់ងារការពារជនស៊ីវិលប្រេស៊ីល បាននិយាយនៅថ្ងៃសៅរ៍ថា ទឹកជំនន់ដ៏ធ្ងន់ធ្ងរ និងការរអិលបាក់ដីបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៥៧នាក់ នៅភាគខាងត្បូងប្រទេសប្រេស៊ីល ហើយបានបង្ខំមនុស្សជិត ៧០,០០០នាក់ផ្សេងទៀត ឱ្យភៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេ។

ប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់បានរាយការណ៍ថា យ៉ាងហោចណាស់មនុស្ស ៧៤នាក់បានរងរបួស និង ៦៧នាក់ផ្សេងទៀតកំពុងបាត់ខ្លួន នៅក្នុងគ្រោះមហន្តរាយទឹកជំនន់។ កម្រិតទឹកដែលកើនឡើងយ៉ាងលឿននៅក្នុងរដ្ឋ Rio Grande do Sul បានបង្កការគំរាមកំហែងផ្នែកសេដ្ឋកិច្ចយ៉ាងសំខាន់នៃទីក្រុង Porto Alegre ដែលជាទីក្រុងដែលមានប្រជាជនរស់នៅចំនួន ១.៤លាននាក់។

ទឹកទន្លេ Guaiba ដែលហូរកាត់ទីក្រុងនេះ មានកម្ពស់ខ្ពស់ជាប់ក្នុងប្រវត្តិសាស្ត្រដល់ជាង ៥ម៉ែត្រ កើនលើសកំណត់ត្រាពីមុន មានត្រឹមជាង ៤ម៉ែត្រ ដែលវាបានបង្កជាទឹកជំនន់ដ៏បំផ្លិចបំផ្លាញកាលពីឆ្នាំ១៩៤១។ ទន្ទឹមគ្នា អ្នកស្រុកចំនួន ៦៩,២០០នាក់ត្រូវបានបង្ខំឱ្យចាកចេញពីផ្ទះសម្បែងរបស់ពួកគេ ដោយទីភ្នាក់ងារការពារជនស៊ីវិលបាននិយាយថា មនុស្សជាងមួយលាននាក់ខ្វះលទ្ធភាពប្រើប្រាស់ទឹកស្អាត ចំពេលមានទឹកជំនន់។

អភិបាលរដ្ឋ Rio Grande do Sul លោក Eduardo Leite បាននិយាយថា រដ្ឋរបស់គាត់ នឹងត្រូវការ “ផែនការចំណាយដ៏ធំ” សម្រាប់ការវិនិយោគទៅលើគម្រោងជាច្រើន ដើម្បីកសាងឡើងវិញបន្ទាប់ពីគ្រោះមហន្តរាយធម្មជាតិដ៏អាក្រក់នេះ។ កន្លងមក ភ្លៀងធ្លាក់ខ្លាំងក៏ធ្លាប់បានវាយប្រហារលើរដ្ឋ Rio Grande do Sul ផងដែរកាលពីខែកញ្ញា ឆ្នាំមុន ក្រោមឥទ្ធិពលនៃព្យុះស៊ីក្លូនមួយដែលបានបង្កជាគ្រោះទឹកជំនន់សម្លាប់មនុស្សរហូតដល់ ៥០នាក់៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner