ជនជាតិប៊ូរុនឌីកៃច្នៃឡានអគ្គិសនី មានតម្លៃថោក រត់បានឆ្ងាយ និងដឹកមនុស្សបានច្រើន

ប៊ូយុំាប៊ូរ៉ា៖ អ្នកជំនាញមេកានិចដ៏ឆ្នើមមួយរូបនៅប្រទេសប៊ូរុនឌី បានជ្រើសរើសយកដំណោះស្រាយដ៏មានប្រសិទ្ធិភាពមួយ ដែលមានតម្លៃថោក និងមិនប៉ះពាល់ដល់បរិស្ថាន ហើយមានសក្តានុពលចំពោះការដឹកជញ្ជូនសាធារណៈ និងការខ្វះខាតប្រេងឥន្ធនៈ ដែលរដ្ឋធានី ប៊ូយុំាប៊ូរ៉ា របស់ប្រទេសគាត់កំពុងប្រឈមមុខ នោះគឺការបង្កើតរថយន្តអគ្គិសនី (EV)។

លោក Yves Mpawenayo ដែលជានាយកក្រុមហ៊ុនផលិតរថយន្តអគ្គិសនី ‘Electromeca’ បានកែច្នៃឡានអគ្គិសនីមួយប្រភេទ មានពណ៌ខៀវ និងរូបរាងប្លែក ដែលអាចផ្ទុកអ្នកដំណើរបានដល់ទៅ ៨នាក់ និងបើកបរបានចម្ងាយប្រហែល ១០០គីឡូម៉ែត្រ នៅពេលសាកថ្មពេញ។ ឡានអគ្គិសនីគំរូ (EV) របស់គាត់ គឺជាការច្នៃប្រឌិតដំបូងបង្អស់នៅក្នុងប្រទេសប៊ូរុនឌី ហើយស្នាដៃនេះ ក៏ជួយលោក Mpawenayo ឱ្យទទួលបានវិញ្ញាបនបត្របញ្ជាក់ពីគុណសម្បត្តិពីប្រធានាធិបតីប៊ូរុនឌី កាលពីពេលថ្មីៗនេះផងដែរ។

លោក Mpawenayo បានបញ្ជាក់ថា គម្រោងនេះបានចាប់ផ្តើមជាមួយនឹងកង់អគ្គិសនីតូចៗ ក៏ដូចជាម៉ូតូកង់បីអគ្គិសនីសម្រាប់ជនពិការ។ ប៉ុន្តែបន្ទាប់មក យើងបានដឹងថា យើងស្ថិតក្នុងស្ថានភាពដែលពិបាកធ្វើដំណើរនៅលើដងផ្លូវ ដូច្នេះហើយ ទើបយើងគិតចង់បង្កើតឡានអគ្គិសនីនេះឡើង ដើម្បីជួយសម្រួលដល់ការដឹកជញ្ជូន ព្រោះវាអាចដឹកមនុស្សបានយ៉ាងងាយស្រួលរហូតដល់ ៨នាក់។

លោកបន្ថែមថា គាត់គ្រោងនឹងបង្កើតក្រុមហ៊ុនផលិតរថយន្តដ៏ធំមួយ ប្រសិនបើលោកមានលទ្ធភាពធ្វើដូច្នេះ ពីព្រោះឡានអគ្គិសនីគំរូនេះ យើងរំពឹងថា នឹងអាចផលិតពួកវាបានច្រើន ប្រសិនបើយើងមានធនធានគ្រប់គ្រាន់ធ្វើវា។ លោកនាយកក៏បានបង្ហើបពីគម្រោងទៅថ្ងៃអនាគតថា គាត់គ្រោងនឹងដំឡើងបន្ទះស្រូបពន្លឺព្រះអាទិត្យនៅលើដំបូលឡាន ដែលគាត់ផលិត ហើយលោកចង់ឃើញឡានអគ្គិសនីគំរូរបស់ខ្លួន បើកបរពាសពេញដងផ្លូវនៃរដ្ឋធានី ប៊ូយុំាប៊ូរ៉ា៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner