បារាំងស្វែងរកជំនួយពីចិន ពន្លត់ភ្លើងសង្គ្រាមរុស្ស៊ីនៅអ៊ុយក្រែន
ប៉ារីស ៖ ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង នៅថ្ងៃចន្ទនេះ ត្រូវបានគេរំពឹងថា នឹងថ្លែងព្រមានទៅកាន់មេដឹកនាំចិន លោក ស៊ី ជីនពីង ប្រឆាំងនឹងការគាំទ្ររុស្ស៊ីក្នុងជម្លោះជាមួយអ៊ុយក្រែន ប៉ុន្តែក៏ស្វែងរកជំនួយពីលោក ស៊ី ដើម្បីស្វែងរកការបញ្ចប់សង្រ្គាមមួយនេះផងដែរ។
សារព័ត៌មានបារាំង AFP បានចុះផ្សាយថា លោក ស៊ី និងលោក ម៉ាក្រុង ក្នុងថ្ងៃចន្ទនេះ នឹងធ្វើកិច្ចពិភាក្សារួមគ្នាមួយនៅទីក្រុងប៉ារីស ព្រមទាំងប្រធានគណៈកម្មការសហភាពអឺរ៉ុប លោកស្រី យូស៊ុលឡា វ៉ុន ឌើ ឡេយេន សម្រាប់កិច្ចប្រជុំត្រីភាគីពេលព្រឹក អមដោយពិធីជប់លៀងថ្នាក់រដ្ឋដែលរៀបចំដោយលោក ម៉ាក្រុង នៅវិមានអេលីហ្សេ។
![](https://asset.ams.com.kh/central/media/2024/05/photo_2024-05-06_15-47-04-1024x688.jpg)
កាសែតបារាំង Le Figaro ក៏បានរាយការណ៍ដែរថា លោក ស៊ី បាននិយាយយ៉ាងដូច្នេះថា យើងសង្ឃឹមថា សន្តិភាព និងស្ថិរភាពនឹងត្រលប់មកអឺរ៉ុបវិញយ៉ាងឆាប់រហ័ស ហើយចិនមានបំណងធ្វើការជាមួយបារាំង និងសហគមន៍អន្តរជាតិទាំងមូល ដើម្បីស្វែងរកផ្លូវសាកសមដោះស្រាយវិបត្តិ។ រីឯអាទិភាពសំខាន់របស់លោក ម៉ាក្រុង គឺការព្រមានលោក ស៊ី អំពីគ្រោះថ្នាក់នៃការគាំទ្ររុស្ស៊ី។
គួរបញ្ជាក់ថា លោក ស៊ី កំពុងធ្វើដំណើរទស្សនកិច្ចផ្លូវរដ្ឋដ៏កម្រទៅកាន់ប្រទេសបារាំងដើម្បីប្រារព្ធខួប ៦០ឆ្នាំនៃទំនាក់ទំនងការទូតរវាងប្រទេសបារាំង និងចិន។ ការធ្វើដំណើរនេះគឺជាលើកទីមួយរបស់លោក ស៊ី ទៅកាន់ទ្វីបអឺរ៉ុបចាប់តាំងពីឆ្នាំ ២០១៩ ហើយលោក ស៊ី ក៏នឹងបន្តដំណើរទស្សនកិច្ចទៅកាន់ប្រទេសស៊ែប៊ី និងហុងគ្រី ក្នុងសប្តាហ៍នេះផងដែរ៕
![](https://asset.ams.com.kh/central/media/2024/05/photo_2024-05-06_15-47-03-1024x682.jpg)
![](https://asset.ams.com.kh/central/media/2024/05/photo_2024-05-06_15-47-01-1024x682.jpg)
ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា