ដំណាំបន្លែធម្មជាតិ ជាមុខរបរថ្មីនិងប្រភពចំណូល បន្ថែម របស់ អ្នកឃុំស្វាយជ្រំ

ស្វាយរៀង៖ដំណាំបន្លែធម្មជាតិជាច្រើនប្រភេទ បានក្លាយ ជា មុខរបរថ្មីនិងជាប្រភពចំណូលបន្ថែម សម្រាប់ ប្រជាពលរដ្ឋរស់ នៅភូមិ ត្របែក និងភូមិឃ្មត់ ឃុំស្វាយជ្រំ ស្រុកស្វាយជ្រំ ខេត្ត ស្វាយរៀង ។ផលដំណាំទាំងនេះទទួលការចាប់ អារម្មណ៍ ខ្លាំង ពីអ្នកទិញ ហើយក៏មានទីផ្សារនៅផ្សារស្រុក ស្វាយ ជ្រំផ្ទាល់ និងផ្សារផ្សេងទៀតក្នុងខេត្ត។

បន្ថែមលើការងារស្រែ ចម្ការ កសិករ ព្រហ្ម សារ៉ាន បាន ងាកមកប្រកបរបរដាំបន្លែធម្មជាតិដើម្បីបង្កើនចំណូល។បន្លែមានជាអាទិ៍ ត្រកួន ភ្លៅកង្កែប ស្ពៃ ត្រប់ ល្ពៅ ត្រឡាច ននោង ត្រសក់ កញ្ឆែត ដងវែក កណ្តៀង ស្លឹកគ្រៃ ស្លឹកខ្ទឹម ជីរណា ជីគ្រប់មុខ និងបន្លែផ្សេងៗច្រើនមុខទៀត។

កសិករ ព្រហ្ម សារ៉ាន បាននិយាយថា ដំណាំបន្លែរកចំណូល បានគួរសម ។ក្នុងមួយថ្ងៃអាច រកបានពីប្រាំមួយ ម៉ឺនរៀល ទៅ ១០ម៉ឺន រៀល។គ្រួសារលោក ក៏ដូចជាអ្នកក្នុងភូមិផ្សេងទៀត បានងាកមកនាំគ្នាដាំបន្លែចម្រុះ ។បន្លែត្រូវបាន យក មកលក់នៅ ទីផ្សារដោយ ខ្លួនឯង ឬមានឈ្មួញទិញយកទៅលក់បន្ត។

បន្ថែមទៅលើអ្វីដែល កសិករ ព្រហ្ម សារ៉ាន បានអះអាង ស្រ្តីអ្នកដាំបន្លែម្នាក់ទៀតឈ្មោះ ប៊ុន ភាព បាននិយាយថា ចំណូលពីការដាំ បន្លែបានជួយឱ្យជីវភាពគ្រួសារគាត់ប្រសើរ ជាង មុនមួយកម្រិតទៀត ។ក្នុងស្រះ ដែលដាំកញ្ឆែត យើង អាចចិញ្ចឹមត្រីបានថែមទៀត។ស្រ្តី ប៊ុន ភាព បានបន្តថា ការងារធ្វើស្រែចម្ការនៅតែធ្វើជាធម្មតា គ្រាន់តែបន្ថែមការដាំ បន្លែ លើដីនៅជុំវិញផ្ទះដែលសល់ទំនេរ។បន្លែអាចហូបចុក ប្រចាំថ្ងៃផង និងលក់ដូរបានប្រាក់ផង ។នេះជាចំណូលថ្មី។

បើតាមការបញ្ជាក់របស់ លោក តូច សេក ប្រធានការិយា ល័យ កសិកម្មស្រុកស្វាយជ្រំ កសិករដាំបន្លែចម្រុះនៅភូមិត្របែក និង ភូមិឃ្មត់មានចំនួន៣០គ្រួសារ ។ពួកគាត់យកមកលក់នៅផ្សារ ស្វាយជ្រំនិងមានការចងក្រងជាសហគមន៍លក់បន្តផងដែរ។

លោកបានបន្តថា កសិករដាំបន្លែ បានទទួលបច្ចេកទេស ដាំដុះ មន្រ្តីជំនាញកសិកម្ម ។ចំពោះ បញ្ហាប្រឈមវិញបច្ចុប្បន្ន ដោយ សារ អាកាសធាតុក្តៅខ្លាំងពេក ធ្វើឱ្យដំណាំបន្លែ មិនសូវហុច ផលល្អ។ដំណាំបន្លែក៏ត្រូវការទឹកជាចាំបាច់ផងដែរ។

ជាមួយនឹងការដាំដុះអាចផលិតបាននៅក្នុងស្រុក កសិករ យល់ថា ប្រសិនជាកាត់បន្ថយការនាំចូលបន្លែពីក្រៅប្រទេស នោះនឹងធ្វើឱ្យ បន្លែនៅក្នុងស្រុកលក់បានថ្លៃ។បែបនេះ នឹង លើកស្ទួយបន្លែក្នុងស្រុក។កសិករមានកម្លាំងចិត្ត ក្នុងការដាំ ដុះបន្ថែមទៀត៕


អត្ថបទនិងរូបភាព៖នុត នាង

ads banner